ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ភូមិ​នៅ​ខេត្តស្ទឹងត្រែង​កំពុង​រក​ចំណូល​ពី​ការ​លក់​បន្លែ​ធម្មជាតិ

6 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ ជា​រៀងរាល់ថ្ងៃ ចាប់ពី​ម៉ោង​៦​ព្រឹក នៅ​ផ្សារ​ក្រមួន ដែល​ស្ថិត​នៅ​ផ្លូវ​តូច​ចង្អៀត​មួយ​ខាងក្រោយ​មន្ទីរពេទ្យ​បង្អែក​ខេត្ត មានការ​ប្រមូលផ្ដុំ​រវាង​អាជីវករ ឈ្មួញ​កណ្តាល​​ទន្ទឹងរង់ចាំ​ទិញ​បន្លែ និង​ត្រី​ស្រស់​ៗ​ដែល​កសិករ​ដឹក​តាម​ទូក​ពី​បណ្តា​ភូមិ​ជា​ច្រើន​ចូល​មក​កាន់​ទីប្រជុំជន​មួយ​នេះ ដើម្បី​ដោះ​ដូរ​ផលិតផល​របស់​ខ្លួន…

ខេត្តស្ទឹងត្រែង ៖ ជា​រៀងរាល់ថ្ងៃ ចាប់ពី​ម៉ោង​៦​ព្រឹក នៅ​ផ្សារ​ក្រមួន ដែល​ស្ថិត​នៅ​ផ្លូវ​តូច​ចង្អៀត​មួយ​ខាងក្រោយ​មន្ទីរពេទ្យ​បង្អែក​ខេត្ត មានការ​ប្រមូលផ្ដុំ​រវាង​អាជីវករ ឈ្មួញ​កណ្តាល​​ទន្ទឹងរង់ចាំ​ទិញ​បន្លែ និង​ត្រី​ស្រស់​ៗ​ដែល​កសិករ​ដឹក​តាម​ទូក​ពី​បណ្តា​ភូមិ​ជា​ច្រើន​ចូល​មក​កាន់​ទីប្រជុំជន​មួយ​នេះ ដើម្បី​ដោះ​ដូរ​ផលិតផល​របស់​ខ្លួន ដែល​ជា​ទូទៅ មាន​ទាំង​បងប្អូន​ជនជាតិ​ដើម​ភាគតិច លាវ​កាត់​ខ្មែរ ចិន វៀតណាម និង​ពលរដ្ឋ​ខ្មែរ ។

ផ្សារ​មួយ​នេះ​បាន​ជួយ​លើកតម្កើង​កម្រិតជីវភាព​របស់​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​បាន​មួយ​ចំណែក​​ធំ តាម​រយៈ​ការ​ដោះ​ដូរ​ទំនិញ​ទៅ​តាម​រដូវ​កាល ពិសេស​គឺ​បន្លែ​ធម្មជាតិ ដូច​ជា ផ្កា​អណ្តែង ត្រួយ​ស្លឹក​ច្រេស គម​ត្រែង ត្រួយ​ស្មាច់ ត្រួយ​ស្លឹក​កណ្តោល ត្រួយ​ស្លឹក​ពោន ផ្កា​ស្តៅ និង​ផ្សិត​រងា ។ ចំណែក​នៅ​រដូវ​ធ្លាក់​ភ្លៀង​មួយ​មេ​ៗ មាន​ផ្សិត​ក្ងោក ផ្សិត​ប៉ក់ ស្លឹក​បាស ផ្ទី ត្រពាំង ស្អំ ក្រអៅឈូក និង​ក្រសាំងទាប ដែល​សុទ្ធ​សឹង​ជា​បន្លែ​ធម្មជាតិ ។

ក្រៅពី​នេះ ក៏​មាន​បន្លែ​ដែល​កសិករ​ដាំ​ដុះ​ផង​ដែរ ដូច​ជា ត្រកួន តាសក់ ត្រឡាច ឃ្លោក ល្ពៅ សណ្តែក ស្ពៃ និង​ខាត់ណា ជាដើម ។

ចំពោះ​ការ​លក់ដូរ​របស់​បងប្អូន​នៅ​ទីផ្សារ​ក្រមួន​នេះ នៅ​មាន​លក្ខណៈ​ជា​ប្រពៃណី​នៅឡើយ ដោយ​ចង​បាច់​ឬ​ដុំ ចំណែក​ត្រី​សាច់​ចង​ជា​ចង្កោម ឬ​ដោត​ជា​ចង្កាក់ ។

ក្រុម​ឈ្មួញកណ្តាល​បាន​លើក​ឡើង​ថា ការ​លក់ដូរ​លើ​ទីតាំង​ផ្សារ​នេះ មាន​ភាព​ខុស​គ្នា​ជាមួយ​ផ្សារ​ធំ​ៗ ដោយសារ​អ្នក​ជនបទ​ពុំ​មាន​តូប​លក់ដូរ​ត្រឹមត្រូវ​ដូច​អាជីវករ​នៅ​ក្រុង​ទេ។

ក្រុម​ឈ្មួញ​និយាយ​ថា ៖« ផ្សារ​នេះ នៅ​ពេល​ព្រឹក​ឡើង កសិករ​បាន​នាំ​យក​បន្លែ ផ្លែ​ឈើ និង​ត្រី​សាច់​មក​លក់ ហើយ​យើង​ត្រូវ​ស្រូត​មក​ទិញ ព្រោះ​ពួក​គាត់​ប្រញាប់​ទៅ​ប្រកប​ការងារ​វិញ »​។

ឈ្មួញ​ដដែល​បន្ដ​ថា ពួក​គាត់​តែង​មក​ទិញ​បន្លែ និង​ត្រី​សាច់​នៅ​ផ្សារ​ក្រមួន​នេះ ព្រោះ​ជា​បន្លែ​ធម្មជាតិ ត្រី​ទន្លេ​ស្រស់​ៗ និង​មាន​តម្លៃ​សមរម្យ ។

ពួក​គេ​បន្ត​ថា ជា​ទូទៅ ការ​លក់ដូរ​នៅ​ផ្សារ​នេះ គឺ​ចាប់ពី​ព្រលឹម​ស្រាង​ៗ រហូត​ដល់​ម៉ោង​១០​និង​៣០​នាទី​ព្រឹក នឹង​ចាប់ផ្តើម​ស្ងាត់​មនុស្ស​ម្នា​ជា​បណ្ដើរ​ៗ​ហើយ ។ ចំណែក​ពួក​គាត់​ត្រូវ​យក​បន្លែបង្កា​ទាំងនោះ​ទៅ​លក់​បន្ត​នៅ​តូប​ផ្សារ​ធំ​វិញ ដើម្បី​បាន​ប្រាក់​ចំណេញ​បន្ដិច​បន្ដួច​សម្រាប់​ជីវភាព​គ្រួសារ ។

ទោះជា​យ៉ាងនេះ​ក្ដី ផ្សារ​ក្រមួន​នេះ បើ​តាម​អាជ្ញាធរ​បញ្ជាក់​ថា វា​គ្រាន់តែ​ជាទី​តាំង​លក់ដូរ​ឆក់កណ្តៀត​ប៉ុណ្ណោះ និង​ត្រូវ​ជម្លៀស​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយទៀត ក្រោយ​អាជ្ញា​ធរមាន​តម្រូវការ​រៀបចំ​សណ្តាប់ធ្នាប់ និង​របៀបរៀបរយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ