ខេត្តបន្ទាយមានជ័យ ៖ ទំនាស់ដីធ្លីតំបន់អតីតខ្មែរក្រហមអូសបន្លាយជិត២០ឆ្នាំទើបដោះស្រាយបញ្ចប់ ត្រូវបានវាស់វែង ធ្វើប្លង់កម្មសិទ្ធជូន២គ្រួសារនៅព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិតភូមិអំពីល ឃុំទួលពង្រ ស្រុកម៉ាឡៃ។ លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យបានប្រាប់ថា៖ ទំនាស់ដីធ្លីរវាងឈ្មោះ ហេង ឈុន ភេទប្រុស និងឈ្មោះ អៀម រីម ភេទប្រុស បានកើតឡើងជិត២០ឆ្នាំមកហើយដែលដោះស្រាយមិនចេញមិនបានធ្វើប័ណ្ណកម្មសិទ្ធ ក្រោយពេលដែលគណៈកម្មការដោះស្រាយទំនាស់ដីធ្លីខេត្តបន្ទាយមានជ័យទទួលបណ្តឹងហើយបានឲ្យក្រុមការងារខេត្តសហការស្រុកម៉ាឡៃចុះពិនិត្យស្រាវជ្រាវទីតាំង និងប្រវត្តិដីហើយកោះប្រជុំរកដំណោះស្រាយទំនាស់ជូន ប្រជាពលរដ្ឋ ២គ្រួសារ ត្រូវបានដោះស្រាយបញ្ចប់នៅអំឡុងចុងឆ្នាំ២០១៧។

លោកបានបញ្ជាក់ថា៖ ក្រោយពេលដោះស្រាយ ទំនាស់បញ្ចប់បានបង្កើតគណៈកម្មការចុះវាស់វែងដីធ្លី និងកំណត់ព្រំជូនប្រជាពលរដ្ឋដែលពាក់ព័ន្ធមានចំនួន៦គ្រួសារ ដើម្បីបញ្ចប់រឿងហើយធ្វើប័ណ្ណកម្មសិទ្ធជូនប្រជាពលរដ្ឋស្ថិតភូមិអំពីល ឃុំទួលពង្រ ស្រុកម៉ាឡៃ។ ប្រជាពលរដ្ឋទាំង ៦គ្រួសារដែលជាអ្នកពាក់ព័ន្ធបានថ្លែងអំណគុណចំពោះគណៈកម្មការដោះស្រាយទំនាស់ដីធ្លីដែលដឹកនាំដោយលោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ និងតំណាងលោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ ដែលបានដោះស្រាយ ទំនាស់ដែលជាប់គាំងជិត២០ឆ្នាំត្រូវបានដោះស្រាយបញ្ចប់ហើយធ្វការវាស់វែង និងធ្វើប័ណ្ណកម្មសិទ្ធជូនប្រជាពលរដ្ឋ ដោយស្រប់ច្បាប់ទៀតផង៕

ចែករំលែកព័តមាននេះ