ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​គ្រោង​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​នៅ​ស្ទឹង​ហាវ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កំណើន​វិនិយោគិន​ចិន​នៅ​តែ​បន្ត​មក​បណ្ដាក់ទុន​វិនិយោគ​នៅ​កម្ពុជា ស្ទើរ​គ្រប់​វិស័យ តាម​ការ​ស្នើ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ។ ជាក់ស្ដែង​បច្ចុប្បន្ន​នេះ មាន​វិនិយោគិន​ចិន​ជា​ច្រើន​បាន​មក​ដល់​កម្ពុជា និង​កំពុង​ស្វែងរក​ការ​វិនិយោគ​នានា ពិសេស​ក្នុង​ខេត្ត​ព្រះ​សីហ​នុ…

រាជធានី​ភ្នំពេញ ៖ កំណើន​វិនិយោគិន​ចិន​នៅ​តែ​បន្ត​មក​បណ្ដាក់ទុន​វិនិយោគ​នៅ​កម្ពុជា ស្ទើរ​គ្រប់​វិស័យ តាម​ការ​ស្នើ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ។ ជាក់ស្ដែង​បច្ចុប្បន្ន​នេះ មាន​វិនិយោគិន​ចិន​ជា​ច្រើន​បាន​មក​ដល់​កម្ពុជា និង​កំពុង​ស្វែងរក​ការ​វិនិយោគ​នានា ពិសេស​ក្នុង​ខេត្ត​ព្រះ​សីហ​នុ ដែល​ជា​ខេត្ត​សក្ដានុពល​ដ៏​សំខាន់​មួយ ។

ថ្មី​ៗ​នេះ វិនិយោគិន​ចិន​មួយ​ក្រុម​ទៀត​បាន​ប្រកាស​វិនិយោគ​នៅ​ក្នុង​ទឹកដី​ស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះ​សីហ​នុ ក្នុង​ទឹកប្រាក់​ប្រមាណ​១០០​ពាន់​លាន​យន់ ឬ​ជាង​១៦​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ទៅ​លើ​តំបន់​សេដ្ឋកិច្ច​ពិសេស និង​តំបន់​ពាណិជ្ជកម្ម (Commercial) ដោយ​គម្រោង​មួយ​នេះ នឹង​ចាប់ផ្ដើម​ជា​ផ្លូវការ​នៅ​ដើមឆ្នាំ​២០១៩​ខាង​មុខ ។

លោក Jing Long ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន Asia Pacific Xinhuifeng Financial Group ដែល​ជា​ម្ចាស់​គម្រោង​អភិវឌ្ឍន៍​បាន​ឲ្យ​ដឹង​ថា ការ​មក​ដល់​របស់​ក្រុម​ហ៊ុន​លោក​នៅ​ក្នុង​ប្រទេស​កម្ពុជា គឺ​បាន​សម្លឹង​មើល​ការ​វិនិយោគ​មួយ​នៅ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ និង​ជា​ការ​វិនិយោគ​ធំ​មួយ​របស់​ខ្លួន ។

លោក​ថា ៖« ការ​បណ្ដាក់ទុន​របស់​យើង​នៅ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ បាន​ផ្ដល់​ការងារ​យ៉ាង​ច្រើន​ដល់​ពលរដ្ឋ​កម្ពុជា ជា​ពិសេស​នោះ​នឹង​ជំរុញ​កំណើន​GDP​របស់​កម្ពុជា​ផង​ដែរ ពោល​គឺ​កំណើនសេដ្ឋកិច្ច​របស់​ប្រទេស​នេះ​តែ​ម្ដង » ។

លោក​បន្ត​ថា ការ​ជ្រើសរើស​យក​តំបន់​ស្ទឹង​ហាវ ខេត្ត​ព្រះ​សីហ​នុ គឺជា​គោលដៅ​វិនិ​យោគ​របស់​ខ្លួន ដោយសារ​តែ​លោក​មើលឃើញ​ថា តំបន់​នោះ​ស្ថិត​នៅ​មាត់​ឆ្នេរ​ដ៏​ធំ​របស់​កម្ពុជា ហើយ​ជា​តំបន់​ដែល​មាន​សក្ដានុពល​មួយ​ក្នុង​ការ​វិនិយោគ​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ។ ការ​អភិវឌ្ឍ​នៅ​ក្បែរ​មាត់ទឹក គឺ​មាន​សារសំខាន់​ណាស់​សម្រាប់​សកម្មភាព​ពាណិជ្ជកម្ម ហើយ​បើសិនជា​អាជីវកម្ម​នោះ​ដើរ​ល្អ ការ​អភិវឌ្ឍ​បន្តបន្ទាប់​ប្រាកដជា​លេច​រូបរាង​ឡើង ហើយ​សកម្មភាព​ពាណិជ្ជកម្ម​នៅ​តំបន់​នោះ​ក៏​កាន់តែ​ខ្លាំង​ឡើង​ផង​ដែរ ។

លោក​និយាយ​ថា ៖« តំបន់​ដែល​យើង​ជ្រើសរើស​សម្រាប់​មក​អភិវឌ្ឍន៍​នេះ​ដែរ ក៏​ជា​តំបន់​ដែល​មាន​កប៉ាល់​ធំ​ៗ​មក​ពី​ប្រទេស​ជា​ច្រើន​ត្រូវ​ឆ្លងកាត់ ដូចនេះ ការ​ដឹក​ជញ្ជូន​ក៏​ងាយ​ស្រួល​​សម្រាប់​ពួក​យើង​ក្នុង​ការ​ដឹក​ទំនិញ​ចេញចូល » ។

លោក​បន្ថែម​ថា ទំនាក់ទំនង​របស់​ចិន​និង​កម្ពុជា នឹង​មិន​ធ្វើ​ឲ្យ​មានការ​រារាំង​ដល់​ការ​វិនិ​យោគ​របស់​ខ្លួន​នៅ​កម្ពុជា​នោះ​ឡើយ ផ្ទុយ​ទៅ​វិញ ភាគី​ចិន​នឹង​ជំរុញ​ឲ្យ​សកម្មភាព​វិនិ​យោគ សេដ្ឋកិច្ច និង​ប្រាក់​ចំណូល​ពលរដ្ឋ​កម្ពុជា កាន់តែ​កើនឡើង​ច្រើន​ទៀត​ផង ។

លោក​បញ្ជាក់​ថា គម្រោង​វិនិយោគ​នៅ​ក្នុងស្រុក​ស្ទឹង​ហាវ នឹង​ត្រូវ​ចំណាយ​ទឹកប្រាក់​ប្រមាណ​១០០​ពាន់​លាន​យន់ ក៏​ប៉ុន្តែ​ទឹកប្រាក់​នេះ មិនមែន​ដាក់​ម្ដង​ទាំងស្រុង​ទេ ពោល​គឺ​វិនិយោគ​ជា​ដំណាក់កាល​ៗ ហើយ​ទឹកប្រាក់​១០០​ពាន់​លាន​យន់​នេះ​ដែរ នឹង​ត្រូវ​ប្រើ​ពេល​១០​ឆ្នាំ​ដើម្បី​អភិវឌ្ឍន៍ ដោយ​សាងសង់​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស សណ្ឋាគារ លំនៅ​ឋាន តំបន់​ពាណិជ្ជកម្ម មាន​ធនាគារ និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ផង​ដែរ ។

រាជរដ្ឋាភិបាល​កម្ពុជា​បាន​កំណត់​យក​ខេត្ត​ព្រះ​សីហ​នុ ជា​គោលដៅ​អភិវឌ្ឍន៍​តាម​គំរូ​របស់​​ទីក្រុង​ចិន គឺ​ទីក្រុង​ស៊ិ​ន​ជិន ។ តាំងពី​ពេល​នោះ​មក វិនិយោគិន​ចិន​ជា​ច្រើន​បាន​ចូល​ទៅ​វិនិយោគ​នៅ​ក្នុង​ខេត្ត​មាត់សមុទ្រ​មួយ​នេះ និង​បាន​ធ្វើ​សកម្មភាព​វិនិយោគ​នានា ទាំង​អចលនទ្រព្យ និង​វិស័យ​មួយ​ចំនួន​ទៀត​មាន​សន្ទុះ​ខ្លាំង ។

លោក​បណ្ឌិត ហុង វណ្ណៈ អ្នក​ស្រាវជ្រាវ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យសភាកម្ពុជា បាន​ថ្លែង​ថា កំណើន​នៃ​ការ​វិនិយោគ​របស់​ចិន​នៅ​កម្ពុជា ដោយសារ​ទំនាក់ទំនង​ល្អ​រវាង​រដ្ឋាភិបាល​ប្រទេស​ទាំង​ពីរ ដែល​បាន​ដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ ស្រប​ពេល​ចិន​ក៏​ចង់​ពង្រីក​ផលប្រយោជន៍​សេដ្ឋកិច្ច​ក្នុង​តំបន់​អាស៊ាន ហើយ​ចិន​អាច​ឈរជើង និង​អាច​យក​កម្ពុជា ជា​ចំណត​មួយ​ទាំង​ក្នុង​ទិដ្ឋភាព​នយោបាយ សេដ្ឋកិច្ច និង​ភូមិសាស្ត្រ​នយោ​បាយ ហើយ​ចិន​មិន​អាច​ឈរជើង​ជាមួយ​វៀតណាម ថៃ មី​យ៉ា​ន់​ម៉ា ដោយសារ​ប្រទេស​ទាំងនោះ​ជា​កូនក្រមុំ ក៏​ដូច​ជា​បាន​ងាក​ទៅ​រក​អា​មេ​រិ​ក ។

លោក​បន្ត​ថា ៖« ពី​មុន​មក ចិន​បាន​ចាប់ដៃ​ជាមួយ​មី​យ៉ា​ន់​ម៉ា ប៉ុន្តែ​ពេល​នេះ មី​យ៉ា​ន់​ម៉ា​បាន​ងាក​ទៅ​អា​មេ​រិ​ក ដូច្នេះ មាន​តែ​កម្ពុជា​ទេ ដែល​ចិន​អាច​ឈរជើង​បាន » ។

លោក​បន្ត​ថា ៖« ប្រវត្តិសាស្ត្រ​កម្ពុជា និង​ចិន​ក៏​មាន​ភាព​យូរអង្វែង ស្រប​ពេល​ចិន​បាន​ដាក់​ចេញ​គោលនយោបាយ​ផ្លូវ​សូត្រ ហើយ​ចិន​មាន​ប្រជាជន​ច្រើន លុយ​ច្រើន គាត់​ក៏​បង្ហូរ​មក​កាន់​អាស៊ី និង​អាហ្វ្រិក ដើម្បី​ផ្តល់​ការងារ​និង​ផលប្រយោជន៍​សេដ្ឋកិច្ច​ដល់​គាត់»។

លោក​បណ្ឌិត ហុង វណ្ណៈ បាន​បន្ត​ថា ស្រប​ពេល​កម្លាំង​ធនធាន​របស់​កម្ពុជា​មាន​កម្រិត ហេតុនេះ យើង​ត្រូវ​ទទួល​ជំនួយ​របស់​គេ​ដើម្បី​យក​មក​អភិវឌ្ឍន៍​ប្រទេស ។ បើ​គិត​អវិជ្ជ​មាន​ជា​រឿង​ផ្សេង តែបើ​គិត​ពី​វិជ្ជមាន គឺ​យើង​មាន​តម្រូវការ​ធនធាន និង​ការ​វិនិយោគ ដើម្បី​យក​មក​កសាង​ប្រទេស ។

លោក​បន្ត​ថា បើ​និយាយ​ពី​ចិន​វិនិយោគ​នៅ​ខេត្ត​ព្រះ​សីហ​នុ​វិញ គឺ​ចិន​ចូល​ចិត្ត​តំបន់​សមុទ្រ តំបន់​សមុទ្រ​ជា​គោលដៅ​របស់​ពួក​គេ និង​ជា​តំបន់​ដែល​មាន​សក្តានុពល​សេដ្ឋកិច្ច​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ