ខេត្តបន្ទាយមានជ័យ ៖ នាយរងស្តីទីការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជា-ថៃម្នាក់ បញ្ចប់រឿងអចេតនាជាមួយនារីបំរើការងារនៅហាងខារ៉ាអូខេ បន្ទាប់ពីគប់ចានចំនាងរបួសបែកថ្ងាស់ដេរ4ថ្នេរ ហើយបែកធ្លាយរឿងនេះចេញមកក្រៅដោយត្រូវគេបង្ហោះព្រោងព្រៀតក្នុងបណ្តាញសង្គមហ្វេសប៊ុក ហេតុការណ៍នេះកើតឡើងកាលពីយប់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ ។
នាយរងការិយាល័យទំនងព្រំដែនកម្ពុជា-ថៃខាងលើ គឺលោកឧត្តមសេនីយ៍ត្រី នេត សំអាត អនុប្រធានស្តីទីការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ ។

បើតាមប្រភពកន្លែងកើតហេតុថា កាលពីយប់ថ្ងៃទី25 មន្ត្រីយោធាខាងលើ រួមជាមួយមិត្តភក្តិបានទៅចូលផឹកស៊ីនៅហាងខារ៉ាអូខេ «ត្រជាក់ចិត្តថ្មី» ប៉ុន្តែមិនដឹងថា ផ្តើមចេញពីបញ្ហាអ្វីទេ ដោយមន្ត្រីយោធាខាងលើបានចោលចាន1 បណ្តាលឲ្យចំនាងបំរើការម្នាក់នៅទីនោះរបួសថ្ងាស់ហូរឈាមស្រោចខ្លួន។ យ៉ាងណាក៏ដោយករណីនេះដំបូងគ្មានអ្នកដឹងទេ គឺទើបបែកធ្លាយនៅពេលត្រូវគេបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុកព្រោងព្រៀតតែម្តង។

ជុំវិញករណីនេះលោកឧត្តមសេនីយ៍ត្រី នេត សំអាត ប្រាប់តាមទូរស័ព្ទថា ពិតជាកើតមានមែន ដោយលោករៀបរាប់ថា កាលពីយប់ថ្ងៃទី25 នោះ លោក និងមិត្តភក្តិបានចូលទៅហាងត្រជាក់ចិត្តថ្មីផឹកស៊ី។ រីឯនារីរងគ្រោះយប់នោះអង្គុយជាមួយមិត្តភក្តិគាត់ ប៉ុន្តែនាងនោះចេះតែចេញទៅក្រៅបាត់ម្តង10ទៅ20នាទី ហើយការផឹកស៊ីមិនទាន់ចប់ផង បែរជានាងចេះតែទារគិតលុយ ដោយសារពេលនោះចង់កំញើញលេង ក៏គ្រវែងចានចង្កិះមួយចោល ដឹងអីចាននោះទៅប៉ះចំថ្ងាស់នាងរបួស។ លោកបន្តថា ជាកំហុសអចេតនា ចានដែលគាត់គ្រវែងនោះមិនដឹងប៉ះនឹងអ្វី បែរជាខ្ទាតចំនាង ប៉ុន្តែក្រោយកើតហេតុលោកបានដឹកនាងទៅមន្ទីរពេទ្យ និងបានធ្វើការសម្រុះសម្រួលជាមួយគ្រួសារជនរងគ្រោះរួចហើយ។

នគរបាលម្នាក់សុំមិនបញ្ចេញឈ្មោះបានប្រាប់តាមទូរស័ព្ទព្រឹកថ្ងៃទី28 មករានេះថា ករណីនេះភាគីទាំង2បានបញ្ចប់ហើយកាលពីរសៀលថ្ងៃទី27 មករា គឺមន្ត្រីយោធាខាងលើជួយចេញថ្លៃថ្នាំពេទ្យ និងបង់សំណងជុះងឺចិត្ត1លាន4សែនរៀលដល់ជនរងគ្រោះ។
យ៉ាងណាក៏ដោយស្ត្រីរងគ្រោះមិនអាចទាក់ទងសុំការបំភ្លឺបានទេ ព្រោះមិនស្គាល់លេខទូរស័ព្ទ ម្យ៉ាងទៀតសមត្ថកិច្ចក៏មិនប្រាប់ពីអត្តសញ្ញាណជនរងគ្រោះនោះដែរ៕
ចែករំលែកព័តមាននេះ