ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុ​យ វណ្ណៈ និង​សួន ចាន់​នី ត្រៀម​កណ្ដាប់ដៃ​ស្វាគមន៍​កីឡាករ​ថៃ​ថ្ងៃ​​នេះ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ពុ​យ វណ្ណៈ មក​ពីក្លិប​ឃ្លាំងមឿង​កីឡា និង​សួន ចាន់​នី មក​ពី​ក្លិប​បក្សី​ស្លាប​ដែក ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​នៅ​លើ​សង្វៀន​ទូរទស្សន៍​ស៊ីអិន​ស៊ី នា​ថ្ងៃ​សុក្រ​ទី​២…

រាជធានី​ភ្នំពេញ ៖ ពុ​យ វណ្ណៈ មក​ពីក្លិប​ឃ្លាំងមឿង​កីឡា និង​សួន ចាន់​នី មក​ពី​ក្លិប​បក្សី​ស្លាប​ដែក ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​នៅ​លើ​សង្វៀន​ទូរទស្សន៍​ស៊ីអិន​ស៊ី នា​ថ្ងៃ​សុក្រ​ទី​២ កុម្ភៈ ។ អ្នក​និយម​ទស្សនា​កីឡាប្រដាល់​ភាគច្រើន​កំពុង​តែ​ទន្ទឹងរង់ចាំ​មើល​ថា​តើ​កីឡាករ​កម្ពុជា​ទាំង​ពីរ​មួយ​ណា​សម្រេច​គោលដៅ ខណៈ​កីឡាករ​ថៃ​ដែល​ពួក​គេ​ត្រូវ​ជួប​នា​ពេល​នេះ​សុទ្ធតែ​ជា​ជើង​ខ្លាំង​ពិបាក​ផ្ដួល​អ៊ីចឹង​នោះ ។

ពុ​យ វណ្ណៈ ត្រូវ​បាន​គណៈកម្មការ​រៀបចំ​ឱ្យ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​កង​ស្យាម ត​.​ភី​តាក់​ឆ័​យ ដែល​ធ្លាប់​មក​ប្រកួត​នៅ​លើ​សង្វៀន​ស្រុក​ខ្មែរ​ជា​ច្រើន​លើក​រួច​មក​ហើយ ។ មិន​តែ​ប៉ុណ្ណោះ​គេ​ធ្លាប់​ធ្វើ​ឱ្យ​អ្នក​ប្រដាល់​ជើង​ខ្លាំង​កម្ពុជា​ជា​ច្រើន​នាក់​ចាញ់​នៅ​ក្រោម​កណ្ដាប់ដៃ​របស់​គេ​ទៀត​ផង ។ ប៉ុន្តែ​សម្រាប់​ការ​មក​ជួប​ជា​មួយ​ពុ​យ វណ្ណៈ ដែល​ជា​ជើង​ខ្លាំង​ម្នាក់​ដែរ​នោះ​មិនដឹង​ជា​យ៉ាង​ម៉េច​នោះ​ទេ ។ កីឡាករ​ថៃ​ម្នាក់​នេះ​ធ្លាប់​ប្រកួត​៦៥​ដង ឈ្នះ​៥៣​ដង ស្មើ​៣​ដង ចាញ់​៩​ដង និង​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​១៥​ដង ។ រីឯ​ពុ​យ វណ្ណៈ​វិញ​មួយ​រយៈ​មកនេះ​មិនសូវ​ឃើញ​លេចមុខ​នៅ​លើ​សង្វៀន​ជា​ញឹកញាប់​ឡើយ ។

ទោះបី​យ៉ាងណា គេ​នៅ​ចាំ​បាន​ថា ពុ​យ វណ្ណៈ គឺជា​ជើង​ខ្លាំង​មួយ​រូប​ធ្លាប់​មានបទ​ពិសោធន៍​​ប្រកួត​៣០​ដង ឈ្នះ​២៥​ដង ចាញ់​៥​ដង មិន​ដែល​ស្មើ និង​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​បាន​៧​ដង ។ គូ​នេះ​បើ​ប្រៀបធៀប​ទៅ​លើ​ប្រវត្តិ​ប្រកួត​គឺ​ខុស​គ្នា​ជិត​ពាក់កណ្ដាល ប៉ុន្តែ​ដោយសារ​មិន​ធ្លាប់​ប៉ះ​គ្នា​ពី​មុន​មក​គេ​មិន​ទាន់​ដឹង​ថា​អ្នក​ណា​ខ្លាំង​ជាង​អ្នក​ណា​នោះ​ទេ ។ ដូច្នេះ​មាន​តែ​រង់ចាំ​មើល​ការ​ប្រកួត​ជាក់ស្ដែង​នៅ​លើ​សង្វៀន​ប៉ុណ្ណោះ​អ្នក​ណា​ខ្លាំង​ឬ​ខ្សោយ​គង់តែ​ដឹង​ទេ​។

សួន ចាន់​នី ក៏​ជា​ជើង​ខ្លាំង​ម្នាក់​ដែរ ប៉ុន្តែ​មួយ​រយៈ​មកនេះ មិនសូវ​ឃើញ​លេចមុខ​នៅ​លើ​សង្វៀន​ញឹកញាប់​ដូច​មុន​ទេ ។ អ្នក​ប្រដាល់​ដែល ល្បី​ខាង​ប្រើ​ស្នៀត​កែង​ផ្ដួល​គូប្រកួត​ម្នាក់​នេះ ធ្លាប់​ប្រកួត​១០១​ដង ឈ្នះ​៧៩​ដង ស្មើ​៤​ដង ចាញ់​១៨​ដង និង​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​៣៥​ដង ។ ចំណែក​កីឡាករ​ថៃ​ដែល​សួន ចាន់​នី ត្រូវ​ជួប​នា​ពេល​នេះ​ធ្លាប់​ប្រកួត​៧៩​ដង ឈ្នះ​៥៥​ដង ស្មើ​៤​ដង ចាញ់​១៦​ដង និង​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្ល​ប​១៦​ដង ។ គូ​នេះ​បើ​និយាយ​ពី​បច្ចេកទេស​ប្រកួត​វិញ​នោះ សួន ចាន់​នី ល្អ​ជាង​ខ្លាច​តែ​ចាញ់​កម្លាំង​ប៉ុណ្ណោះ ។ ចាំ​មើល​សួន ចាន់​នី អាច​ផ្ដួល​កីឡាករ​ថៃ​រូប​នេះ​បាន​ឬ​អត់?

ចំណែក​គូប្រកួត​មិត្តភាព​ធម្មតា​វិញ​កីឡា​ករ រឿង ខេត្ត មក​ពី​ក្លិប​មកុដ​រាជសីហ៍ ប្រកួត​ជាមួយ​កីឡាករ ឃ​ន សុខ​ហេង មក​ពី​ក្លិប​កុលបុត្រ​គុន​ខ្មែរ និង​កីឡាករ ម៉ៃ ថៃ​ប៊ឹ​ប មក​​ពី​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ ប្រកួត​ជាមួយ​កីឡាករ ង៉ែ​ត្រ រ​ដ្ឋា មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ