ខេត្តបន្ទាយមានជ័យ ៖ អាជ្ញាធរ និងមានចំណាត់ការចំពោះអ្នកដែលសង់ផ្ទះរំលោភចំណីស្ទឹង ដែលចោលកាកសំណល់ និងធ្វើបង្គន់បង្ហូរចូលស្ទឹងមង្គលបូរីបង្កការប៉ះពាល់ដល់បរិស្ថាន ទើបអាជ្ញាធរមូលដ្ឋានឃ្លាំមើលបើឃើញចាត់ការតាមច្បាប់ ។

ប្រជាពលរដ្ឋនៅផ្នែកខាងក្រោមស្ទឹងបានប្រាប់ថា ប្រជាពលរដ្ឋដែលរស់នៅតាមដងស្ទឹងមង្គលបូរីជាច្រើនពាន់គ្រួសារ ដែលប្រើប្រាស់ទឹកស្ទឹង បើនៅរដូវវស្សា គឺប្រើប្រាស់ទឹកស្ទឹងគ្មានការព្រួយបារម្ភ តែនៅរដូវខែប្រាំងនៅពេលទឹកស្ទឹងស្រកប្រជាពលរដ្ឋដែលធ្វើផ្ទះរំលោភមានស្ទឹង បានធ្វើបង្គន់បង្ហូរចូលស្ទឹង ហើយថែមទាំងចោលកាកសំណល់ចូលស្ទឹងប៉ះពាល់បរិស្ថាន បណ្តាលប្រជាពលរដ្ឋរស់នៅតាមដងស្ទឹងផ្នែកខាងក្រោមប្រើប្រាស់មិនកើត។

ប្រជាពលរដ្ឋសុំឲ្យអាជ្ញាធរខេត្តស្រុកត្រូវមានវិធានការចំពោះអ្នកដែលកសាងផ្ទះរំលោភមានស្ទឹង និងធ្វើបង្គន់បង្ហូរចូលស្ទឹងភាគច្រើននៅដងស្ទឹង ជុំវិញផ្សារមង្គលបូរី គួរតែមានវិធានការលុបបំបាត់ ដើម្បីឲ្យប្រជាពលរដ្ឋបានប្រើប្រាស់ទឹកស្ទឹងដែលមានបរិស្ថានល្អ ។

លោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរីបានបញ្ជាក់ថា ជាការពិតចំពោះប្រជាពលរដ្ឋដែលធ្វើផ្ទះរំលោភចំណីមានស្ទឹង ហើយធ្វើបង្គន់បង្ហូរចូលស្ទឹងនោះកើតមានតាំងពីអភិបាលស្រុកចាស់បានណែនាំរហូតដល់ពេលនេះ ឲ្យបញ្ឈប់ការធ្វើផ្ទះរំលោភចំណីមានស្ទឹង ហើយផ្ទះចាស់ធ្វើហើយមានបង្គន់ចូលស្ទឹងត្រូវដាក់ធុងសាំង ឬដាក់លូបិទឲ្យជិតមិនឲ្យហូរបង្គន់ចូលស្ទឹង ។
លោកបានដាក់វិធានការឲ្យអាជ្ញាធរមូលដ្ឋានតាមដានឃ្លាំមើលបើឃើញមាន នឹងមានវិធានការចំពោះអ្នកលួចសង់ផ្ទះរំលោភមាត់ស្ទឹង ធ្វើបង្គន់បង្ហូរចូលស្ទឹង ចោលកាកសំណល់ចូលស្ទឹងត្រូវចាត់ការតាមច្បាប់៕
ចែករំលែកព័តមាននេះ