ខេត្តសៀមរាប ៖ ប្រជាពលរដ្ឋចំនួន៤៧គ្រួសារមកពី២ឃុំ គឺឃុំរំចេក និងឃុំខ្នាសណ្តាយស្រុកបន្ទាយស្រី ខេត្តសៀមរាប ដែលមានទំនាស់ដីធ្លីដ៏រាំរ៉ៃជាង១០ឆ្នាំមកនេះជាមួយក្រុមហ៊ុន លី អ៊ុំអេង ត្រូវបានបញ្ចប់ដោយជោគជ័យក្នុងដំណើរការវាស់វែងដីទំនាស់ខាងលើនេះដោយការអនុវត្តសេចក្តីជូនដំណឹងលេខ០០៥/១៨ ស.ជ.ណ របស់រដ្ឋបាលខេត្តសៀមរាប ធ្វើឡើងរយៈពេលពេញ១ថ្ងៃ គឺថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៨ ។



ក្រុមការងារចម្រុះដែលដឹកនាំដោយលោក ភន់ សុខុម អភិបាលស្តីទីស្រុកបន្ទាយស្រីដោយមានការចូលរួមពីតំណាងរដ្ឋបាលខេត្ត មន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត និងកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកបន្ទាយស្រីដែលបានចុះធ្វើការវាស់វែងស្រង់នូវទិន្នន័យក្បាលដីជូនប្រជាពលរដ្ឋទាំង៤៧គ្រួសារវិញ ។

ក្នុងដំណើការវាស់វែងរបស់ក្រុមការងារចម្រុះដោយពុំបានជួបនូវបញ្ហាប្រឈមគួឱ្យកត់សម្គាល់ទេ ដោយមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋទាំង៤៧គ្រួសារ និងមានការជំទាស់ពីមេធាវីតំណាងក្រុមហ៊ុន លី អ៊ុំអេង និងមេការដែលប្រចាំការនៅទីតាំងផ្ទាល់របស់លោកស្រី លី អ៊ុំអេង ដែលបានចូលរួមផងដែរ ៕
ចែករំលែកព័តមាននេះ