ខេត្តស្ទឹងត្រែង ៖ ទួលអង្ករខ្មៅជាទួលមួយស្ថិតនៅភូមិកាំងតេជោ ឃុំថាឡាបរិវ៉ាត់ ស្រុកថាឡាបរិវ៉ាត់ នៅក្រោយសាលាស្រុកចាស់ប្រមាណ៣០០ម៉ែត្រនៅលើទួលគ្មានប្រាសាទទេ ។
អង្ករខ្មៅនេះពុំដឹងថា មានប្រវត្តិយ៉ាងណាទេប៉ុន្តែរូបរាងរបស់វាដូចអង្ករយើងសុទ្ធសាធតែខ្មៅគ្រឹប ហើយក៏មិនដូចនឹងអង្ករដំណើបដែរ ។

អង្ករខ្មៅ រឺហៅថាអង្ករនាងខ្មៅហាក់មានន័យអាថ៌កំបាំងដោយពុំអាចមាននរណាសន្និដ្ឋានបានថា តើមូលហេតុអ្វីបានជាខ្មៅគ្រឹបយ៉ាងនេះ ? ហេតុអ្វីអង្ករនេះមិនអាចពុកផុយ និងរលួយ ពេលត្រូវទឹកនៅក្នុងដីរាប់រយឆ្នាំមកហើយ តើអង្ករខ្មៅគេទុកដាក់ដើម្បីអ្វី ?
ប្រជាពលរដ្ឋរស់នៅស្រុកថាឡាបរិវ៉ាត់ខេត្តស្ទឹងត្រែងបានចាត់ទុកគ្រាប់សំណាកអង្ករនាងខ្មៅ (ហៅថាអង្ករខ្មៅ) ជាសម្បត្តិវប្បធម៌ បន្សល់ទុកពីដូនតាតាំងពីសម័យកសាងប្រាសាទព្រះគោ ។
នៅក្នុងទឹកដីនៃខេត្តស្ទឹងត្រែងនាបច្ចុប្បន្ននេះ គេបានរកឃើញនៅសម្បត្តិបុរាណយ៉ាងច្រើនដូចជា ប្រាសាទព្រះគោប្រាសាទគូរ បឹងវាលរំពេរ៍ ត្រពាំងខ្នា និងមរតកមានតម្លៃជាច្រើនទៀត ជា ពិសេសនៅក្បែរប្រាសាទព្រះគោដែលមានទីកន្លែងទុកអង្ករខ្មៅ១កន្លែងតាំងពីសម័យដើមតែមិន ទាន់ឃើញមានការអភិរក្សនៅឡើយ ។

ពាក់ព័ន្ធទៅនឹងសំណាកអង្ករខ្មៅ ដែលបានបន្សល់ទុកពីដូនតាដែលមានទីតាំងស្ថិតនៅក្នុងឃុំ ថាឡាបរិវ៉ាត់ ស្រុកថាឡាបរិវ៉ាត់ខេត្តស្ទឹងត្រែងត្រូវបានលោកតា សៅមី អាយុ៨៦ឆ្នាំ នៅភូមិឃុំខាង លើ លោកតាបានឱ្យដឹងថា (អង្កខ្មៅ)នេះមាននៅសល់តាំងពីសម័យដើមនៅក្នុងឆ្នាំ១៩៤០មកម្លេះ ។ អង្ករនេះបានឃើញនៅតាមរណ្ដៅពីកន្លែងមួយទៅកន្លែងមួយមានច្រើន ដែលបង្ហាញពីភស្តុ តាងជារបស់ខ្មែរជំនាន់ដើម ។
លោកតាអះអាងថា អង្ករខ្មៅនេះលោកបានឃើញកាលពីអាយុជាង១០ឆ្នាំមក តែមកដល់ពេលនេះអង្ករខ្មៅនៅតែរក្សាបានរូបរាងភាពដើមដដែល គ្រាន់តែវានៅរាយប៉ាយ និងកប់ក្នុងដីខ្លះនៅលើគោកខ្លះ ចំណែកឆ្នាំងសំរាប់ដាំអង្ករនេះចាស់ជំនាន់ដើមបាននិយាយថា ពួកទ័ពសៀមបានគាស់យក ទៅបាត់ហើយ ។
លោកអ៊ន ប៉ោសឿន ប្រធានមន្ទីទេសចរណ៍ខេត្តបានទទួលស្គាល់ថា នៅទីតាំងដែលមានរូបសំណាក គ្រាប់អង្ករខ្មៅនេះពិតជារបស់ដូនតាបន្សល់ពីសម័យដើមមែន ហើយមន្ទីរទេសចរណ៍ក៏មានបំណង អភិរក្សសម្បត្តិបុរាណនេះ ឲ្យនៅគង់វង្សយូរអង្វែងសម្រាប់បម្រើឲ្យវិស័យទេសចរណ៍តែ កិច្ចការងារនេះវាពាក់ពន្ធ័ទៅខាងមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈច្រើនជាង ។

លោកបញ្ជាក់ថា បើតាមការពិនិត្យជាក់ស្តែងទីតាំងនេះអាចធ្វើការសំអាត និងជារបងព័ទ្ធជុំវិញដើម្បីជាបណ្តាញតភ្ជាប់ផ្សព្វផ្សាយឱ្យភ្ញៀវមកទស្សនាបានដោយចេញពីប្រាសាទព្រះគោ បន្តមក ទស្សនាតំបន់វប្បធម៌ អង្ករខ្មៅនេះទៀត ។
លោកសន សារឿន អភិបាលស្រុកឡាបរិវ៉ាត់បានគាំទ្រចំពោះ គំនិតផ្តួចផ្តើមនេះតែទីតាំង ដីអង្ករខ្មៅវាពាក់ព័ន្ធទៅហ្នឹងកម្មសិទ្ធរស់នៅរបស់ប្រជាពលរដ្ឋ ហើយក្នុងនាមអាជ្ញាធរលោក នឹងព្យាយាមទាក់ទងជាមួយពួកគាត់ផ្ទាល់ស្នើសុំការអភិរក្សឡើងវិញទុកជាប្រយោជន៍រួមទាំង អស់គ្នា ។
តាមរយៈសៀវភៅស្រាវជ្រាវរបស់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តស្ទឹងត្រែងបោះពុម្ពឆ្នាំ ២០០៦ បានសរសេរថា ដល់បច្ចុប្បន្ននេះពុំទាន់មានណរណាម្នាក់រកឃើញ ពីប្រភពអាថ៌កំបាំងនៅ ឡើយទេ គ្រាន់តែការសន្និដ្ឋានខុសៗគ្នាថា អង្ករនេះប្រហែលជាចាស់ៗ បីបុរាណយកអង្ករទៅត្រាំនឹងថ្នាំងឫស្សី ទុកយូរទៅបានជាខ្មៅ ។ ហើយអ្នកខ្លះទៀតនិយាយថា អង្ករខ្មៅនេះមានកំណើតមកខ្មៅពី កំណើតតែម្តង «គឺពូជខ្មៅ»
មានទស្សនៈមួយថា ពីសម័យបុរាណ(សម័យសាងប្រាសាទ) វិស្វករបុរាណបានយកអង្ករខ្មៅនេះ ទីត្រាំថ្មាំឫស្សីឈើម្យ៉ាងដែលផ្សំដោយឫស្សីឈើច្រើនមុខ ដើម្បីឱ្យអង្ករនេះខ្មៅទុកបានយូរ ដើម្បីទីសក្ការថ្វាយដល់ព្រះព្រហ្ម ឫព្រះឥសូរ ។

សៀវភៅស្រាវជ្រាវរបស់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តស្ទឹងត្រែងបានបញ្ជាក់ទៀតថា កាល សម័យបារាំងអង្ករខ្មៅនេះសំបូរណាស់នៅលើដីដែលប្រជាពលរដ្ឋកើបមកបាចជូនពរគ្នាទៅវិញ ទៅមកតែក្រោយមករាប់សិបឆ្នាំ ដោយសារប្រជាពលរដ្ឋនិយមកើបទៅទុកឯផ្ទះ និងដោយសារធម្ម ជាតិផងធ្វើឱ្យអង្ករខ្មៅខ្សត់ស្ទើរបាត់បង់ទៅហើយ ។
ឥឡូវគេចង់បានអង្ករខ្មៅ គេត្រូវជីករុករកនៅក្រោមដីប្រមាណកន្លះម៉ែត្រទៅ១ម៉ែត្រ និងឃើញអង្កខ្មៅឡាយឡំជាមួយដី ហើយយកអង្ករនោះទៅរែងក្នុងទឹកទើបបានជាអង្ករសុទ្ធសាធ អង្ករខ្មៅនេះប្រជាពលរដ្ឋប្រសិទ្ធនាមថា អង្ករសេរីសួស្តី ៕
ចែករំលែកព័តមាននេះ