រាជធានីភ្នំពេញ ៖ បុរសជនសង្ស័យជាមុខសញ្ញាចាស់ជំនាញខាងគាស់ឃ្លាំងលួចសម្ភារម្នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ទំនប់ទឹកចាប់ឃាត់ខ្លួន ខណៈពេលដែលរូបគេកំពុងតែធ្វើការសកម្មភាពគាស់ឃ្លាំងផ្ទុកសម្ភារចាស់ៗមួយកន្លែង ហើយត្រូវម្ចាស់គេមកទាន់ ដោយកាលពីពេលកន្លងមករូបគេក៏ធ្លាប់បានធ្វើសកម្មភាពគាស់ទ្វារចូលលួចម្តងរួចមកហើយដែរនោះ ។
ការចាប់ឃាត់ខ្លួននេះដែរ បានធ្វើឡើងកាលពីវេលាម៉ោង០៩និង១៥នាទីព្រឹក ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចឃ្លាំងលេខ១៨៦ ផ្លូវលេខ២១៧ ក្រុម២៦ ភូមិ៤ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន ។
តាមប្រភពព័ត៌មានពីនគរបាលបានប្រាប់ឱ្យដឹថា បុរសជាជនសង្ស័យដែលបានឃាត់ខ្លួនមានឈ្មោះ សួន ឆវី ហៅ វី អាយុ២៦ឆ្នាំ មុខរបរ និងទីលំនៅមិនពិតប្រាកដ មានស្រុកកំណើតនៅភូមិវាលមាស ឃុំព្រៃនប់ ស្រុកវាលរេញ ខេត្តព្រះសីហនុ ។
មុនពេលកើតហេតុ បុរសជាជនសង្ស័យបានធ្វើដំណើរដោយថ្មើរជើងតែម្នាក់ឯង និងបានកាត់សោទ្វារគាស់ទ្វារឃ្លាំង ផ្ទុកសម្ភារចាស់ៗមួយដែលមានដូចជា ម៉ូទ័របូមទឹក ទុយោទឹក រួមទាំងសម្ភារជាច្រើនទៀតនៅខាងក្នុងឃ្លាំងខាងលើនេះផងដែរ ។
តាមប្រភពដដែលបានប្រាប់បន្តទៀតថា ក្រោយពេលដែលបុរសជាជនសង្ស័យម្នាក់ខាងលើបានកាត់សោ និងចូលទៅធ្វើការរើរុះនៅខាងក្នុងឃ្លាំងខាងលើនោះ ក៏ស្រាប់តែម្ចាស់ទាន់ និងចាប់ខ្លួន រួមទាំងឧបករណ៍ប្រើប្រាស់សម្រាប់ធ្វើសកម្មភាពមួយចំនួនទៀត យកមកប្រគល់ឲ្យនគរបាលប៉ុស្តិ៍ទំនប់ទឹកតែម្តង ។ ដោយកាលពីពេលកន្លងមក ឃ្លាំងផ្ទុកសម្ភារខាងលើនេះ ត្រូវបានគេលួចគាស់ និងលួចយកសម្ភារៈអស់ជាច្រើនម្តងរួចមកហើយ លុះពេលនេះទើបម្ចាស់មកទាន់ និងចាប់ឃាត់ខ្លួនបានបុរសជាជនសង្ស័យម្នាក់ខាងលើនេះតែម្តង ។
ក្រោយពេលដែលម្ចាស់ឃ្លាំងខាងលើចាប់បញ្ជូនខ្លួន បុរសជាជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់រូបនេះ យកមកប្រគល់ឱ្យកម្លាំងនគរបាលប៉ុស្តិ៍ទំនប់ទឹក រួចមកធ្វើការសាកសួរនោះ ឆ្លើយសារភាពថា «កាលពីពេលកន្លងមក រូបគេធ្លាប់បានធ្វើសកម្មភាពគាស់ឃ្លាំងខាងលើលួចយកបានសម្ភារមួយចំនួនម្តងរួចមកហើយ លុះពេលនេះមកម្តងទៀត ក៏ត្រូវម្ចាស់គេមកទាន់ និងចាប់ខ្លួនតែម្តង» ហើយក៏ត្រូវធ្វើកំណត់ហេតុ និងបញ្ជូនទៅកាន់អធិការដ្ឋានខណ្ឌចំការមន ដើម្បីចាត់ការទៅតាមផ្លូវច្បាប់ជាបន្តទៅទៀតផងដែរ ៕




ចែករំលែកព័តមាននេះ