ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ​3​ភាគរយ​មិន​មាន​អគ្គិសនី​ប្រើប្រាស់

7 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យោង​តាម​លទ្ធផល​នៃ​ការ​ចុះ​អង្កេត​របស់​ក្រុម​សិក្សា​ក្នុង​ក្របខ័ណ្ឌ​គម្រោង​វាយតម្លៃ​ការ​ផ្គត់ផ្គង់​អគ្គិសនី​នៅ​កម្ពុជា​របស់​ធនាគារពិភពលោក នៅ​ឆ្នាំ​២០១៧​ថ្មី​ៗ​នេះ​បាន​សន្និដ្ឋាន​ថា មាន​លំនៅ​ឋាន​ចំនួន ៧១,៥% បាន​ទទួល​ការ​ផ្គត់ផ្គង់​អគ្គិសនី​រួច​ហើយដោយ​ឡែក នៅ​ក្នុង​ទឹកដី​រាជធានី​ភ្នំពេញ លំនៅ​ឋាន​ប្រជាពលរដ្ឋ​ប្រមាណ​៣% មិន​ទាន់​មានអគ្គិសនី​ប្រើប្រាស់​នៅឡើយ​ទេ…

រាជធានី​ភ្នំពេញ ៖ យោង​តាម​លទ្ធផល​នៃ​ការ​ចុះ​អង្កេត​របស់​ក្រុម​សិក្សា​ក្នុង​ក្របខ័ណ្ឌ​គម្រោង​វាយតម្លៃ​ការ​ផ្គត់ផ្គង់​អគ្គិសនី​នៅ​កម្ពុជា​របស់​ធនាគារពិភពលោក នៅ​ឆ្នាំ​២០១៧​ថ្មី​ៗ​នេះ​បាន​សន្និដ្ឋាន​ថា មាន​លំនៅ​ឋាន​ចំនួន ៧១,៥% បាន​ទទួល​ការ​ផ្គត់ផ្គង់​អគ្គិសនី​រួច​ហើយដោយ​ឡែក នៅ​ក្នុង​ទឹកដី​រាជធានី​ភ្នំពេញ លំនៅ​ឋាន​ប្រជាពលរដ្ឋ​ប្រមាណ​៣% មិន​ទាន់​មានអគ្គិសនី​ប្រើប្រាស់​នៅឡើយ​ទេ ខណៈ​នៅ​បណ្ដា​ខេត្ត​នានា ផ្ទះ​ប្រជា​ពលរដ្ឋ​៣០%​មិន​ទាន់​មាន​អគ្គិសនី​ប្រើប្រាស់ ។

លោក ស៊ុ​យ សែ​ម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល បាន​ឲ្យ​ដឹង​ថា គោលនយោបាយ​របស់​រាជរដ្ឋាភិបាល គឺ​ជំរុញ​វិស័យ​ឯកជន​ឱ្យ​ជួយ​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ចែកចាយ​អគ្គិសនី​តាម​ភូមិ​-​ឃុំ​នានា ដើម្បី​ឱ្យ​ភូមិ​-​ឃុំ​ទាំងអស់​ឆាប់​មាន​អគ្គិសនី​ប្រើប្រាស់ មិន​ចាំបាច់​ចាំ​ដល់​ពេល​សហគ្រាស​រដ្ឋ​មាន​លទ្ធភាព ដែល​មាន​រយៈពេល​យូរ​ឆ្នាំ​បន្ត​ទៀត​ឡើយ ។

លោក​រដ្ឋមន្ត្រី​មាន​ប្រសាសន៍​ថា ៖« តាម​ទំហំ​នៃ​ទុន​វិនិយោគ​ដែល​ត្រូវការ ប្រសិនបើ​ទុក​ឱ្យ​សហគ្រាស​រដ្ឋ ឬ​អគ្គិសនី​កម្ពុជា​អភិវឌ្ឍន៍​បន្តិច​ម្ដង​ៗ​ទៅ​តាម​លទ្ធភាព​ថវិកា​ដែល​រាជរដ្ឋាភិបាល​កៀរគរ​បាន គឺ​ត្រូវការ​ពេលវេលា​២០​ទៅ​៣០​ឆ្នាំ​ទៀត លើស​ពី​រយៈពេល​ដែល​អនុវត្ត​បច្ចុប្បន្ន ដែល​នេះ​គឺជា​ការ​ខាតបង់​មួយ​ដ៏​ធំធេង​របស់​កម្ពុជា » ។

លោក​បន្ត​ថា តាម​ស្ថិតិ​ជាក់ស្ដែង​ដែល​គ្រប់គ្រង​ដោយ​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​ឃើញ​ថា ក្នុង​ឆ្នាំ​២០១៧ ការ​ភ្ជាប់​ចរន្ត​ឱ្យ​ប្រើប្រាស់​អគ្គិសនី​គ្រប់​ប្រភេទ ធ្វើ​បាន​២៥​ម៉ឺន​ទីតាំង​បន្ថែម​​ទៀត ដែល​ធ្វើ​ឱ្យ​ទីតាំង​មាន​អគ្គិសនី​ប្រើប្រាស់​សរុប​កើនឡើង​ដល់​២.៤០៩.៩០៧​ទីតាំង ក្នុង​នោះ​មាន​លំនៅ​ឋាន​ចំនួន​២.៣១៥.៩៣០​កន្លែង​, អាជីវកម្ម ឧស្សាហកម្ម និង​រដ្ឋបាល មាន​៨៩.១០៨​កន្លែង និង​ទីតាំង​ជា​ស្ថាប័នរដ្ឋ​មាន​ចំនួន​៥.៨៦៩​កន្លែង ។

យ៉ាងណាមិញ កំណើន​នៃ​ការ​វិនិយោគ​វិស័យ​ថាមពល​អគ្គិសនី​ប្រទេស​កម្ពុជា​កាន់តែ​មាន​ឯករាជ្យ​ភាព ហើយ​ការ​ពង្រីក​បណ្តាញ​ផ្គត់ផ្គង់​ថាមពល​អគ្គិសនី​កម្ពុជា​សម្រេច​បាន​លឿន​ជាង​ការ​រំពឹង​ទុក ។

ប្រធាន​អាជ្ញាធរ​អគ្គិសនី​កម្ពុជា លោក ទិ នរិន្ទ បាន​លើក​ឡើង​ក្នុង​សន្និបាត​បូក​សរុប​ការ​ងារ​បញ្ចប់​ឆ្នាំ​២០១៧ និង​លើក​ទិស​ដៅ​ការងារ​សម្រាប់​ឆ្នាំ​២០១៨ របស់​អាជ្ញាធរ​អគ្គិសនី​កម្ពុជា កាលពី​ថ្ងៃ​ទី​២៤ មក​រា​ថា ក្នុង​រយៈពេល​១​ឆ្នាំ ឬ​២​ឆ្នាំ​ទៀត​ពេល​ដែល​កម្ពុជា​មាន​លទ្ធភាព​ផ្គត់ផ្គង់​ថាមពល​ដោយ​ខ្លួនឯង​បាន​១០០% កម្ពុជា​នឹង​ផ្លាស់​ប្ដូរ​ការ​ពឹងផ្អែក​ថាមពល​អគ្គិសនី​ពី​ប្រទេស​ជិតខាង មក​ជា​ការ​ធ្វើ​ពាណិជ្ជកម្ម​វិញ ។ លោក​បន្ត​ថា ការ​កែប្រែ​ពី​ការ​ពឹងផ្អែក​លើ​គេ ទៅ​ជា​ការ​ធ្វើ​ពាណិជ្ជកម្ម​ថាមពល​អគ្គិសនី​ជាមួយ​ប្រទេស​ជិតខាង មាន​ន័យ​ថា ប្រទេស​កម្ពុជា​មាន​ជម្រើស​ទិញ ឬ​មិន​ទិញ​ថាមពល​អគ្គិសនី បើសិនជា​វា​មាន​តម្លៃ​ថ្លៃ ឬ​ថោក ។

លោក​បន្ថែម​ថា ក្នុង​ឆ្នាំ​២០១៧ កម្លាំង​ថាមពល​អគ្គិសនី​ដែល​ផលិត​ក្នុងស្រុក បាន​កើន​ឡើង​ដល់​៨១,៤% បើ​ធៀប​នឹង​៧៧,៩%​កាលពី​ឆ្នាំ​២០១៦ ហើយ​កម្លាំង​ថាមពល​អគ្គិ​សនី​ដែល​ទិញ​ពី​ប្រទេស​ជិតខាង​វិញ​បាន​ធ្លាក់​ចុះ​ពី​២២%​នៅ​ឆ្នាំ​២០១៦ មក​ត្រឹមតែ​១៨,៦%​នៅ​ឆ្នាំ​២០១៧ ។

លោក ស៊ុ​យ សែ​ម បាន​លើក​ឡើង​ថា កម្ពុជា​បាន​រីក​ចម្រើន​ថាមពល​អគ្គិសនី​យ៉ាង​ឆាប់រហ័ស ជា​ពិសេស កម្ពុជា​បាន​ដើរ លឿន​ជាង​ការ​សិក្សា​របស់​ធនាគារ​ពិភព
លោក ។ ក្រុម​អ្នក​សិក្សា​ក្នុង​ក្របខ័ណ្ឌ​គម្រោង​ធនាគារពិភពលោក​កាលពី​ឆ្នាំ​២០០៦​បាន​សិក្សា​ថា នៅ​ឆ្នាំ​២០២០ ភូមិ​ទាំងអស់​នៅ​កម្ពុជា នឹង​មាន​អគ្គិសនី​ប្រើប្រាស់​ពី​ប្រភព​អគ្គិសនី​ផ្សេង​ៗ និង​ដល់​ឆ្នាំ​២០៣០ យ៉ាង​ហោច​ណាស់ ៧០%​នៃ​លំនៅ​ឋាន​ទាំងអស់​នៅ​កម្ពុជា នឹង​មាន​អគ្គិសនី​មានគុណ​ភាព​ដូច​អគ្គិសនី​ពី​បណ្ដាញ​ជាតិ ប៉ុន្តែ​កម្ពុជា​បាន​វិវត្តន៍​មុន​ការ​ទស្សន៍​ទាយ ដោយ​ត្រឹម​ចុងឆ្នាំ​២០១៧ ការ​ផ្គត់ផ្គង់​ថាមពល​អគ្គិសនី បាន​គ្របដណ្ដប់​លើ​ភូមិ​ចំនួន​៨១,៦%​នៃ​ភូមិ​ទាំងអស់ និង​បាន​ផ្គត់ផ្គង់​ដល់​លំនៅ​ឋាន​ចំនួន​៦៨,៦៤%​នៃ​លំនៅ​ឋាន​ទាំងអស់​នៅ​កម្ពុជា ។

លោក​រដ្ឋមន្ត្រី​បន្ត​ទៀត​ថា ៖« យ៉ាង​ហោច​ណាស់ ៩៨%​នៃ​ភូមិ​ទាំងអស់​នៅ​កម្ពុជា​នឹង​មាន​អគ្គិសនី​ប្រើប្រាស់​នៅ​ចុងឆ្នាំ​២០២០ ចេញពី​ប្រភព​អគ្គិសនី​របស់​បណ្ដាញ​ជាតិ ដែល​មាន​តម្លៃ​ទាប​សមរម្យ អនុគ្រោះ​ថ្លៃ មាន​ស្ថិរភាព​និង​គុណភាព » ។ លោក​បន្ត​ថា នៅ​ឆ្នាំ​២០២០​ខាង​មុខ យ៉ាង​ហោច​ណាស់​ក៏​មាន​លំនៅ​ឋាន​ជាង​៨៥% អាច​ទទួល​បានការ​ភ្ជាប់​ចរន្តអគ្គិសនី​ដើម្បី​ប្រើប្រាស់​ផង​ដែរ » ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ