ខេត្តកំពង់ចាម ៖ អ្នកភូមិព្រែកកក់ ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ជាច្រើនគ្រួសារប្រកបរបរធ្វើក្រឡានលក់ដើម្បីដោះស្រាយជីវភាពគ្រួសារ ។ ក្រឡានអ្នកព្រែកកក់ មានរសជាតិឆ្ងាញ់ដោយមិនចាញ់នៅកន្លែង ផ្សេងៗទៀតទេ ។អ្នកស្រីឡុច សុភាព អាយុ៣៦ឆ្នាំ ឲ្យដឹងកាលពីពេល ថ្មីៗកន្លងមកថា គាត់បានប្រកបរបរលក់ក្រឡានជាង៤ឆ្នាំមកហើយ ។ សម្រាប់ឫស្សីធ្វើក្រឡានទិញពីអ្នកកោះត្រែង ឬកោះជ្រូក ដោយទិញម្តងប្រមាណ១០០ដើម ក្នុង១ដើមតម្លៃ៥.០០០រៀល ។ ក្នុង១ដើម អាចកាត់ជាកង់ៗធ្វើបាន១០ ទៅ១២ក្រឡាន ។

អ្នកស្រីឡុច សុភាព រៀបរាប់ថា ការធ្វើក្រឡានដំបូងយកកំណាត់ឫស្សី១កង់ច្រកគ្រឿងផ្សំមានដូចជាអង្ករដំណើប ដូង ទឹកដោះគោ ស្ករស អំបិល និងសណ្តែកក្រហម ។ប្តីរបស់គាត់បានងើបដុតនៅវេលាម៉ោង៤ទៀបភ្លឺ ។ លុះដល់វេលាម៉ោងជាង៦ព្រឹកប្តីគាត់ទៅធ្វើការសំណង់ ដូច្នេះហើយគាត់ និងកូនត្រូវនាំគ្នាដុតក្រឡានបន្ត ។ចំពោះតម្លៃក្រឡានទៅតាមប្រភេទ បើតូច១០តម្លៃ៨.០០០រៀល និងធំ១០ថ្លៃ២៥.០០០រៀល ។ គាត់លក់ក្រឡានពេញ១ឆ្នាំតែម្តង ។ជាមធ្យមក្នុង១ថ្ងៃអ្នកស្រីឡុច សុភាព ធ្វើបាន៧គីឡូក្រាមអង្ករដែលអាចទទួលបានប្រាក់ចំណេញពី៣ម៉ឺនទៅ៤ម៉ឺនរៀល ។ ចំពោះអ្នកដែលមកទិញគឺច្រើនតែអ្នកធ្វើដំណើរតាមម៉ូតូ និងរថយន្តតូចធំពីទីជិតទីឆ្ងាយ ។

អ្នកស្រីឡុច សុភាព និយាយថា «ប្រសិនណាបើប្តីមិនជួយរកបន្ថែមទេ ខ្ញុំពិបាកក្នុងការចំណាយទៅលើកូនរៀនសូត្រនៅសាលារៀនមិនគ្រាន់ទេ ។ ទោះបីជាការប្រកបរបរនេះមានការលំបាកយ៉ាងណាក្តី ក៏ខ្ញុំនៅតែតស៊ូដើម្បីជីវភាពគ្រួសារ ធ្វើយ៉ាងណាឲ្យ កូនៗបានរៀនខ្ពស់ក្រែងនៅថ្ងៃអនាគតនឹងបានប្រសើរជាងនេះ។ ម្យា៉ងវិញទៀតក្រឡានរបស់ខ្ញុំ បើគិតជារសជាតិមិនចាញ់នៅខេត្ត ផ្សេងៗទៀតនោះទេ »។ ចំណែកអ្នកស្រីឡុច យន់ អាយុ៤២ឆ្នាំ ក្នុង១ថ្ងៃធ្វើក្រឡានប្រើអង្ករ៥គីឡូក្រាម ហើយដែលអាចទទួលបានប្រាក់ចំណេញលើសពី២ម៉ឺនរៀល ។ ប្តីគាត់ត្រូវក្រោកដុតក្រឡានពីយប់ងងឹត ដោយប្រើពេលជាង១ម៉ោងក្រឡាននឹងឆ្អិនល្អ ។

ថ្ងៃលក់ដាច់ច្រើន គឺនៅចុងសប្តាហ៍ ដោយខាងបុគ្គលិករបស់ធនាគារឯកជននាំគ្នាធ្វើដំណើរចេញពីស្រុកស្ទឹងត្រង់ ទៅកាន់ក្រុងកំពង់ចាមវិញ ព្រមទាំងអ្នកធ្វើដំណើរ ផ្សេងៗទៀតជួយទិញ ។ ជួនមានពេលខ្លះលក់មិនអស់ ត្រូវខាតចូលដើម ។ ការកត់សម្គាល់របស់អ្នកស្រីឡុច សុភាព គឺពីដំបូងក្នុងភូមិមានតែចំនួន២គ្រួសារទេ ដែលធ្វើក្រឡានលក់ ស្របកាលនោះផ្លូវថ្នល់មិនទាន់ស្អាត ហើយការធ្វើដំណើរតាមកាណូតតាមទន្លេមេគង្គ ។ លុះពេលដែលផ្លូវថ្នល់ធ្វើស្អាតអ្នកលក់បានកើនដល់ជាង១០គ្រួសារ ។

លោកទុន ណេត អភិបាលស្រុកស្ទឹងត្រង់ឲ្យដឹងថា ក្នុងចំណោមអ្នកធ្វើក្រឡានទាំងនោះមានមួយចំនួនខ្ចីប្រាក់ពីអង្គការក្រៅរដ្ឋាភិបាលមួយ សម្រាប់យកធ្វើដើមទុន ដោយត្រូវបង្វិលសងទៅអង្គការវិញតាមដំណាក់កាល ។ ការខ្ចីនោះក្នុងអត្រាការប្រាក់ទាបដើម្បីយកធ្វើទុនបង្កើនមុខរបរ លើកស្ទួយជីវភាព ៕

ចែករំលែកព័តមាននេះ