ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃើញសម្រស់​ ដឹងតែចង់ទៅលេង​ ​ចុះទំរាំបានភ្លក់​​​សម្លរ«ផ្សិតប្រចាក់»ទៀត

6 ឆ្នាំ មុន
  • ស្វាយរៀង

​ខេត្តស្វាយរៀង ៖ ​រមណីយដ្ឋាន​ធម្មជាតិ​ព្រៃ​កូន​គគីរ ជាទី​ចាប់អារម្មណ៍​របស់​អ្នកទេសចរ​ជាតិ និង​អន្តរ​ជាតិ ដោយ​មាន​អាហារ​ពិសេស​ប្រចាំ​តំបន់​គឺ​«​សម្ល​ផ្សិតប្រចាក់ និង​បបរ​ផ្សិតប្រចាក់​» ។ អាហារ​ដ្ឋា​ន​នៅ​ទីនោះ​មានមុខ​ម្ហូប​ប្រើ​បន្លែ​ធម្មជាតិ ត្រី…

​ខេត្តស្វាយរៀង ៖ ​រមណីយដ្ឋាន​ធម្មជាតិ​ព្រៃ​កូន​គគីរ ជាទី​ចាប់អារម្មណ៍​របស់​អ្នកទេសចរ​ជាតិ និង​អន្តរ​ជាតិ ដោយ​មាន​អាហារ​ពិសេស​ប្រចាំ​តំបន់​គឺ​«​សម្ល​ផ្សិតប្រចាក់ និង​បបរ​ផ្សិតប្រចាក់​» ។ អាហារ​ដ្ឋា​ន​នៅ​ទីនោះ​មានមុខ​ម្ហូប​ប្រើ​បន្លែ​ធម្មជាតិ ត្រី សាច់ សុទ្ធ​សឹង​ជា​របស់​ប្រជា​សហគមន៍​ព្រៃឈើ​ចម្ការ​កូន​គគីរ។

រមណីយដ្ឋាន​ធម្មជាតិ​ព្រៃ​កូន​គគីរ មានព្រៃ​ធម្មជាតិ​ទំហំ​៤០៤​ហិ​កតា ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​ផ្លុ​ង សង្កាត់​បាទី​ក្រុង​បា​វិត ។ បើ​ធ្វើ​ដំណើរ​ពី​រាជធានី​ភ្នំពេញ​តាម​ផ្លូវជាតិ​លេខ​១ ដល់​រង្វង់​មូល​រូប​គោ​ក្រុង​ស្វាយ​រៀង​មាន​ចម្ងាយ​១២០​គីឡូម៉ែត្រ បន្តដំណើរ​ពីរ​ទីក្រុង​ស្វាយ​រៀង​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១​ឆ្ពោះទៅ​កាន់​រមណីយដ្ឋាន​ធម្មជាតិ​ព្រៃ​កូន​គគីរ ក្នុង​ចម្ងាយ​៣២​គីឡូម៉ែត្រ ។ ពេល​ដល់​បង្គោលគីឡូម៉ែត្រ​លេខ​១៥៧ ទៅ​តាម​ផ្លូវលំ​វត្ត​ស្វាយ​កណ្តាល​ប្រវែង​២០០​ម៉ែត្រ ហើយ​ដល់​ផ្សារ​ជី​ភូ ទៅ​រមណីយដ្ឋាន​ធម្មជាតិ​ព្រៃ​កូន​គគីរ​មាន​ចម្ងាយ​៧​គីឡូម៉ែត្រ ។ បើ​ធ្វើ​ដំណើរ​ពី​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​បា​វិត​ទៅ​កាន់​រមណីយដ្ឋាន​ធម្មជាតិ​ព្រៃ​កូន​គគីរ​មាន​ចម្ងាយ​១០​គីឡូម៉ែត្រ ។

លោក​ធឿ​ង សេដ្ឋា បុគ្គលិក​អង្គការ​សន្តិ​សេនា និង​ជា​អ្នកសម្របសម្រួល​សហគមន៍​ព្រៃឈើ​ចម្ការ​កូន​គគីរ​ឲ្យ​ដឹង​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា ព្រៃ​ចម្ការ​កូន​គគីរ​ជា​ព្រៃ​ប្រវត្តិសាស្ត្រ បង្កើត​ឡើង​ក្នុង​សម័យ​អាណា​និគម​ន៍​​បារាំង​មាន​ទំហំ​រាប់​ពាន់​ហិ​កតា ។ មក​ដល់​ទស​វត្ស​៨០ ក្រោយ​សង្គ្រាម​ប្រជាពលរដ្ឋ​បាន​រុករាន​ដី​ធ្វើស្រែ និង​លំនៅ​ឋាន​នៅ​សល់​តែ​៤០៤​ហិ​កតា ។ អង្គការ​សន្តិ​សេនា​បាន​សហការ​ជាមួយ​អាជ្ញាធរ​ឃុំ​បាទី ស្រុក​ច​ន្ទ្រា​រៀបចំ​ក្រុម​ល្បាត​ការពារ​ព្រៃឈើ​ធម្មជាតិ​ព្រៃ​កូន​គគីរ​ចាប់ពី​ឆ្នាំ​១៩៩៩​រហូត​មក​ដល់​ឆ្នាំ​២០០០ ដោយ​រៀបចំ​សហគមន៍​ព្រៃឈើ​ចម្ការ​កូន​គគីរ​ជា​ផ្លូវការ ហើយ​បាន​ដាំ​កូន​ឈើ​ធម្មជាតិ​ឡើង​វិញ និង​រៀបចំ​សួន​អាពាហ៍ពិពាហ៍ និង​ទីស្នាក់ការ​បណ្តុះបណ្តាល​បច្ចេកទេស​កសិកម្ម​ដល់​សហគមន៍ ។ ក្រៅពី​នេះ​ក៏​ជា​ព្រៃ​កន្លែង​ព្រះសង្ឃ​មក​ពី​បណ្តា​ខេត្ត​នានា​មក​ធ្វើ​ធុតង្គ ។

នៅ​ថ្ងៃ​ទី​១ ខែឧសភា ឆ្នាំ​២០១៧ បាន​បង្កើត​រមណីយដ្ឋាន​ធម្មជាតិ​ព្រៃ​កូន​គគីរ​ក្នុង​គោលបំណង​រក​ប្រាក់​សម្រាប់​ឧបត្ថម្ភ​គណៈ​កម្ម​ធិ​ការ​សហគមន៍​ព្រៃឈើ និង​ក្រុម​ល្បាត​ការពារ និង​អភិរក្ស​ព្រៃឈើ​ឲ្យ​មាន​និរន្តរភាព​ដោយ​មានការ​គាំទ្រ​ពីរ​អង្គការ​សន្តិ​សេនា ។រមណីយដ្ឋាន​ធម្មជាតិ​ព្រៃ​កូន​គីរ មាន​ស្ពាន​ឆ្លង​ដើរ​ចូល​មើល​ព្រៃ​ធម្មជាតិ និង​មាន​សួនច្បារ​ដើរ​មើល​កម្សាន្ត ។មាន​ស្រះ​ត្រី​ធម្មជាតិ សម្រាប់​ភ្ញៀវ​ស្ទូច កម្សាន្ត និង​យក​មក​ធ្វើ​ម្ហូប​តាម​ចំណូលចិត្ត ។ ក្នុង​ស្រះ​មាន​ក្បូន​បណ្តែត​លើ​ទឹក​ចំនួន​២​សម្រាប់​អង្គុយ​លេង និង​ស្ទូចត្រី ឬ​ពិសា​អាហារ​លក្ខណៈ​គ្រួសារ ។ មាន​ខ្យូ​ស​ចំនួន​១៣ នៅ​តាម​មាត់​ស្រះ​ដែល​អាច​ទទួលភ្ញៀវ​បានជា​មធ្យម​៥០០​នាក់ ។

អាហារ​ដ្ឋា​ន​មានមុខ​ម្ហូប​ខ្មែរ​ម្ហូប​ប្រពៃណី គឺ​«​សម្ល​ផ្សិតប្រចាក់ និង​បបរ​ផ្សិតប្រចាក់ »​។ ផ្សិតប្រចាក់​ស្រស់​មាន​ចាប់ពី​ខែឧសភា​ដល់​ខែកក្កដា ចាប់ពី​ខែសីហា​ដល់​ខែមេសា​គឺ​ប្រើ​ផ្សិត​ក្រៀម ។ ម្ហូប​ពិសេស​មាន​ក្រចក​ជើងគោ​អាំង ទឹកប្រហុក បន្លែ គ្រប់មុខ ភ្លា​អង្ក្រង សម្លម្ជូរ​អង្ក្រង​ឆ្អឹងជំនីរ មាន់​ដុត សម្ល​កណ្តៀង និង​មាន​ម្ហូប​កុម្ម៉ង់​គ្រប់មុខ​តាម​តម្រូវការ ។​បច្ចុប្បន្ន​ភ្ញៀវ​ដែល​ចូល​ទៅ​កម្សាន្ត និង​ទទួលទាន​អាហារ​នៅ​ក្នុង​រម​ណីយ​​ដ្ឋាន​ធម្មជាតិ​ព្រៃ​កូន​គគីរ ចំណាត់ថ្នាក់​លេខ​១ ភ្ញៀវ​ជាតិខ្មែរ ទី​២​ជនជាតិ​ចិន ទី​៣​វៀតណាម រីឯ​ភ្ញៀវ​អឺរ៉ុប​មាន​ម្តងម្តា​ល ៕ ​

អត្ថបទសរសេរ ដោយ