ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគារ​កាស៊ីណូ​ដ៏​ចំណាស់​លើ​កំពូលភ្នំ​បូកគោ​ក្លាយជា​សណ្ឋាគារ​ដ៏​ប្រណីត​ប្រកាស​បើកទ្វារ​ថ្ងៃ​9​កុម្ភៈ

6 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ ពិតជា​មានការ​ចាប់អារម្មណ៍​កាលបើ​អគារ​កាស៊ីណូ​សល់​ពី​អតីតកាល​លើ​កំពូលភ្នំ​បូកគោ បាន​ប្រែ​រូបរាង​ជា​អគារ​ដ៏​ប្រណីត​មួយ​រក​នឹក​ស្មាន​មិន​ដល់​នា​ពេល​នេះ ។ ពិតជា​គួរ​ឱ្យ​ចាប់អារម្មណ៍​ចំពោះ​សំណង់​ម៉ូ​ដ​នៃ​អគារ​ដែល​បាន​សាងសង់​តាំងពី​សម័យ​អាណានិគម​បារាំង​មក គឺ​មាន​អាយុកាល​ជិត​១០០​ឆ្នាំ​មក​ហើយ តែ​នៅ​ឈរ​យ៉ាង​រឹង​មាំ​លើ​កំពូលភ្នំ ទោះបី​ត្រូវ​បាន​បោះបង់​ចោល​តាម​សម័យកាល​ដ៏​ក្រឡាប់ចាក់​នៅ​កម្ពុជា​ក្តី ។…

ខេត្តកំពត ៖ ពិតជា​មានការ​ចាប់អារម្មណ៍​កាលបើ​អគារ​កាស៊ីណូ​សល់​ពី​អតីតកាល​លើ​កំពូលភ្នំ​បូកគោ បាន​ប្រែ​រូបរាង​ជា​អគារ​ដ៏​ប្រណីត​មួយ​រក​នឹក​ស្មាន​មិន​ដល់​នា​ពេល​នេះ ។ ពិតជា​គួរ​ឱ្យ​ចាប់អារម្មណ៍​ចំពោះ​សំណង់​ម៉ូ​ដ​នៃ​អគារ​ដែល​បាន​សាងសង់​តាំងពី​សម័យ​អាណានិគម​បារាំង​មក គឺ​មាន​អាយុកាល​ជិត​១០០​ឆ្នាំ​មក​ហើយ តែ​នៅ​ឈរ​យ៉ាង​រឹង​មាំ​លើ​កំពូលភ្នំ ទោះបី​ត្រូវ​បាន​បោះបង់​ចោល​តាម​សម័យកាល​ដ៏​ក្រឡាប់ចាក់​នៅ​កម្ពុជា​ក្តី ។ ទោះជា​បែប​ណា អគារ​ដ៏​ស្គឹ​ម​ស្កៃ​នោះ​នៅ​តែ​ស្ថិត​ក្នុង​ក្រអៅបេះដូង​ខ្មែរ​គ្រប់​រូប ពី​ព្រោះថា​សម្រាប់​អ្នក​ដែល​បាន​ឡើង​ទៅ​កំពូលភ្នំ​បូកគោ គឺ​តែងតែ​ទៅ​លេង ឬ​ទៅ​មើល​អគារ​អតីត​កាស៊ីណូ​នោះ​គ្រប់​ៗ​គ្នា ជាមួយនឹង​ការ​គិត​ផ្សេង​ៗ​គ្នា​ទាក់ទិន​នឹង​អគារ​នេះ ។

ជណ្តើរ​ឡើង​ទៅ​កាន់​អគារ​

សណ្ឋាគារ ឡឺ​បូកគោ​ផា​ឡេ​ស គឺជា​ឈ្មោះ​ដែល​បាន​ប្រសិទ្ធ​នាម​លើ​អគារ​ជា​សម្បត្តិ​ជាតិ​នេះ ដែល​រចនា​ម៉ូ​ដ​ដោយ​វិស្វករ​បារាំង និង​អុី​តា​លី នៅ​ក្នុង​សម័យកាល​ប្រទេស​បារាំង​ធ្វើ​អាណាព្យាបាល មក​លើ​ប្រទេស​កម្ពុជា​។ ការ​ពិត​ទៅ​សណ្ឋាគារ​-​កាស៊ីណូ​បូកគោ​ធ្លាប់​បើក​សម្ពោធ​ជា​លើក​ដំបូង​នៅ​ឆ្នាំ​១៩២៥ នា​សម័យ​អាណានិគម និង​លើក​ទី​២​ក្នុង​សម័យ​សង្គមរាស្ត្រនិយម​ឆ្នាំ​១៩៦២ និង​បាន​បោះបង់ ឬ​ទុក​ចោល​ក្នុង​សម័យ​សង្គ្រាម ។ ថ្មី​ៗ​នេះ​ត្រូវ​ធ្វើការ​ជួសជុល​កែ​លម្អ​លាបថ្នាំ និង​តុង​តែង​ឡើងជា​ថ្មី អស់​រយៈពេល​ជា​ច្រើន​ខែ​កន្លង​ទៅ និង​គ្រោង​បើក​ឱ្យ​ដំណើរការ​លើក​ទី​៣ ទទួលភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​នា​ថ្ងៃ​ទី​៩ កុម្ភៈ​ខាង​មុខ​នេះ ។

តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រុមហ៊ុន​សុខា​អូ​តែ​ល កាលពី​ថ្ងៃ​ទី​៦ កុម្ភៈ ឱ្យ​ដឹង​ថា សណ្ឋាគារ​ឡឺ​បូកគោ​ផា​ឡេ​ស​( Le Bokor Palace) សាងសង់​លើ​ផ្ទៃដី ជាង​១​ហិ​កតា មាន​កម្ពស់​៤​ជាន់ ស្មើនឹង​៣៦​បន្ទប់ ដែល​មាន​អាយុកាល​ជិត​១០០​ឆ្នាំ​(១៩២៥-២០១៨)​មាន​ទីតាំង​ស្ថិត​នៅ​ចន្លោះ​តំបន់​ព្រៃ​ត្រូពិច​និង​ឆ្នេរសមុទ្រ​បៃតង​លើ​ឧទ្យាន​ជាតិ​ព្រះ​មុនី​វង្ស​បូកគោ ក្បែរ​ក្រុង​កំពត សម្រាប់​បម្រើ​ជូន​រាជវង្សានុវង្ស​និង​អភិជន​ជា​ច្រើន​ទសវត្សរ៍ ។ សណ្ឋាគារ​ត្រូវ​បាន​បើក​ឡើង​វិញ នៅ​ដើមឆ្នាំ​១៩៦២ ដោយ​ព្រះករុណា​ព្រះបាទ​សម្តេច ព្រះ​នរោត្តម​សីហ​នុ ដែល​ផ្តល់​សេវាកម្ម​ជូន​មន្ត្រីជាន់ខ្ពស់ រាជរដ្ឋាភិបាល និង​ពាណិជ្ជករ​ដែល​មានទ្រព្យ​សម្បត្តិ​ស្ដុកស្ដម្ភ ហើយ​វា​ក៏​ជា​កន្លែង​វិស្សម​កាលដែល​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​នរោត្តម សីហ​នុ ចូល​ចិត្តជា​ទីបំផុត ។

លោក​FRUGERE F. Philippe អ្នកគ្រប់គ្រង​ទូទៅ​នៃ​សណ្ឋាគារ​ឡឺ បូកគោ​ផា​ឡេ​សបាន​មាន​ប្រសាសន៍​ថា​៖«​ឡឺ​បូកគោ​ផា​ឡេ​ស​ជា​សណ្ឋាគារ​ប្រវត្ដិសាស្ត្រ និង​ជា​រតនសម្បត្ដិ​របស់​ប្រទេស​កម្ពុជា ។ ក្រុមហ៊ុន​បាន​ជួសជុល​សំណង់​អគារ​នេះ​សារ​ជា​ថ្មី ដោយ​រក្សា​ទុក​នូវ​លក្ខណៈ​ពិសេស​របស់​ស្ថាបត្យកម្ម​នេះ និង​បង្កើត​ឡើង​វិញ​នូវ​រចនា​បទ​ផ្ទៃ​ខាងក្នុង​បែប​អាណានិគម ជាមួយនឹង​គ្រឿង​បំពាក់​បន្ទប់ទឹក​ដែល​នាំ​ចូល​មក​ពី​ប្រទេស​អុ​ី​តា​លី និង​ឥដ្ឋការ៉ូ​ដ៏​ប្រណីត​ដែល​នាំ​ចូល​ពី​ប្រទេស​អេ​ស្ប៉ា​ញ​» ។

អគារ​ចំណាស់​ដែល​ឈរ​យ៉ាង​កម្សត់លើ​កំពូល​ភ្នំ

លោក​បន្ត​ថា ក្រោយ​ពី​ជួសជុល​រួចរាល់ សំណង់​អគារ​អាណានិគម​ដ៏​ធំ​ស្គឹ​ម​ស្កៃ​នេះ​នឹង​ត្រូវ​បាន​បើក​សម្ពោធ​ជា​ថ្មី​ម្តងទៀត នា​ពេល​ខាង​មុខ​នេះ មាន​បន្ទប់​ស្នាក់​នៅ​និង​បន្ទប់​ស្វី​ត​ដ៏​ប្រណីត​ចំនួន​៣៦​បន្ទប់ ភោជនីយដ្ឋាន​ចំនួន​២ ដែល​បង្ហាញ​នូវ​ប្រណិត​ភាព​នៃ​សណ្ឋាគារ​នេះ នា​សម័យ​អតីតកាល ដែល​ចុងភៅ​ស្វ៊ី​ស​និង​ខ្មែរ​បាន​រៀបចំ​នូវ​មុខម្ហូប​កាលពី​១០០​ឆ្នាំ​មុន និង​ម្ហូបអាហារ​គ្រួសារ​រាជវង្ស​ខ្មែរ ជាមួយនឹង​បន្លែ​សរីរាង្គ​និង​គ្រឿងផ្សំ​ថ្មី​ស្រស់ ដែល​ដាំ​នៅ​ក្បែរ​ចំការ​បន្លែ ។ ឈ្មោះ​សណ្ឋាគារ​ឡឺ​បូកគោ​ផា​ឡេ​ស ត្រូវ​បាន​រក្សា​ទុក​ក៏​ដូច​ជា​ការ​រក្សា​ទុក​នូវ​ប្រវត្តិសាស្ត្រ​នៃ​អាណានិគម និង​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​នរោត្តម សីហ​នុ ។

សំណង់​អគារ​អាណានិគម​សេសសល់​លើ​កំពូលភ្នំ​បូកគោ នៅ​តែ​អាច​មើលឃើញ​នា​ពេល​បច្ចុប្បន្ន​រួម​មានផ្ទះ​ជប៉ុន ព្រះ​វិហារ​កាតូលិក វត្ត​សំពៅ​ប្រាំ ដំណាក់​ស្លា​ខ្មៅ ដំណាក់​ស្តេច សាលាក្រុង និង​សំណង់​អគារ​អាណានិគម​ជា​ច្រើន​ទៀត ដែល​មាន​ស្ទើរតែ​គ្រប់​ទីកន្លែង​និង​តែងតែ​ត្រូវ​បាន​គ្របដណ្តប់​ដោយ​អ័ព្ទ​សក្បុះ ។ ទន្ទឹម​នឹង​នេះ​ភ្ញៀវ​ទេសចរ​ដែល​ស្នាក់​នៅ​សណ្ឋាគារ​ឡឺ​បូកគោ​ផា​ឡេ​ស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា ជា​រមណីយដ្ឋាន​សុខភាព​បែប​ធម្មជាតិ​ក៏​អាច​ទៅ​ទស្សនា​បឹង លើ​ភ្នំ​ដ៏​ស្រស់​ត្រកាល ទឹកជ្រោះ​ពពក​វិល​ដ៏​ស្រស់​ស្អាត ថ្ម​ដែល​បង្កើត​ជា​រូបរាង​ខុស​ៗ​គ្នា ជា​ច្រើន​នៅ​វាលស្រែ​១០០ និង​រូបរាង​ដ៏​អស្ចារ្យ​នៃ​និមិត្តរូប​ច្រក​ទ្វារ​រវាង​ឋានសួគ៌ និង​ឋានមនុស្ស ។ សណ្ឋាគារ​ឡឺ​បូកគោ​ផា​ឡេ​ស ស្ថិត​នៅ​ច្រាំង​ថ្ម​ចោត​នៃ​កំពូលភ្នំ​បូកគោ ។

សណ្ឋាគារ​ប្រវត្តិសាស្ត្រ​មួយ​នេះ​ផ្តល់​នូវ​ទេសភាព​ដ៏​ស្រស់​ត្រកាល​ដែល​ត្រូវ​បាន​ជនជាតិ​បារាំង​ហៅ​ថា ឆ្នេរសមុទ្រ​បៃតង ។ អាកាសធាតុ​នៅ​លើ​កំពូលភ្នំ​បូកគោ​មាន​សីតុណ្ហភាព​ចន្លោះ​ពី​១៧​ដល់​២៤​អង្សា​សេ ពេញ​មួយ​ឆ្នាំ ។ ភ្នំ​បូកគោ​មិន​ត្រឹមតែ​ជា​គោលដៅ​ទេសចរណ៍​សម្រាប់​ភ្ញៀវ​ប៉ុ​ណ្ណោះ​ទេ ហើយ​វា​ក៏​ជា​រមណីយដ្ឋាន​សុខភាព ដែល​ព្យាបាល​ដោយ​ធម្មជាតិ រួម​មាន​ឥទ្ធិពល​ទៅ​លើ​សួត ការ​ដកដង្ហើម សារធាតុចិញ្ចឹម ប្រព័ន្ធ​ប្រសាទ ការ​ស្តារ​ឡើង​វិញ​នៃ​ចលនា​ឈាម និង​ការ​បង្កើន​កម្លាំង ។ សណ្ឋាគារ​ឡឺ​បូកគោ​ផា​ឡេ​ស គឺជា​អគារ​បួន​ជាន់​ដែល​ត្រូវ​បាន​រចនា​ឡើង​យ៉ាង​ល្អិតល្អន់​ជាមួយនឹង​វត្តមាន​ដ៏​មាន​អានុភាព មាន​រានហាល និង​ជណ្តើរ​ថ្មើរជើង​បែប​អុី​តា​លី ។
រមណីយដ្ឋាន​ភ្នំ​បូកគោ​នេះ ស្ថិត​នៅ​ចម្ងាយ​៤២​គីឡូម៉ែត្រ ពី​ទីរួមខេត្ត​កំពត ។ ឧទ្យាន​ជាតិ​ភ្នំ​បូកគោ​នេះ​ជា​ប្រវត្តិសាស្ត្រ ត្រូវ​បាន​រក​ឃើញ​ដោយ​ជនជាតិ​បារាំង​ម្នាក់​ឈ្មោះ រូ​លួស ហើយ​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ថ្ងៃ​ទី​១៣ ខែមេសា ឆ្នាំ​១៩២២ ក្នុង​រជ្ជកាល​ព្រះបាទ​ស៊ី​សុវត្ថិ ។ ភ្នំ​បូកគោ​ស្ថិត​នៅ​រយៈកម្ពស់​១០៧៥​ម៉ែ​ត្រ​មាន​ខ្យល់អាកាស​ល្អ​បរិសុទ្ធ ទេសភាព​ធម្មជាតិ​ដ៏​ស្រស់​ត្រកាល និង​សែន​មនោ​រម្យ​ក្រៃ​លែង​ជាមួយនឹង​ដើមឈើ​ធំ​ៗ និង​ផ្ទាំង​ថ្ម​ដែល​មាន​រាងដូចជា​សត្វ ។

ភ្នំ​បូកគោ​ដែល​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ឆ្នាំ​១៩១៦ និង​អភិវឌ្ឍន៍​ទៅ​ជា​កន្លែង​សម្រាក​លំហែកាយ​ដ៏​ពេញ​និយម នៅ​សម័យ​អាណានិគម​បារាំង និង​ក្នុង​សម័យ​សង្គមរាស្ត្រនិយម នា​ទស​វត្ស​ឆ្នាំ​១៩៦០ តែ​ត្រូវ​បាន​បោះបង់​ចោល​២​ដង ក្នុង​នោះ​លើក​ទី​១ នៅ​ឆ្នាំ​១៩៤០ និង​លើក​ទី​២ នៅ​ឆ្នាំ​១៩៧២ ។ នៅ​ឆ្នាំ​១៩៩៣ រដ្ឋាភិបាល​ដែល​កើតឡើង​ពី​ការ​បោះ​ឆ្នោត ក្រោម​ការ​ត្រួតពិនិត្យ​របស់​អង្គការសហប្រជាជាតិ ដាក់​តំបន់​ភ្នំ​បូក​គោក ជា​ឧទ្យាន​ជាតិ ហើយ​នៅ​ឆ្នាំ​១៩៩៧ បាន​បើក​ឱ្យ​ទេសចរ​ចូល​ទៅ​លេង​កម្សាន្ត​ជា​លើក​ដំបូង ។

លោក ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ធ្លាប់​មាន​ប្រសាសន៍​ថា រមណីយដ្ឋាន​ភ្នំ​បូកគោ គឺជា​មេដែក​មួយ យ៉ាង​សំខាន់​ក្នុង​ការ​ទាក់ទាញ​ភ្ញៀវ​ឱ្យមក​ទស្សនា នៅ​ឯ​តំបន់ឆ្នេរ​ភាគ​ខាងត្បូង បើសិនជា​រមណីយដ្ឋាន​នេះ ធ្វើការ​អភិវឌ្ឍ​ហើយ​រួចរាល់​ជា​ស្ថាពរ ។ លោក​រដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​ថា «​យើង​សង្ឃឹមថា អ្នកទេសចរ​នឹង​មក​កាន់​តំបន់​នេះ​ច្រើន​ថែម​ទៀត នៅ​ពេល​ខាង​មុខ ព្រោះថា​តំបន់​នេះ​មាន​ធម្មជាតិ​ល្អ​ប្លែក​គួរ​ឱ្យ​ចង់​គយគន់ ជាង​រមណីយដ្ឋាន​នានា​ដែល​មាន​នៅ​ក្នុង​ប្រទេស ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ