ខេត្តព្រះសីហនុ ៖ បច្ចុប្បន្ននេះ ទំនិញម្ហូបអាហារដែលអាជីវករដាក់លក់នៅក្នុុងផ្សារលើក្រុងព្រះសីហនុ មានគុណភាពល្អប្រសើរច្រើន បើប្រៀបធៀបនឹងពេលមុនៗ ។ នេះបើតាមការអះអាងរបស់មន្ត្រីកាំកុងត្រូលសាខាខេត្តព្រះសីហនុ ដែលសហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរពាក់ព័ន្ធចុះពិនិត្យគុណភាពផលិតផលម្ហូបអាហារចម្រុះនៅក្នុងផ្សារលើកាលពីព្រឹកថ្ងៃទី១៨ ធ្នូ ។
ការវាយតម្លៃនេះ ធ្វើឡើងក្រោយពីមន្ត្រីកាំកុងត្រូល ធ្វើតេស្តជាបឋមត្រួតពិនិត្យលើបន្លែ ត្រី សាច់ ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ និងត្រួតពិនិត្យពីកាលបរិច្ឆេទប្រើប្រាស់លើម្ហូបអាហារវេចខ្ចប់រួចហើយមិនបានរកឃើញលទ្ធផលអវិជ្ជមាន ។
ទោះជាយ៉ាងនេះក្តី បើតាមលោកព្រហ្ម ដូលីន ប្រធានសាខាកាំកុងត្រូលខេត្តបញ្ជាក់ថា លោកនឹងចាត់មន្ត្រីកាំកុងត្រូលសហការជាមួយស្ថាប័នពាក់ព័ន្ធចុះធ្វើការអង្កេតត្រួតពិនិត្យជាប្រចាំបន្តទៀត នៅគ្រប់ផ្សារក្នុងខេត្ត ដើម្បីធានានិរន្តរភាពសុវត្ថិភាពចំណីអាហារនៅតាមផ្សារ ទប់ស្កាត់ការដាក់លាយសារធាតុគីមីហាមឃាត់ ឬការដាក់លក់ផលិតផលម្ហូបអាហារខូចគុណភាព ។ ជាពិសេស គឺបង្កើនសកម្មភាពត្រួតពិនិត្យមុនពេលពិធីបុណ្យឆ្លងឆ្នាំសាកលដែលរំពឹងទុកថា នឹងមានអ្នកទេចរមកលេងកម្សាន្តច្រើននៅខេត្តព្រះសីហនុ ៕
ចែករំលែកព័តមាននេះ