ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្សែ​រថភ្លើង​ពី​សិរី​សោភ័ណទៅ​ប៉ោយ​ប៉ែ​ត នឹង​ដំណើរការ​មុន​បុណ្យចូលឆ្នាំ​ខ្មែរ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រាជរដ្ឋាភិបាល​នឹង​ផ្តល់​កាដូ​ធំ​មួយទៀត​ដល់​ប្រជាពលរដ្ឋ​ខេត្ត​បន្ទាយ​មាន​ជ័យ ក៏​ដូច​ជា​ទូ​ទាំង​ប្រទេស ដែល​ពួក​គេ​អាច​ធ្វើ​ដំណើរ​តាម​រថភ្លើង​ពី​ក្រុង​សិរី​សោភ័ណ ទៅ​កាន់​ក្រុង​ប៉ោយ​ប៉ែ​ត មុន​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ​ខាង​មុខ​នេះ។ កំណាត់​ផ្លូវ​រថភ្លើង​ពី​ក្រុង​ប៉ោយ​ប៉ែ​ត មក​ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ…

រាជធានី​ភ្នំពេញ ៖ រាជរដ្ឋាភិបាល​នឹង​ផ្តល់​កាដូ​ធំ​មួយទៀត​ដល់​ប្រជាពលរដ្ឋ​ខេត្ត​បន្ទាយ​មាន​ជ័យ ក៏​ដូច​ជា​ទូ​ទាំង​ប្រទេស ដែល​ពួក​គេ​អាច​ធ្វើ​ដំណើរ​តាម​រថភ្លើង​ពី​ក្រុង​សិរី​សោភ័ណ ទៅ​កាន់​ក្រុង​ប៉ោយ​ប៉ែ​ត មុន​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ​ខាង​មុខ​នេះ។

កំណាត់​ផ្លូវ​រថភ្លើង​ពី​ក្រុង​ប៉ោយ​ប៉ែ​ត មក​ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ មាន​ប្រវែង​៤៨​គីឡូម៉ែត្រ​បាន​បញ្ចប់​ការ​សាងសង់​រួចរាល់​ហើយ​កាលពី​ថ្ងៃ​ទី​១៣ កុម្ភៈ កន្លង​មកនេះ ។

បើ​តាម​មន្ត្រីជាន់ខ្ពស់​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន លោក លី បូ​រិ​ន អនុរដ្ឋ​លេខា​ធិការ និង​ជា​មន្ត្រី​ទទួល​បន្ទុក​ការងារ​ផ្លូវដែក បាន​ឲ្យ​ដឹង​នា​ល្ងាច​ថ្ងៃ​ទី​១៣ កុម្ភៈ ថា ខ្សែ​រថភ្លើង​នេះ​នឹង​មិន​ត្រឹមតែ​សម្រាប់​ផ្ទៃក្នុង​កម្ពុជា​នោះ​ទេ ប៉ុន្តែ​វាត​ភ្ជាប់​ជាមួយ​តំបន់​អាស៊ាន​​នា​ពេល​អនាគត និង​ភ្ជាប់​ជាមួយ​ប្រទេស​ចិន​ផង​ដែរ ហើយ​តាម​គម្រោង​ខ្សែ​រថភ្លើង​ភ្ជាប់​ជាមួយ​ប្រទេស​ថៃ ដឹក​ជញ្ជូន​ឆ្លងកាត់​កម្ពុជា អាច​ចាប់ផ្តើម​នៅ​ចុងឆ្នាំ​នេះ ឬ​ឆ្នាំ​២០១៩​ខាង​មុខ ។

លោក​បន្ត​ថា ចំណែក​កំណាត់​ផ្លូវដែក​ត​ភ្ជាប់​ពី​ក្រុង​សិរី​សោភ័ណ មក​កាន់​ក្រុង​បាត់ដំបង មាន​ប្រវែង​៦៥​គីឡូម៉ែត្រ​ក៏​ជិត​បញ្ចប់ ហើយ​ពិសេស​កា​រត​ភ្ជាប់​មក​កាន់​រាជធានី​ភ្នំពេញ ក៏​បាន​និង​កំពុង​សាងសង់​យ៉ាង​សកម្ម​ផង​ដែរ ។

ការ​ដឹក​ជញ្ជូន​តាម​ផ្លូវដែក ជា​ផ្នែក​មួយ​យ៉ាង​សំខាន់ ក្នុង​ការ​កាត់​បន្ថយ​ថ្លៃដើម​នៃ​ការ​ដឹក​ជញ្ជូន​ដែល​មាន​តម្លៃ​ថ្លៃ​នៅ​កម្ពុជា ព្រោះ​បច្ចុប្បន្ន​ការ​ដឹក​ជញ្ជូន​នៅ​កម្ពុជា​មាន​តម្លៃ​ថ្លៃ​ជាង​បណ្តា​ប្រទេស​នានា​នៅ​ក្នុង​តំបន់ ។

លោក វ៉ា ស៊ី​ម​សុរិយា អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​ថ្លែង​ថា ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​ជំរុញ​កំណើនសេដ្ឋកិច្ច​ទៅ​កាន់​កម្រិត​ថ្មី​មួយទៀត កម្ពុជា​ចាំបាច់​ត្រូវ​វិនិយោគ​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ ព្រោះ​ហេដ្ឋារចនាសម្ព័ន្ធ​ជា​ចំណុច​យុទ្ធសាស្ត្រ ក្នុង​ការ​សម្រួលការ​ដឹក​ជញ្ជូន​ឲ្យ​កាន់តែ​មាន​តម្លៃ​ទាប កាត់​បន្ថយ​ពេលវេលា និង​កាត់​បន្ថយ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍​ផង​ដែរ ។

លោក​បន្ត​ថា ៖« បើ​ចង់​អភិវឌ្ឍន៍​សេដ្ឋកិច្ច ត្រូវ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ ។ បើ​ចង់​ជំរុញ​ប្រទេស​កាន់តែ​រីក​ចម្រើន​លឿន ក៏​ត្រូវ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ដែរ » ។

ទោះជា​យ៉ាងណា លោក​បណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សា​ជាន់ខ្ពស់​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋ​កិច្ចជាតិ ​បាន​ថ្លែង​ថា មានការ​លើក​ឡើង​ថា កា​រត​ភ្ជាប់​បណ្តាញ​រថភ្លើង​រវាង​ប្រទេស​កម្ពុជា​-​ថៃ ជា​ការ​ល្អ​ប្រសើរ​សម្រាប់​ទំនាក់ទំនង​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ ប៉ុន្តែ​មានការ​ព្រួយបារម្ភ​ថា តើ​បណ្តាញ​ខ្សែ​រថភ្លើង​នេះ​មាន​ទំនិញ​គ្រប់គ្រាន់​សម្រាប់​ដឹក​ជញ្ជូន​ដែរ​ឬទេ ?

លោក​បន្ត​ថា ៖« ទោះជា​យ៉ាងណា ការ​ភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ ជា​រឿង​ល្អ​ប្រសើរ​សម្រាប់​ក្របខ័ណ្ឌ​ផ្ទៃក្នុង​កម្ពុជា​ផង និង​សម្រាប់​ក្របខ័ណ្ឌ​តំបន់​ផង ដែល​ជា​ផ្នែក​មួយ​នៃ​ការ​ធ្វើ​សមាហរណកម្ម​អាស៊ាន » ។

លោក​បន្ត​ទៀត​ថា ៖« វា​នឹង​ជួយ​កាត់​បន្ថយ​តម្លៃ​នៃ​ការ​ដឹក​ជញ្ជូន ក៏​ដូច​ជា​ជួយ​សម្រួល​ដល់​លំហូរ​ភ្ញៀវ​ទេសចរ​ផង​ដែរ » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ