ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ភាសន៍​ចូល​ធ្វើការ​យ៉ាងណា​ឱ្យ​ទទួល​បានការ​ងារ​ធ្វើ ?

6 ឆ្នាំ មុន

ការ​សម្ភាស គឺជា​រឿង​ដែល​អ្នក​ណា​ៗ​ក៏​ត្រូវ​តែ​ឆ្លងកាត់​មក​ទាំងអស់ ប៉ុន្តែ​ការ​សម្ភាស​ចូល​​ធ្វើការ វា​ពិបាក​ជាង​ការ​សម្ភាស​ផ្សេង​ៗ​ទៀត​ព្រោះថា ការ​សម្ភាស​ការងារ​សម័យ​នេះ គេ​នឹង​មើល​ពី​លទ្ធផល​ការ​សិក្សា ឬ​បទ​ពិសោធន៍​ការងារ​ភ្ជាប់​មក​ជាមួយ​ប៉ុណ្ណោះ ។ ស្ថាប័ន ឬ​ក្រុមហ៊ុន​បច្ចុប្បន្ន…

ការ​សម្ភាស គឺជា​រឿង​ដែល​អ្នក​ណា​ៗ​ក៏​ត្រូវ​តែ​ឆ្លងកាត់​មក​ទាំងអស់ ប៉ុន្តែ​ការ​សម្ភាស​ចូល​​ធ្វើការ វា​ពិបាក​ជាង​ការ​សម្ភាស​ផ្សេង​ៗ​ទៀត​ព្រោះថា ការ​សម្ភាស​ការងារ​សម័យ​នេះ គេ​នឹង​មើល​ពី​លទ្ធផល​ការ​សិក្សា ឬ​បទ​ពិសោធន៍​ការងារ​ភ្ជាប់​មក​ជាមួយ​ប៉ុណ្ណោះ ។

ស្ថាប័ន ឬ​ក្រុមហ៊ុន​បច្ចុប្បន្ន សម្លឹង​មើល​អ្នក​ដែល​មានគុណ​សម្បត្តិ​ស័ក្តិសម មាន​ទស្សន​គតិ​ស្រប​ជាមួយ​ក្រុមហ៊ុន ព្រមទាំង​ធ្វើការ​រួម​ជាមួយ​អ្នក​ដទៃ​បាន ហើយ​អ្វី​សំខាន់ គឺ​ស្គាល់​ពី​ចំណុចខ្លាំង និង​ចំណុចខ្សោយ​របស់​ខ្លួន ហើយ​ព្រម​កែ​តម្រង់​ខ្លួនឯង​ឲ្យ​ល្អ​ប្រសើរ​ឡើង ។

១-​ការ​ណែនាំ​ខ្លួន ៖
ជា​មូលដ្ឋាន​គ្រឹះ​ដែល​បេក្ខជន​គ្រប់​រូប​ត្រូវ​ធ្វើការ​ណែនាំ​ខ្លួន ដូច​ជា ឈ្មោះ អាយុ ឪពុក​ម្តាយ មាន​បងប្អូន​ប៉ុន្មាន​នាក់ និង​រៀន​ចប់​មហាវិទ្យាល័យ​អ្វី ។ វា​មិនមែន​ជា​រឿង​ខុស​ទេ ប៉ុន្តែ​កុំ​ភ្លេច​ថា នៅ​ពេល​គ្រប់​គ្នា​ជួបនឹង​សំណួរ​នេះ យើង​នឹង​ឆ្លើយ​តប​ដូច​ម្តេច​ដើម្បី​ឲ្យ​ទាក់ទាញ និង​ខុស​ប្លែក​ពី​បេក្ខជន​ដទៃ ។

ដូច្នេះ អ្វី​គួរ​ធ្វើ គឺ​ការ​ណែនាំ​ខ្លួន​ឲ្យ​ក្រុមហ៊ុន​នោះ​ឃើញ​ថា យើង​ជា​បេក្ខជន​ល្អ​បំផុត ស័ក្តិសម​ជាមួយ​តំណែង​ខាងលើ​យ៉ាងណា រួម​ទាំង​លើក​ឧទាហរណ៍ អធិប្បាយ​ឲ្យ​ក្រុមហ៊ុន​មើលឃើញ​រូបភាព​ហើយ​ចាប់អារម្មណ៍​មក​លើ​យើង​កាន់តែ​ខ្លាំង​ឡើង ។

ចំណុច​សំខាន់ គួរ​និយាយ​ឲ្យ​ងាយ​យល់ ជា​ទូទៅ គួរ​ប្រើ​ពេល​ក្នុង​ការ​ណែនាំ​ខ្លួន​មិន​លើស​ពី​២​នាទី ។

២-​អំពី​ក្រុមហ៊ុន ៖
សំណួរ​ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន បេក្ខជន​ជា​ច្រើន​រូប​នឹង​ចាប់ផ្តើម​ចាប់អារម្មណ៍​លម្អិត និង​ស៊ីជម្រៅ​លើ​ក្រុមហ៊ុន នៅ​ពេល​ដែល​ពួក​គេ​ត្រូវ​ក្រុមហ៊ុន​ហៅ​មក​សម្ភាសន៍​ប៉ុណ្ណោះ ប៉ុន្តែ​យើង​គួរតែ​ស្វែងរក​ព័ត៌មាន​របស់​ក្រុមហ៊ុន​ទុក​។ វា​នឹង​ធ្វើ​ឲ្យ​យើង​មាន​ប្រៀប​ក្នុង​ការ​ឆ្លើយ​តប​សំណួរ​សម្ភាសន៍​ការងារ ដូច​ជា ទំហំ​ក្រុមហ៊ុន គម្រោង​ការងារ វប្បធម៌​គ្រប់​គ្រង​ការងារ ផលិតផល សេវាកម្ម​ផ្សេង​ៗ និង​អ្វី​ដែល​ក្រុមហ៊ុន​ធ្វើ ដើម្បី​បង្ហាញ​ឲ្យ​ឃើញ​ថា យើង​ជា​មនុស្ស​យកចិត្តទុកដាក់​ល្អិតល្អន់ ខ្នះខ្នែង​ជាមួយ​ការងារ និង​ពិតជា​ចង់​ធ្វើការ​ជាមួយ​ក្រុមហ៊ុន ។

៣-​សំណួរ​ស៊ីជម្រៅ​លើ​ការងារ ៖
ជា​ច្រើន​លើក​ដែល​ក្រុមហ៊ុន​ជួប​ថា បេក្ខជន​ភាគច្រើន​នឹង​ឆ្លើយ​តប​ថា ពួក​គេ​បានដឹង​ព័ត៌មាន​ពី​ការងារ​និង​អាច​ធ្វើ​បាន ប៉ុន្តែ​នៅ​ពេល​សួរ​លម្អិត ស៊ីជម្រៅ​នោះ ពួក​គេ​បែរជា​ឆ្លើយ​តប​បាន​តែ​ចោះ​ៗ​ប៉ុណ្ណោះ ហើយ​មិន​អាច​ឆ្លើយ​តប​លម្អិត​លើ​ការងារ ឬ​បញ្ជាក់​ពី​ការងារ​បាន​ច្បាស់លាស់​ទេ ។ អ្វី​គួរ​ធ្វើ គឺ​គួរ​សិក្សា​ព័ត៌មាន និង​អាន​លម្អិត​ពីមុខ​តំណែង​ការងារ​ដែល​យើង​ដាក់​ពាក្យ ព្រមទាំង​ឈ្វេងយល់​ឲ្យ​ល្អ​បំផុត ។

៤-​កុំ​កុហក ៖
បើ​មាន​អារម្មណ៍​មិន​ប្រាកដ​ចិត្ត ឬ​មិន​ធ្លាប់​ធ្វើ​មក​ពី​មុន​ទេ ក៏​ប្រាប់​ទៅ​អ្នក​សម្ភាសន៍​ខាង​ក្រុមហ៊ុន​ត្រង់​ៗ ហើយ​យើង​ត្រូវ​បង្ហាញ​ក្រុមហ៊ុន​ពី​ការ​ខំ​តាំងចិត្ត​របស់​យើង​ក្នុង​ការ​បំពេញ​​មុខងារ​នេះ ដោយ​ប្រាប់​ថា យើង​ត្រៀម​នឹង​រៀនសូត្រ និង​អភិវឌ្ឍន៍​ជំនាញ​ដែល​នៅ​ខ្វះខាត ឬ​បទ​ពិសោធន៍​ការងារ​កន្លង​មក ដោយ​អាច​យក​ទៅ​អនុវត្ត​ជាមួយ​មុខ​តំណែង​នេះ​របៀប​ណា ។

៥-​សំណួរ​ពាក់ព័ន្ធ​នឹង​កំហុសឆ្គង​ដែល​បាន​កើតឡើង ៖
ជា​ទូទៅ បេក្ខជន​ជា​ច្រើន​តែង​ប្រាប់​ពី​លទ្ធផល​ដែល​ធ្លាប់​កើតឡើង​ថា យ៉ាងដូចម្តេច ប៉ុន្តែ​ការ​ពិត គោលបំណង​នៃ​សំណួរ​នេះ គឺ​ក្រុមហ៊ុន​ចង់​ជ្រាប​ថា តើ​បេក្ខជន​បាន​រៀន​សូត្រ​អ្វីខ្លះ​ពី​ហេតុការណ៍​កើតឡើង អាច​ឆ្លងកាត់​បញ្ហា​ទាំងនោះ​បាន​យ៉ាងដូចម្តេច ព្រមទាំង​អភិវឌ្ឍន៍​កែតម្រូវ និង​អាច​យក​បទ​ពិសោធន៍​ខុស​នេះ​ទៅ​បង្រៀន​អ្នក​ដទៃ​បែប​ណាខ្លះ ។ សំណួរ​នេះ​នឹង​ធ្វើ​ឲ្យ​ក្រុមហ៊ុន​ស្គាល់​ពី​បេក្ខជន​ខ្លាំង​ឡើង មិន​ថា​ជា​វិធី​ការ​ទទួលយក​ស្ថានការណ៍​កើតឡើង​ផ្សេង​ៗ រហូត​ដល់​គំនិត​របស់​បេក្ខជន​ផង​ដែរ ។

បើ​យើង​រៀនសូត្រ និង​ត្រៀមខ្លួន​បាន​ល្អ វា​នឹង​ជួយ​បន្ថែម​ទំនុកចិត្ត​ក្នុង​ការ​សម្ភាស​ការងារ​ខ្លាំង​ឡើង និង​ជួយ​ឲ្យ​មានឱកាស​បាន​រួមការ​ងារ​ជាមួយ​ក្រុមហ៊ុន​ដែល​យើង​សុបិន ព្រោះ​ការងារ​ល្អ​ៗ មិនមែន​រកបាន​ដោយ​ងាយ​ៗ​ទេ ។ បើ​យើង​ជួប​មុខ​តំណែង​ពេញចិត្ត និង ​ស័ក្តិសម​ជាមួយ​ខ្លួនឯង​ហើយ​នោះ ក៏​កុំ​បណ្តោយ​ឲ្យ​វារ​បូត​ពី​ដៃ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ