រាជធានីភ្នំពេញ ៖ មហាជន ជាពិសេស អ្នកសិល្បៈបានផ្ទុះការវែកញែកតាមបណ្តាញសង្គម ដោយលើកហេតុផលរៀងៗខ្លួន បន្ទាប់ពីគេបានឃើញឃ្លីបវីដេអូនៃកិច្ចសម្ភាសន៍មួយរបស់តារាសម្តែងជើងចាស់ អ្នកស្រី ចាន់ តារាទី បាននិយាយហាមឃាត់អ្នកសិល្បៈឬក្មេងជំនាន់ក្រោយកុំអោយហៅអ្នកស្រីថា «ម៉ែ» ពេលជួបគ្នាម្តងៗ ។

ក្នុងឃ្លីបវីដេអូមួយដែលមានរយៈពេលប្រមាណជាមួយនាទីក្នុងកិច្ចសម្ភាសន៍ក្នុងកម្មវិធីមួយ តារាសម្តែងជើងចាស់ អ្នកនាង ចាន់ តារាទី បានលើកឡើងថា ក្មេងឥឡូវ ហើយមានវ័យចំណាស់មួយចំនួនមិនដឹងយ៉ាងម៉េច ឃើញអ្នកណាក៏ហៅអ្នកគ្រូ ឬម៉ែដែរ ។ អ្នកស្រីថា រឿងនេះកន្លងមក ខ្ញុំធ្លាប់តបវិញដែរ តើខ្ញុំធ្លាប់យកឪខ្លួនឯងពីកាល ព្រោះនិយាយអោយត្រង់ ខ្ញុំអត់ចូលចិត្ត ហើយភាគច្រើនណាស់ សម្រាប់អ្នកសិល្បៈដែលដឹងថា ខ្ញុំមិនចូលចិត្ត អោយតែឃើញអ្នកណាក៏ម៉ែ ម៉េចក៏ទម្លាប់អាក្រក់ម្ល៉េះ ។

យ៉ាងណា បើតាមអ្នកស្រី ចាន់ តារាទី ការលើកឡើងនេះ គឺចង់និយាយអោយក្មេងជំនាន់ក្រោយបានដឹង និងកែទម្លាប់នេះចោលតែប៉ុណ្ណោះ ។ ក្រោយឃើញការលើកឡើងពីតារាជើងចាស់ខាងលើនេះ គេឃើញមានមហាជន និងអ្នកសិល្បៈមួយចំនួនបានផ្ទុះការវែកញែកគ្នាតាមបណ្តាញសង្គម ដោយនៅក្នុងនោះ មានមតិខ្លះយល់ថា មិនត្រឹមត្រូវ និងខ្លះថា ត្រឹមត្រូវ ។

តារាសម្តែងលោក មុំ សុទ្ធារ៉ា បានលើកឡើងតាមរយៈបណ្តាញសង្គមថា នេះគេហៅថាប្រកាន់ច្រើនហើយ អ្នកមីង បើមីងមិនចូលចិត្តគ្រាន់ញញឹមហើយដើរចេញទៅ គាត់ក៏មិនទៅនិយាយជាមួយអ្នកមីងទៀតដែរ ផ្នត់គំនិតមនុស្សផ្សេងគ្នាអ្នកមីង ។

ចំណែកអតីតតារាសម្តែងអ្នកនាង ងិន ម៉ារាឌី ក៏បានបង្ហោះសំណេរលើបណ្តាញសង្គមដែរថា ខ្ញុំយល់ថា យើងមិនគួរហៅនរណាម្នាក់ថា ម៉ែផ្តេសផ្តាសទេ ព្រោះម៉ែមានតែមួយ តែមនុស្សមួយចំនួនហៅមនុស្សដទៃដែលមានវ័យចាស់ជាងថាម៉ែ ក៏មិនខុសដែរ អាចមកពីគេគោរពហ្នឹងអោយតម្លៃលើបុគ្គលនោះ ។

អ្នកនាងបញ្ជាក់ថា អ៊ុំកុំចិត្តចង្អៀតពេកអី ដូចខ្ញុំអី នរណាដែលវ័យចាស់ជាងខ្ញុំ ខ្ញុំគោរពស្រឡាញ់ខ្ញុំហៅម៉ែហើយ តែមើលមនុស្សដែរ បើមនុស្សចាស់ខ្លះមិនល្អជាមួយខ្ញុំ មិនចូលចិត្តខ្ញុំ ចាអរគុណសូម្បីមុខក៏ស្រីឌីមិនមើលផង មិនមែនចាស់ធ្វើអីក៏ត្រូវទេ ។

ដោយឡែក ក្រោយមានការលើកឡើងពីអ្នកសិល្បៈទាំងពីរខាងលើនេះ គេក៏ឃើញមានអ្នកសិល្បៈមួយចំនួនទៀត ក៏បានចូលទៅធ្វើការខមមិនដោយម្នាក់ៗ ក៏បានយល់ស្របទៅនឹងគំនិតរបស់អ្នកទាំងពីរនាពេលនេះផងដែរ ។

យ៉ាងណា ទន្ទឹមនឹងមានការលើកឡើងនេះដែរ ក៏មានមហាជនមួយចំនួនទៀតក៏បានយល់ឃើញផ្ទុយពីនេះ ពោលពួកគេបានសម្តែងការគាំទ្រទៅលើការលើកឡើងពីតារាសម្តែងជើងចាស់អ្នកស្រី ចាន់ តារាទី នាពេលនេះ ។ គេយល់ថា គាត់និយាយសមហេតុផល ហើយត្រូវព្រោះពាក្យថា ម៉ែនឹងគ្រូគេមិនមែនចេះតែហៅទេ សម័យនេះបែបម៉េចក៏ហៅម៉ែពេញតែទឹកពេញតែដី ហើយគាត់ចង់ឱ្យក្មេងជំនាន់ក្រោយឲចេះប្រើភាសានិយាយឱ្យបានត្រឹមត្រូវ ។

ពួកគេបញ្ជាក់ថា តាមពិតគាត់និយាយត្រូវ គ្រាន់តែការប្រើពាក្យពេជន៍ទៅកាន់អ្នកដទៃ បែបបទក្នុងការពន្យល់របស់គាត់ទៅកាន់អ្នកដទៃអាចថា មិនសូវពីរោះ សង្គមOnline បង្ហាញរឿងអវិជ្ជមានច្រើនណាស់ ចឹងម្នាក់ៗទំនោរទៅតាមហ្នឹង លែងបានបែងចែកអត្ថន័យពាក្យខ្មែរអស់ហើយ ។
យ៉ាងណា ជុំវិញបញ្ហាខាងលើ គេនៅមិនទាន់ឃើញតារាសម្តែងជើងចាស់អ្នកស្រី ចាន់ តារាទី ចេញមុខបកស្រាយ និងបញ្ជាក់បន្ថែមចំពោះការលើកឡើងរបស់អ្នកស្រីនាពេលនេះនៅឡើយ
ទេ ៕
ចែករំលែកព័តមាននេះ