បាត់ដំបងទីក្រុងណែម អ្នកដំណើរមិនដែលរំលង
- បាត់ដំបង
ខេត្តបាត់ដំបង ៖ ណែមសាច់ត្រី ដែលដាក់លក់តាមបណ្តោយផ្លូវជាតិលេខ៥ ចាប់ពីរង្វង់មូលព្រាបស ក្រុងបាត់ដំបង ដល់ឃុំអន្លង់វិល ស្រុកសង្កែ អ្នកធ្វើដំណើរ ឬក៏ភ្លៀវទេសចរតែងតែចូលទិញ…
ខេត្តបាត់ដំបង ៖ ណែមសាច់ត្រី ដែលដាក់លក់តាមបណ្តោយផ្លូវជាតិលេខ៥ ចាប់ពីរង្វង់មូលព្រាបស ក្រុងបាត់ដំបង ដល់ឃុំអន្លង់វិល ស្រុកសង្កែ អ្នកធ្វើដំណើរ ឬក៏ភ្លៀវទេសចរតែងតែចូលទិញ…
ខេត្តបាត់ដំបង ៖ ណែមសាច់ត្រី ដែលដាក់លក់តាមបណ្តោយផ្លូវជាតិលេខ៥ ចាប់ពីរង្វង់មូលព្រាបស ក្រុងបាត់ដំបង ដល់ឃុំអន្លង់វិល ស្រុកសង្កែ អ្នកធ្វើដំណើរ ឬក៏ភ្លៀវទេសចរតែងតែចូលទិញ ។ អ្នកលក់ទាំងនោះមិនមែនធ្វើខ្លួនឯងទេ គឺទទួលពីអ្នកផលិតនៅភូមិព្រែកខ្ពប ឃុំព្រែកខ្ពប ស្រុកឯកភ្នំ ជាតំបន់ជាប់មាត់បឹងទន្លេសាបតាមដងស្ទឹងចូលទៅក្រុងបាត់ដំបង ។
ចំពោះតម្លៃណែម១០០ថ្លៃ៣ម៉ឺនរៀល បោះដុំ លក់ចេញវិញ៣៥០០០រៀល ។ អ្នកស្រីជា ស្រីនីន ជាអ្នកលក់ដូរនៅជិតរង្វង់មូលព្រាប សឱ្យដឹងកាលពីពេល ថ្មីៗកន្លងមកថា ក្នុង១ថ្ងៃជាមធ្យមត្រូវទិញណែមពីព្រែកខ្ពបយកដាក់លក់ពី១ពាន់ទៅ២ពាន់កញ្ចប់ ។ គាត់អាចលក់អស់ដោយភ្ញៀវធ្វើដំណើរតាមដងផ្លូវតែងតែទិញជាប្រចាំ ហើយមានថ្ងៃខ្លះថ្ងៃបុណ្យទានមានភ្ញៀវច្រើនគឺណែមលក់មិនគ្រប់គ្រាន់ទេ ។
កន្លងមកសមត្ថកិច្ចខេត្តបាត់ដំបង តែងតែដឹកនាំសម្របសម្រួលផ្នែកច្បាប់ ដោយទៅត្រួតពិនិត្យគ្រប់កន្លែងលក់ និងសិប្បកម្មផលិតណែមសាច់ត្រី ដែលស្ថិតនៅឃុំព្រែកខ្ពប ស្រុកឯកភ្នំ ខេត្តបាត់ដំបង ជា រឿយៗ ។ មន្ត្រីជំនាញបានពិនិត្យរកសារធាតុបូរ៉ាក់លាយជាមួយសាច់ណែមដែលនាំឲ្យប៉ះពាល់ដល់សុខភាពអ្នកបរិភោគ ។
ម្ចាស់សិប្បកម្មផលិតណែមខ្លះឲ្យដឹងថា ពួកគាត់ទិញត្រីយកធ្វើណែមពីប្រទេសវៀតណាម ព្រោះត្រីធម្មជាតិមានតម្លៃថ្លៃខ្លាំងពេក ចំណែកត្រីទិញពីវៀតណាមានតម្លៃថោក ហើយការលាយធ្វើណែមរសជាតិរបស់វាប្រហាក់ប្រហែលគ្នាទៅនឹងត្រីធម្មជាតិផងដែរ។
មន្ត្រីមន្ទីរពាណិជ្ជកម្មខេត្តបានថ្លែងថា សិប្បកម្មដែលផលិតណែម កន្លែងខ្លះពុំមានច្បាប់អនុញ្ញាតទេ គឺពួកគេចេះតែលួចធ្វើ តៗគ្នា ។ ក្រោយពីមានការចុះត្រួតពិនិត្យសិប្បកម្មផលិតណែមហើយ ក៏បន្តដំណើរទៅពិនិត្យកន្លែងយឿត្រី នៅឃុំក្តុលដូនទាវ ក្រុងបាត់ដំបង ដើម្បីស្វែងរកកន្លែងផលិតណែមសាច់ត្រីគ្មានគុណភាព ។
ក្រុមមន្ត្រីជំនាញតែងតែទទួលការណែនាំពីអគ្គនាយកកាំកុងត្រូលលោកម៉ក់ ពេជ្ជរិទ្ធ ឲ្យត្រួតពិនិត្យកន្លែងផលិតណែម ដែលដាក់សារធាតុហាមឃាត់ ដើម្បីធ្វើយ៉ាងណាជួយលើកកម្ពស់សុខភាពរបស់ប្រជាពលរដ្ឋឲ្យចៀសឆ្ងាយពីជម្ងឺតម្កាត់ ផ្សេងៗបង្កឡើងពីការហូបណែមដែលមានសារជាតិហាមឃាត់ ។
តំបន់ដែលសម្បូរអ្នកផលិតណែម និងប្រហិតត្រី ភាគច្រើនគឺនៅក្នុងឃុំព្រែកខ្ពប ស្រុកឯកភ្នំ ដូចជានៅក្នុងភូមិព្រែកខ្ពប ព្រែកហ្លួង ព្រែកស្នោ ភូមិខ្វិត ឃុំពាមឯក ឃុំព្រែកនរិន្ទ និងភូមិអូរទទឹង កាលពីមុនអ្នកផលិតណែមប្រើប្រាស់សាច់ត្រីឆ្តោ ឬសាច់ត្រីរ៉ស់ទើបណែមមានឱជារសឆ្ងាញ់ពិសា ។ ជុំវិញបញ្ហានេះអ្នកស្រីឈួម វណ្ណា កសិកររស់នៅភូមិព្រែកខ្ពប ស្រុកឯកភ្នំ ដែលធ្លាប់មានបទពិសោធន៍ និងស្នាដៃមានចំណាត់ថ្នាក់ពីក្រសួងកសិកម្មក្នុងការកែច្នៃផលិតផលកសិកម្ម និងជលផល បានរៀបរាប់ថា ដោយសារតែត្រីឆ្តោ និងត្រីរ៉ស់ ឡើងថ្លៃផង ហើយពិបាករកទើបអ្នកភូមិផ្លាស់ប្តូរពីត្រីរ៉ស់ និងត្រីឆ្តោ ទៅប្រើប្រាស់ត្រីត្រសក់ ត្រីនួនចាន់វិញដែលត្រីប្រភេទនេះជាត្រីចិញ្ចឹមនាំចូលពីប្រទេសថៃ ។ អ្នកស្រីបានចាប់ផ្តើមធ្វើណែមត្រីតាំងពីអំឡុងឆ្នាំ២០០៨ ដែលបច្ចុប្បន្នបានបន្តពង្រីកបង្កើតបានជាសហគមន៍ផលិតណែមសាច់ត្រីធម្មជាតិសុទ្ធ ។
អ្នកស្រីឈួម វណ្ណា ថ្លែងថា«មួយរយៈមុននេះ បន្ទាប់ពីអ្នកភូមិប្តូរប្រភេទត្រីរួចមក គេបានបែកគំនិតប្រើប្រាស់ម្សៅគីមីដែលជាសារធាតុបូរ៉ាក់ ដើម្បីឱ្យសាច់ត្រីឆាប់ស្វិត និងមិនខូច មិនស្អុយ ។ ដោយឡែករូបគាត់មិនបានប្រើដូចគេទេ ដោយរក្សាគុណភាព និងរសជាតិ ប្រើតែសាច់ត្រីផ្ទក់ និងត្រីរ៉ស់ដដែល ពីព្រោះរសជាតិគុណភាពវាខុសគ្នា ហើយតម្រូវការទីផ្សារមិនគ្រប់គ្រាន់ទេ ដោយគ្រាន់តែលក់ថ្លៃជាងគេបន្តិច ។ បែបនេះហើយទើបកើតមានណែមលាយសាច់ត្រី ផ្សេងៗទៀតព្រោះតែតម្រូវតាមទីផ្សារដែលតែងតែយកទៅលក់ដោយមិនគិតពីគុណភាពសោះឡើយ» ។
អ្នកស្រីឈួម វណ្ណា រៀបរាប់ថា ដោយសារតែបច្ចុប្បន្នតម្លៃត្រីរ៉ស់១គីឡូក្រាម១២០០០រៀល(កាត់ក្បាលនិងឆ្អឹងចេញ ) ស្មើនឹងសាច់សុទ្ធ០,៤០គីឡូក្រាម ត្រីត្រសក់ នួនចាន់របស់ថៃ ១គីឡូក្រាម៣៥០០រៀល (ឡានដឹកដល់ផ្ទះ ) ។
រីឯប្រហិតត្រីពីវៀតណាម សាច់សុទ្ធ១គីឡូក្រាម៥៨០០រៀលដែលទិញយកពីគេមកមិនដឹងលាយសាច់អ្វីខ្លះ ហើយយើងបានផលិតទៅគុណភាព និងរសជាតិវាខុសគ្នា ទើបសិប្បកម្មរបស់អ្នកស្រីវណ្ណាបង្កើតជាសហគមន៍ឡើង ដើម្បីរក្សាគុណភាពដោយផលិតតែពីត្រីរ៉ស់ និងត្រីផ្ទក់សុទ្ធ ទោះបីមិនគ្រប់គ្រាន់តម្រូវការទីផ្សារក្តី ។ ធ្វើបែបនេះព្រោះចង់រក្សាកេរ្តិ៍ឈ្មោះ និងគុណភាព រសជាតិ មិនឲ្យគេក្លែងបន្លំបានឡើយ ។ លក់ចេញក្នុងតម្លៃថ្លៃជាងគេបន្តិចមែន តែរសជាតិខុសគ្នា គឺណែមតូច១០០តម្លៃ៤ម៉ឺនរៀល ណែមធំ១០០តម្លៃ៨ម៉ឺនរៀល ។
លោកសាក់ សុខរិន ប្រធានសាខាកាំកុងត្រូលខេត្តបាត់ដំបងលើកឡើងថា លោកនឹងដាក់កម្លាំងឱ្យសិក្សាជាថ្មីឡើងវិញ ដើម្បីឱ្យដឹងថាតើក្រុមអ្នកផលិតណែមត្រីទាំងនោះមានលាយសារធាតុបូរ៉ាក់ ទៀត ឬអត់ទេ ? បើមានលោកនឹងចាត់ការជាបន្តបន្ទាប់ទៅតាមផ្លូវច្បាប់ ព្រោះការប្រើប្រាស់សារធាតុនេះវាអាចប៉ះពាល់ដល់សុខភាពអ្នកបរិភោគ៕
ចែករំលែកព័តមាននេះ