មនុស្សបីនាក់បានស្លា.ប់បាត់បង់ជីវិត ដោយសារការឆេះឡានសាំងមួយគ្រឿងបណ្តាលមកពីការបូមសាំង និងការអាំងងាវ កាលពីយប់ថ្ងៃទី៧ ខែឧសភា ។ នេះបើតាមការផ្សាយរបស់នាយកដ្ឋាននគរបាលពន្លត់អគ្គិភ័យ និងសង្គ្រោះបានផ្សាយ កាលពីព្រឹកថ្ងៃទី៨ ខែឧសភានេះ ។

របាយការណ៍នេះនិយាយថា មនុស្សប្រុសស្រីចំនួន០៣នាក់ បានស្លា.ប់ក្នុងហេតុការណ៍គ្រោះថ្នាក់អគ្គិភ័យឆាបឆេះរថយន្តដឹកប្រេងមួយគ្រឿង ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១:៤០ នាទីយប់ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៥ មានករណីអគ្គិភ័យឆេះរថយន្តដឹកប្រេងចំនួ០១គ្រឿង រួចបន្តឆេះរាលដាលដល់ផ្ទះប្រជាពលរដ្ឋស្ថិតនៅចំណុច ភូមិ ព្រែកប្រស់ ឃុំ ទឹកថ្លា ស្រុក ព្រៃនប់ ខេត្តព្រះសីហនុ ។

ចំពោះរងការខូចខាតរួមមាន ៖ ឆេះរថយន្តដឹកប្រេងចំនួន០១គ្រឿង របស់ក្រុមហ៊ុន CLEAN ENERGlES (CE) ពាក់ស្លាកលេខភ្នំពេញ 4A-2820 ឆេះក្បាលរថយន្ត (អស់ទាំងស្រុង) នឹងបន្តឆេះរាលដាលដល់ផ្ទះប្រជាពលរដ្ឋចំនួន០២ខ្នង អស់ទាំងស្រុង និងម៉ូតូចំនួន០៥គ្រឿង និងទ្រព្យសម្បត្តិមួយចំនួនធំសរុបជាទឹកប្រាក់ចំនួន៥០.០០០ ម៉ឺនដុល្លារ ព្រមទាំងបណ្ដាលអោយស្លា.ប់មនុស្សចំនួន០៣នាក់ ។
ចំណែកម្ចាស់ផ្ទះរងគ្រោះម្ចាស់ផ្ទះទី១ ឈ្មោះ អ៊ុត ភាព ភេទស្រី អាយុ៤៩ឆ្នាំ មុខរបរ កម្មកររោងចក្រ ផ្ទះសង់អំពីឈើដំបូលប្រក់សង្ក័សី មានទំហំទទឹង០៤ម៉ែត្រ×បណ្ដោយ០៦ម៉ែត្រ (អស់ទាំងស្រុង) ។

ម្ចាស់ផ្ទះទី២ ឈ្មោះ មន ភក្ដី ភេទប្រុស អាយុ៤០ឆ្នាំ ត្រូវជាប្ដី និងប្រពន្ធឈ្មោះ បាត ស្រីមុំ ភេទស្រី អាយុ៣៥ ឆ្នាំ មុខរបរលក់ដូរ ផ្ទះសង់អំពីថ្ម ដំបូលប្រក់សង្ក័សី មានទំហំទទឹង០៧ម៉ែត្រ×បណ្ដោយ១៥ម៉ែត្រ (ឆេះផ្ទះអស់ទាំងស្រុង) និងបណ្ដាលអោយឆេះគ្រោះថ្នាក់ដល់កូនស្លា.ប់ចំនួន០៣នាក់រួមមានៈ ១. ឈ្មោះ យ៉ារី សុខសិលា ភេទប្រុស អាយុ១៨ឆ្នាំ (ស្លា.ប់នៅនឹងកន្លែងកើតហេតុ) ។ ២. ឈ្មោះ ភក្ដី រីតា ភេទស្រី អាយុ១៥ ឆ្នាំ (ស្លា.ប់នៅនឹងកន្លែងកើតហេតុ) ។ ៣. ឈ្មោះ ភក្ដី សំមេន ភេទប្រុស អាយុ១៣ ឆ្នាំ (ស្លា.ប់នៅនឹងកន្លែងកើតហេតុ) និងម្ដាយឈ្មោះ បាត ស្រីមុំ អាយុ៣៥ ឆ្នាំ (រងរបួសស្រាល) ។

មូលហេតុ: តាមការបំភ្លឺរបស់ឈ្មោះ ភក្ដី គារ៉ា ភេទប្រុស អាយុ១៧ឆ្នាំ ត្រូវជាកូនបង្កើតម្ចាស់ផ្ទះបានបញ្ជាក់ថា មុនពេលកើតហេតុរូបគាត់កំពុងបង្ហូរសាំងដាក់ប៊ីដុងពីរថយន្តដឹកប្រេង ដែលអ្នកបើកបររថយន្តរបស់ក្រុមហ៊ុន CLEAN ENERGlES បានបង្ហូរសាំងលក់ អោយទៅម្ចាស់ផ្ទះខាងលើ រួចគាត់បានបង្ហូរសាំងបានចំនួន០២ប៊ីដុង ក៏លើកយកមកទុកក្នុងផ្ទះ រួចហើយក៏បានបង្ហូរសាំងបន្ថែមទៀត ទើបតែបានកន្លះប៊ីដុង ពេលនោះដែរ ម្ដាយរបស់គាត់ក៏កំពុងអាំងងាវហូប នៅពីមុខផ្ទះ ភ្លាមៗនោះស្រាប់តែឆាបឆេះជាអគ្គិភ័យកើតឡើងតែម្ដង ។

ករណីអគ្គិភ័យខាងលើ កម្លាំងនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានចេញរថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកព្រៃនប់ចំនួន០២គ្រឿង បានប្រើប្រាស់ទឹកអស់ចំនួន០៣រថយន្ត ស្មើនឹង០១២ម៉ែត្រគូប ។
រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តកំពតចំនួន០២គ្រឿង បានប្រើប្រាស់ទឹកអស់០២រថយន្ត ស្មើនិង០៨ម៉ែត្រគូប ៕
ចែករំលែកព័តមាននេះ