រាជធានីភ្នំពេញ ៖ ថ្នាំពុលអាចជ្រាបចូលសរីរាង្គមនុស្សតាមបីប្រភេទផ្សេងៗគ្នា ប្រសិនបើមិនមានការប្រុងប្រយ័ត្ន ។ នេះជាការលើកឡើង នៅក្នុងសិក្ខាសាលាស្តីពី«ការចូលរួមរបស់យុវជននៅក្នុងការអភិវឌ្ឍសហគមន៍ដោយគ្មានថ្នាំពុលនៅក្នុងដំណាំកសិកម្ម»កាលពីថ្ងៃទី៥ ធ្នូ នៅទីស្នាក់ការអង្គការសេដាក ក្រោមអធិបតីភាពលោកបណ្ឌិតយ៉ង សាំងកុមារ ប្រធានអង្គការសេដាក និងមានការចូលរួមពីក្រុមយុវជនព្រមទាំងប្រជាពលរដ្ឋមកពីបណ្តាខេត្តចំនួន១៣។
ថ្លែងនៅក្នុងសិក្ខាសាលានេះ លោកបណ្ឌិតយ៉ង សាំងកុមារ មានប្រសាសន៍ថា ឆ្លងតាមការងារបណ្តុះបណ្តាលយុវជនដែលអង្គការបានបង្ហាត់បង្រៀននាពេលកន្លងមកបានឱ្យដឹងថា យុវជនជនបទគឺជាធនធានមនុស្សដ៏មានសក្តានុពល និងមានតួនាទីយ៉ាងសំខាន់ក្នុងការបង្កើត ការយល់ដឹងដល់កសិករអំពីភាពមានគ្រោះថ្នាក់នៃការប្រើប្រាស់ថ្នាំពុលទៅលើកសិកម្ម និងចូលរួមចំណែកជំរុញកសិកម្មសរីរាង្គ នៅតាមសហគមន៍របស់ពួកគេ ។
លោកបានបន្តថា មានប្រជាពលរដ្ឋប្រមាណ៨០%ជាកសិករបានប្រើប្រាស់សារធាតុគីមីដូចជា ថ្នាំពុលនិងថ្នាំសម្លាប់សត្វល្អិតផ្សេងៗ នៅក្នុងការប្រកបរបរកសិកម្ម ហើយថ្នាំពុលទាំងនេះអាចជ្រាបចូលសរីរាង្គរបស់ពួកគាត់តាម៣របៀបផ្សេងៗគ្នាដូចជា ៖
ទី១-ការចូលតាមមាត់ វាកើតឡើងដោយសារការហូបចំណីអាហារដោយមិនបានលាងដៃ និងការហូបបន្លែដែលមានជាតិពុលនៅប្រឡាក់ជាប់នៅឡើយ ។
ទី២-ការជ្រាបចូលតាមស្បែក គឺវាកើតឡើងដោយសារការបាញ់ថ្នាំសម្លាប់សត្វល្អិតដោយមិនបានពាក់អាវការពារ ។
ទី៣-ការជ្រាបចូលតាមការដកដង្ហើម វាកើតឡើងដោយសារការមិនបានពាក់ម៉ាស់ការពារនៅពេលបាញ់ថ្នាំ ឬក៏ចូលមកកន្លែងដែលទើបនឹងបាញ់ថ្នាំពុលហើយភ្លាមៗ ។
លោកសៅ វុធ ជាប្រជាពលរដ្ឋរស់នៅក្នុងឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល បានឱ្យដឹងថា គាត់ដាំបន្លែចាប់តាំងពីឆ្នាំ១៩៨៤មកម៉្លេះ ហើយគាត់បានលាយថ្នាំពី៣មុខ រហូតដល់៧មុខបញ្ចូលគ្នា ដែលថ្នាំទាំងនោះមានប្រភេទដូចជា ហ្វូលីដុល ផូសឌ្រីន ម៉ូនីទ័រ ហ្វៃទ័រ រីជេន និងសង់ដឹ ។ នៅពេលដែលគាត់ប្រើប្រាស់ថ្នាំទាំងនេះបាញ់ទៅលើបន្លែក៏ដូចជាដំណាំផ្សេងៗ គឺគាត់មិនបានប្រុងប្រយ័ត្នទេ ។ គាត់បន្តថា ក្នុងមួយថ្ងៃគាត់បាញ់ថ្នាំអស់ពី១៥ធុងទៅ២០ធុង ហើយគាត់ក៏ធ្លាប់ពុលថ្នាំដោយសារការបាញ់នេះជាច្រើនលើកមកហើយដែរ ហើយអាការៈនៅពេលរូបគាត់ពុលថ្នាំគឺ ស្រវាំងភ្នែក រសេះរសោះដៃជើងដេកមិនលក់ និងការថយចុះកម្លាំង។ល។
ចំណែកអ្នកស្រីប្រាក់ គឹមហេង អាយុ៣៧ឆ្នាំរស់នៅភូមិកោះរកា ឃុំកោះរកា ស្រុកកំពង់សៀម ខេត្តកំពង់ចាម និយាយថា គាត់បានជួយបាញ់ថ្នាំពុលប្តីរបស់គាត់តាំងពីឆ្នាំ១៩៩៩មកម៉្លេះ ហើយចំពោះអាការៈដែលគាត់ប្រឈមនៅពេលពុលថ្នាំនោះគឺវិលមុខ អស់កម្លាំង និងស្រវាំងភ្នែកជាដើម ៕


ចែករំលែកព័តមាននេះ