ខេត្តកំពង់ឆ្នាំង ៖ បន្ទាប់ពីមានការចុះផ្សាយរបស់កាសែត និងទូរទស្សន៍ ពីទំនាស់ចាក់ដីបិទផ្លូវ របស់បុរសម្នាក់ដែលតាំងខ្លួនជាអ្នកសច្ចំលើភ្នំកាច់ចង្កូត បណ្តាលឲ្យប្រជាពលរដ្ឋចំនួន១៥គ្រួសារ ក្លាយជាជនរងគ្រោះព្រោះតែគ្មានផ្លូវដើរ និងបណ្តាលឲ្យជន់លិចលង់លំនៅដ្ឋាន ក្នុងពេលខែវស្សា ហើយបានស្រែកសុំក្តីអន្តរាគមន៍ពីគ្រប់ទិសទី រួមទាំងពាក្យបណ្តឹងរបស់ជនរងគ្រោះផងនោះ។ នៅព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៨ ក្រុមការងារចម្រុះដោះស្រាយវិវាទថ្នាក់ខេត្ត ដឹកនាំដោយលោក សោម សុជាតា បានចុះទៅដោះស្រាយដីទំនាស់ខាងលើ ស្ថិតក្នុងភូមិក្បាលថ្នល់ ឃុំផ្សារ ស្រុកបរិបូរណ៍ ។ កិច្ចប្រជុំពីដំបូង បានធ្វើនៅសាលាស្រុកបរិបូរណ៍ បន្ទាប់មកបានចុះមកដល់ដីទំនាស់ជាក់ស្តែង ប៉ុន្តែពេលនោះភាគីទាំងពីរបានស្រែកតវ៉ាគ្នាទៅវិញទៅមកធ្វើឲ្យការសម្របសម្រួលជួបការលំបាក។ ក្រោយមកទើបក្រុមសមត្ថកិច្ចចម្រុះរួមទាំងតំណាងភាគីទាំងសងខាងបាន សុំទីចាត់ការសាលាបឋមសិក្សានៅជិតនោះដើម្បីពិភាក្សាដោះស្រាយជាថ្មីម្តងទៀត។
នៅទីនោះ លោក លី សុភា ប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្មសំណង់ និងសុរិយោដីខេត្តកំពង់ឆ្នាំង និងជាអនុប្រធានក្រុមការថ្នាក់ខេត្ត បានលើកឡើងថា លោក រួន វិនថន ពិតជាបានចាក់ដីបិទផ្លូវដើរ បណ្តាលឲ្យប្រជាពលរដ្ឋ១៥គ្រួសារ រងគ្រោះដោយខ្វះផ្លូវដើរ និងបណ្តាលឲ្យជន់លិចភូមិដ្ឋានប្រជាពលរដ្ឋ នៅខែវស្សាពិតមែន។ ដោយលោកមានប្រសាសន៍ទៅកាន់លោក រួន វិនថន ដែលជាភាគីអ្នកចាក់ដី បិទផ្លូវនេះថា កាលដើមឡើយផ្លូវប្រជាពលរដ្ឋដើរជាធម្មតាគ្មានទំនាស់អ្វីទាំងអស់ តែក្រោយពីចាក់ដីបិទផ្លូវ មិនត្រឹមតែប្រជាពលរដ្ឋខ្វះផ្លូវដើរប៉ុណ្ណោះទេ ថែមទាំងធ្វើឲ្យជន់លិចលង់ភូមិដ្ឋានពួកគាត់ទៅទៀត។ ដឹងហើយថា ការអភិវឌ្ឍន៍ភូមិដ្ឋានក្នុងគ្រួសារ តែវាបានបង្កឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋអ្នកដទៃ។ បើសិនមិនមានការចាក់ដីបិទផ្លូវ ក៏បងប្អូនប្រជាពលរដ្ឋគ្មានការតវ៉ានោះដែរ ហេតុនេះអ្នកចាក់ដីត្រូវតែទទួលខុសត្រូវ។ ក្នុងនាមក្រុមការងារថ្នាក់ខេត្តចុះមកនេះចង់សម្របសម្រួលឲ្យមានការស្រុះស្រួលទាំងសងខាង ដើម្បីធ្វើម៉េចឲ្យប្រជាពលរដ្ឋមានផ្លូវដើរមានផ្លូវរំដោះទឹកសម្រាប់ខែវស្សា។ ក្នុងគ្រានោះដែរគេឃើញលោក រួន វិនថន ដែលជាអ្នកចាក់ដីបិទផ្លូវ បានប្រកែកតវ៉ាច្រើនចំណុចដែរ ប៉ុន្តែក្រោយមកក៏មានភាពស្រុះស្រួលគ្នាមួយកម្រិត ដែលអាចនឹងអាចឈានដល់ដោះស្រាយចប់សព្វគ្រប់ បើសិនលោក រួន វិនថន គោរពតាមកិច្ចសន្យា។

ផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន លោក លី សុភា ប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបានឲ្យដឹងថា ដោយយោងតាមចំណាររបស់ឯកឧត្តម អភិបាលខេត្តកំពង់ឆ្នាំង ចុះថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧ មានខ្លឹមសារថា(ដោះស្រាយជាបន្ទាន់ ជារូមត្រូវបើកផ្លូវជូនប្រជាពលរដ្ឋ ប្រើប្រាស់ជាដាច់ខាត)។ ប៉ុន្តែបន្ទាប់ពីមានការសម្របសម្រួលរបស់ក្រុមការងារចម្រុះរបស់ខេត្ត នៅថ្ងៃនេះ លោក រួន វិនថន បានយល់ព្រមបើកផ្លូវថ្មី (មិនមែនផ្លូវចាស់)ពីជើងទៅត្បូងប្រវែងជាង៧០ម៉ែត្រ ទទឹងប្រវែង ២,៥០ម៉ែត្រ ឲ្យប្រជាពលរដ្ឋធ្វើដំណើរ និងយល់ព្រមដាក់លូតាមព្រំរបងពីខាងលិចភូមិ បត់ទៅជើង និងបត់មកកើតដល់ផ្លូវលំ មានមុខកាត់៣តឹក។ ចាប់ផ្តើមធ្វើផ្លូវនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨ ក្នុងខណៈផ្លូវមិនទាន់ធ្វើហើយ ប្រជាពលរដ្ឋទាំង១៥គ្រួសារ មានសិទ្ធិដើរលើផ្លូវចាស់បាន ។ ចំណែកលូនឹងធ្វើឲ្យទាន់មិនខែវស្សាតាមលក្ខណៈមន្ត្រីជំនាញ។
រាល់ការចំណាយទាំងអស់ជាបន្ទុករបស់ រួន វិនថន។ យ៉ាងនេះក្តី លោក គង់ ប៊ុនថេត តំណាងប្រជាពលរដ្ឋ១៥គ្រួសារ បានឲ្យដឹងដែរថា ពេលនេះរូបលោក និងលោក ថោង មាឃ បានយល់ព្រមការដោះស្រាយនេះហើយ តែប្រជាពលរដ្ឋ ១៣គ្រួសារទៀត មិនទាន់ដឹងថា ពួកគាត់យល់ព្រម ឬយ៉ាងណា? ម្យ៉ាងវិញទៀត គាត់សំណូមពរដល់ ក្រុមការងារចម្រុះខេត្ត លោកអភិបាលស្រុក និងលោកមេឃុំ មេតា្តជួយចុះមកតាមដានរឿងនេះផង ថាតើលោក រួន វិនថន គោរពតាមកិច្ចសន្យា ឬអត់ ព្រោះគាត់និយាយមិនសូវទៀងទាត់នោះទេ ។ បើសិនភាគីលោក រួន វិនថន ព្រមធ្វើតាមការសន្យាជាមួយក្រុមចម្រុះនៅថ្ងៃនេះ ប្រជាពលរដ្ឋ នឹងសប្បាយចិត្ត។ សូមរំឮកដែរថា លោក ប៊ិន សំផាន មេឃុំផ្សារបានបញ្ជាក់ថា លោក រួន វិនថន ដែលគ្រប់គ្នាស្គាល់គាត់ជាអ្នកសច្ចំលើភ្នំកាច់ចង្កូត ក្នុងទឹកដីខេត្តពោធិ៍សាត់ ពិតជាបានចាក់ដីរំលោភយកផ្លូវរបស់ប្រពលរដ្ឋធ្លាប់ដើរពិតមែន ហើយការដោះស្រាយនេះ មិនមែន លោក រួន វិនថន បានធ្វើសម្បទានឲ្យដីមកប្រជាពលរដ្ឋនោះទេ តែនេះជាការដោះដូរ សូមកុំច្រឡំ បើគ្មានការរំលោភយកដីផ្លូវប្រជាពលរដ្ឋធ្លាប់ដើរនោះទេ ក៏លោក រួន វិនថន មិនព្រមដោះដូរដីនៅខាងត្បូងនោះឲ្យដែរ៕

ចែករំលែកព័តមាននេះ