ឃាតកម្មសម្លាប់មិត្តភក្តិរយៈពេល៣ឆ្នាំ បានស្រាយបំភ្លឺហើយ
- កណ្តាល
ខេត្តកណ្តាល ៖ ករណីឃាតកម្មមួយដែលកើតឡើងកាលពីចុងឆ្នាំ២០១៥ ត្រូវបានប្រជាពលរដ្ឋប្រទះ ឃើញ សាកសពមួយនៅសល់តែគ្រោងឆ្អឹង និងសម្លៀកបំពាក់ នៅចំណុចក្នុងព្រៃឫស្សីចម្ងាយពីផ្លូវលំ ប្រហែល១៥០ម៉ែត្រ ស្ថិតក្នុងភូមិតាឡឹក ឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៦ វេលាម៉ោង១១ និង១៥នាទី។ ជាក់ស្តែងនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ កងរាជអាវុធហត្ថខេត្តកណ្តាល សហការជាមួយ កងរាជអាវុធហត្ត ខេត្តបន្ទាយមានជ័យ និងខេត្តតាកែវ ដឹកនាំដោយជំនាញកងរាជអាវុធហត្ថលើផ្ទៃប្រទេស បំបែកសំណុំរឿងករណីឃាតកម្ម នៅស្រុកកណ្តាលស្ទឹង បន្ទាប់ពីធ្វើការស៊ើបអង្កេត ស្រាវជ្រាវ អស់រយៈពេលបីឆ្នាំបានហើយ។ មន្ត្រីជាន់ខ្ពស់របស់កងរាជអាវុធហត្ថខេត្តកណ្តាលបានប្រាប់ឲ្យដឹងថា៖ ករណីនេះសមត្ថកិច្ចជំនាញ ធ្វើការត្រួតពិនិត្យសាកសពធ្វើកោសល្យវិច្ច័យដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ តាមការពិនិត្យកន្លែងកើតហេតុ និងស្រាវជ្រាវ តាមការអះអាងបញ្ជាក់ពីឈ្មោះ ជុច សេង (ឪពុក សេង ប៊ុនលី) រស់នៅភូមិកុកទឹល ឃុំត្បែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល យើងធ្វើការសន្និដ្ឋានថា ជាករណីឃាតកម្ម (ប្លន់សម្លាប់យកម៉ូតូ) ហើយសពជនរងគ្រោះមានឈ្មោះ សេង ប៊ុនលី ភេទប្រុស អាយុ២២ឆ្នាំ រស់នៅក្នុងបន្ទុក ដោយសម្អាងលើសម្លៀកបំពាក់ និងខ្សែក្រវ៉ាត់ ហើយគាត់(ឪពុកសព) បាត់កូន(សេង ប៊ុនលី) តាំងពីថ្ងៃអុំទូកម្លេះ។


ជនល្មើសរូបនោះបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពជាមួយបក្ខពួកម្នាក់ទៀតឈ្មោះ ឆាយ ផារុត ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នករៀបចំឆាកភ្លេង(អកកាដង់) រស់នៅភូមិត្បែង ឃុំក្រាំងធ្នង់ ស្រុកបាទីខេត្តតាកែវ ធ្វើសកម្មភាពជាមួយគ្នាសម្លាប់ប្លន់យកម៉ូតូ ឈ្មោះ សេង ប៊ុនលី (សព)កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៥ វេលាម៉ោងជិត៦ល្ងាច នៅចំណុចក្នុងព្រៃឫស្សី ក្នុងស្រុកកណ្តាលស្ទឹងពិតប្រាកដមែន។ ដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញាអម សាលាដំបូង ខេត្តកណ្តាល ខេត្តបន្ទាយមានជ័យ ជំនាញកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោក ចៅក្រមស៊ើបសួរខេត្តកណ្តាល ទើបកម្លាំជំនាញកងរាជអាវុធហត្ថ ដឹងថាជនសង្សយ័ឈ្មោះ យឺន ចន្ទី មានដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ១៣១ ដក.បចខចុះថ្ងៃទី២៤ /៣/២០១៦ របស់ចៅក្រមស៊ើបសួរ សាលាដំបូងខេត្តកណ្តាល។ កម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាលបានសុំគោលការណ៍ និងការអនុញ្ញាតពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាលយកជនសង្សយ័ឈ្មោះ យឺន ចន្ទី ពីខេត្តបន្ទាយមានជ័យមកឃុំខ្លួននៅពន្ធនាគារខេត្តកណ្តាល (តាមដីកា) និងស្នើសុំ ពន្លាតសមត្ថកិច្ច ដែនដី ដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល ខេត្តតាកែវ នៅវេលាម៉ោង១១ព្រឹក ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៨ កម្លាំងអាវុធហត្ថ ខេត្តកណ្តាល ខេត្តតាកែវ សហការគ្នាហៅឈ្មោះ ឆាយ ផារុត នៅចំណុចមុខផ្ទះស្ថិតនៅភូមិត្បែង ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ យកមកសាកសួរនៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកណ្តាលស្ទឹង ខេត្តកណ្តាល។


ក្រោយពីដឹងព័ត៌មានថា សម្ថកិច្ចចាប់ខ្លួន ប៉ាត់ តុល រស់នៅភូមិ.ឃុំជាមួយគ្នា យកទៅឃុំខ្លួនក្នុងពន្ធនាគារខេត្តកណ្តាល ជាប់ពាក់ពាក់ពន្ធ័ករណីខាងលើ ពួកគេរត់ចេញពីមូលដ្ឋានគេចសម្ងំលាក់ខ្លួននៅកន្លែងផ្សេង រហូតដល់ពេលសមត្ថកិច្ចកងរាជអាវុធហត្ថ ឃាត់ខ្លួនជាបន្តបន្ទាប់។ នៅចំពោះមុខជំនាញកងរាជអាវុធខេត្តកណ្តាល ឈ្មោះ ឆាយ ផារ៉ុត ឆ្លើយសារភាពថា ខ្លួនប្រើប្រាស់ថ្នាំញៀន ការធ្វើតេស្តរកសារធាតុញៀនជាលទ្ធផលបញ្ជាក់ថា ឈ្មោះ ឆាយ ផារ៉ុត ពិតជាមានសារធាតុញៀន។ ដោយឡែក ឈ្មោះ ប៉ាត់ តុល ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅភូមិត្បែង ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ បច្ចុប្បន្នឃុំខ្លួនបណ្តោះអាសន្នក្នុងពន្ធនាគារខេត្តកណ្តាល ពុំបានចូលរួមធ្វើសកម្មភាព ក្នុងអំពើឃាតកម្មខាងលើនោះទេ។ នេះបើយោងតាមចម្លើយសារភាពរបស់ឃាតក ពិតប្រាកដគឺឈ្មោះ យឺន ចន្ទី និងឈ្មោះ ឆាយ ផារ៉ុត និងការស៊ើបអង្កេតស្រាវជ្រាវដោយដកចិត្តទុកដាក់របស់កម្លាំង ជំនាញកងរាជអាវុធហត្ថ។ បច្ចុប្បន្នជនសង្សយ័ឈ្មោះ យឺន ចន្ទី ត្រូវបានសមត្ថកិច្ចជំនាញ កងរាជអាវុធហត្ថខេត្តកណ្តាល បញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តកណ្តាល(តាមដីកា) រីឯជនសង្សយ័ឈ្មោះ ឆាយ ផារ៉ុត ជំនាញកងរាជអាវុធហត្ថខេត្តកណ្តាល បានកសាងសំណុំរឿង បញ្ជូនខ្លួនទៅសាលាដំបូង និងឃុំខ្លួននៅពន្ធនាគារខេត្តកណ្តាលរួចផងដែរ។ ចំណែកឈ្មោះ ប៉ាត់ តុល បន្តឃុំខ្លួនក្នុងពន្ធនាគារខេត្តកណ្តាលនៅឡើយ រង់ចាំការសម្រេចរបស់តុលាការ៕

ចែករំលែកព័តមាននេះ