យោងតាមប្រភពសារព័ត៌មានថៃផ្សាយជាភាសាអង់គ្លេសបានឱ្យដឹងថា យន្តហោះចម្បាំងប្រភេទ F16 ចំនួន២គ្រឿង របស់កងទ័ពអាកាសថៃបានធ្លាក់កាលពីព្រឹកថ្ងៃទី១៤ កុម្ភៈ នៅខេត្ត Chaiyaphum (ឆៃយ៉ាភូមិ) ភាគខាងជើងប្រទេស ប៉ុន្តែអ្នកបើកបរបានរួចជីវិតដោយការគ្រលៀសខ្លួនចេញពីយន្តហោះ ។ នេះបើតាមការឱ្យដឹងរបស់លោក Monthon Satchukorn ជាអ្នកនាំពាក្យរបស់កងទ័ពអាកាសថៃ ។ អ្នកនាំពាក្យដដែលបានឱ្យដឹងថា យន្តហោះទាំង២គ្រឿងនោះចូលរួមក្នុងសមយុទ្ធមួយឈ្មោះ «ពស់វែកមាស ២០១១» ហើយបានបាត់ដានពីប្រព័ន្ធរ៉ាដានៅវេលាម៉ោង១០និង២០នាទីព្រឹកថ្ងៃទី១៤ កុម្ភៈ ។ តាមប្រភពថា យន្តហោះចម្បាំងទាំង២គ្រឿងនេះហោះចេញពីព្រលានយោធានៅខេត្តនគររាជសីមា ។
តាមប្រភពព័ត៌មានថា យន្តហោះចំបាំងទាំង២គ្រឿងនេះបានធ្លាក់នៅតំបន់ព្រៃក្បែរតំបន់ទឹកធ្លាក់ដាច់ស្រយាលមួយក្នុងស្រុកមឿង ខេត្ត Chaiyaphum ។ លោក Monthon Satchumkorn និយាយទៀតថា ប្រមុខកងទ័ពអាកាស សេនាប្រមុខ Ithiporn Suphawong បានបញ្ជាឱ្យឧទ្ធម្ភាគចក្រ និងរថយន្តយោធាទៅកាន់តំបន់នោះ ដើម្បីរុករកអ្នកបើកយន្តហោះទាំងនោះដែលរំពឹងថា នៅមានជីវិត ។
តាមរបាយការណ៍ដំបូងថា មានយន្តហោះធ្លាក់តែមួយគ្រឿងប៉ុណ្ណោះ តែក្រោយមកត្រូវបានគេដឹងថា មានដល់ទៅ២គ្រឿង ។ តាមប្រភពព័ត៌មានដំបូងមួយថា យន្តហោះចម្បាំងទាំង២គ្រឿងដែលធ្លាក់នេះដោយសារការបុកគ្នា ខណៈកំពុងធ្វើសមយុទ្ធលើអាកាស ។ តាមប្រភពព័ត៌មានពីកាសែតបាងកកប៉ុស្តិ៍ឱ្យដឹងបន្ថែមទៀតថា អ្នកនាំពាក្យកងទ័ពអាកាសថៃ លោក Monthon Satchukorn និយាយថា លោក Ithaporn Suphawong ប្រមុខកងកំលាំងទ័ពអាកាសបានបញ្ជាឱ្យអង្គភាពផ្នែកសុវត្ថិភាពផ្លូវអាកាសបង្កើតក្រុមស៊ើបអង្កេតមួយ លើមូលហេតុនៃការធ្លាក់យន្តហោះចម្បាំងប្រភេទ F16 ទាំង២គ្រឿងនោះ ។ លោក Mothon បន្តថា យន្តហោះទាំងពីរគ្រឿងនេះទិញពីសហរដ្ឋអាេមរិកនៅឆ្នាំ២០០២ ។
អ្នកនាំពាក្យរូបនេះនិយាយថា មូលហេតុដែលបណ្តាលឱ្យយន្តហោះទាំងពីរធ្លាក់នៅមិនទាន់ដឹងច្បាស់នៅឡើយទេ ហើយលោកមិនជឿថា វាធ្លាក់ដោយសារបុកគ្នានៅលើអាកាស ខណៈកំពុងចូលរួមក្នុងសកម្មប្រយុទ្ធនោះទេ។ ជាមួយគ្នានេះ ប្រភពមួយបង្ហើបឱ្យដឹងថា អ្នកបើកយន្តហោះទាំងពីរគ្រឿងនោះប្រហែលជាមិនអាចជំលៀសខ្លួនចេញពីយន្តហោះបានទេ ប៉ុន្តែលោក Monthon និយាយថា អ្នកបើកយន្តហោះទាំង២គ្រឿងបានទាក់ទងមកថា ពួកគេមិនមានគ្រោះថ្នាក់អ្វីទេ ។
មានការកត់សំគាល់ថា សមត្ថភាពទ័ពអាកាសរបស់ថៃត្រូវបាននាយករដ្ឋមន្ត្រីអាប់ភីស៊ីត អួតអាងដោយគំរាមកម្ពុជាថា សង្គ្រាមកាលពីដើមខែនេះ មិនអាចចាត់ទុកថា ជាសង្គ្រាមទេ ព្រោះមិនទាន់មានការប្រើប្រាស់យន្តហោះនៅឡើយ ។ ទោះបីជាបែបណារបាយការណ៍ព័ត៌មានមុននេះបានឱ្យដឹងថា យន្តហោះចម្បាំងធុន F16 របស់សៀមនេះ ធ្លាប់បានហោះឆ្វែលលើតំបន់ប្រាសាទព្រះវិហារញឹកញាប់ ក្រោយការប្រយុទ្ធគ្នាដ៏ធ្ងន់ធ្ងរ គឺហោះទៅហោះមក៣សា ដែលមិនដឹងថា ការហោះហើររបស់យន្តហោះចម្បាំងសៀមនេះជាការបង្ហាញសាច់ដុំលើដែនអាកាសរបស់ខ្លួន ឬបែបណានោះទេ ។ នៅថ្ងៃទី១០ កុម្ភៈ យន្តហោះប្រភេទ F16 នេះក៏បានហោះរំលោភចូលព្រំដែនកម្ពុជាក្នុងជំរៅ៦០០ម៉ែត្រ ចាប់ពីច្រកទ្វារអូរស្មាច់ឆ្ពោះទៅតាមបណ្តោយព្រំដែនខ្នងភ្នំដងរែក ។ ទោះបីជាមានការបង្ហាញសាច់ដុំលើទ័ពអាកាសរបស់ខ្លួនយ៉ាងណាក្តី សម្តេចតេជោហ៊ុន សែន ក៏ធ្លាប់មានប្រសាសន៍ថា កម្ពុជាមិនមានទ័ពអាកាសក្បាលមិនជាប់មេឃ ជើងមិនជាប់ដីនោះទេ ហើយយន្តហោះផលិតនៅអាមេរិកនេះក៏ធ្លាប់ចាញ់សង្គ្រាមនៅកម្ពុជាដែរ ។
គួររំលឹកផងដែរ តាមការកំណត់សំគាល់កន្លងមក អ្នករំលោភបំពានបារមីតំបន់ប្រាសាទព្រះវិហារដែនដីដ៏ពិសិដ្ឋរបស់កម្ពុជា តែងជួបបញ្ហាអាក្រក់គេចមិនផុតឡើយ ។ ដូចកាលពីឆ្នាំទៅ ក្រុមមន្ត្រីសៀមនៃក្រសួងបរិស្ថានដែលរារាំង និងរំខានដល់ការអភិរក្ស និងអភិវឌ្ឍប្រាសាទព្រះវិហារក៏ធ្លាប់បានធ្លាក់ឧទ្ធម្ភាគចក្រដែលជិះពិនិត្យបុរាណដ្ឋានក្នុងដីរបស់ខ្លួនដែរ។ ដូច្នេះការធ្លាក់យន្តហោះចម្បាំង F16 នេះមិនដឹងថា បណ្តាលមកពីបារមីដែនដីពិសិដ្ឋ ឬពីអ្វីនោះទេ ទើបត្រូវអស់អំនួតបែបនេះ ៕
ចែករំលែកព័តមាននេះ