ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តាមដាន​លទ្ធផល​ជើង​ខ្លាំង​3​រូប​ប៉ះ​ជាមួយ​កីឡាករ​ថៃ​

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃ​សៅរ៍​ទី​៦ និង​អាទិត្យ​ទី​៧ មក​រា កីឡាករ​ជើង​ខ្លាំង​កម្ពុជា​៣​រូប​ត្រូវ​គេ​ឃើញ​ឡើង​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​រួម​គ្នា ដោយ​ការ​ប្រដាល់​របស់​ពួក​គេ​បាន​ធ្វើ​ឱ្យ​មានការ​តាមដាន​យ៉ាង​ខ្លាំង​ពី​សំណាក់​អ្នក​ស្នេហា​វិស័យ​ប្រដាល់ ក្នុង​ពេល​ដែល​ម្នាក់​ៗ​សុទ្ធតែ​ត្រូវ​ប៉ះ​គ្នា​ជាមួយ​កីឡាករ​ជើង​ខ្លាំង​ដូច​គ្នា ។ អ្នក​ទាំង​៣​នាក់​សុទ្ធតែ​ជា​តួឯក​នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​អន្តរជាតិ​ផ្សេង​គ្នា…

រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃ​សៅរ៍​ទី​៦ និង​អាទិត្យ​ទី​៧ មក​រា កីឡាករ​ជើង​ខ្លាំង​កម្ពុជា​៣​រូប​ត្រូវ​គេ​ឃើញ​ឡើង​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​រួម​គ្នា ដោយ​ការ​ប្រដាល់​របស់​ពួក​គេ​បាន​ធ្វើ​ឱ្យ​មានការ​តាមដាន​យ៉ាង​ខ្លាំង​ពី​សំណាក់​អ្នក​ស្នេហា​វិស័យ​ប្រដាល់ ក្នុង​ពេល​ដែល​ម្នាក់​ៗ​សុទ្ធតែ​ត្រូវ​ប៉ះ​គ្នា​ជាមួយ​កីឡាករ​ជើង​ខ្លាំង​ដូច​គ្នា ។ អ្នក​ទាំង​៣​នាក់​សុទ្ធតែ​ជា​តួឯក​នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​អន្តរជាតិ​ផ្សេង​គ្នា ដោយ​លទ្ធផល​ដែល​បាន​ស្ដែង​ឡើង ក៏​ខុស​គ្នា​ផង​ដែរ​។

កីឡាករ ឈាន ហុង ដែល​ត្រូវ​គេ​ស្គាល់​ថា ​ជា​ជើង​ខ្លាំង​មិនធម្មតា​ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥​គីឡូក្រាម គឺជា​សមាសភាព​មួយ​រូប​ដែល​ត្រូវ​ឡើង​ប្រកួត​កាលពី​ព្រឹក​ថ្ងៃ​សៅរ៍ ទី​៦ មក​រា នៅ​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ​របស់​ទូរ​ទ​ស្ស៍​អាស៊ី​អាគ្នេយ៍ ដោយ​ត្រូវ​ប៉ះ​ប្រកួត​ជាមួយ​កីឡាករ Phat Chhaydom ។

អ្នក​ទាំង​ពីរ​ប៉ះ​គ្នា​ក្នុង​នាម​ជា​គូ​ឯក​នៅ​ក្នុង​ព្រឹត្តិការណ៍ ខណៈ​ដែល​លទ្ធផល​របស់​ពួក​គេ​ហាក់​ធ្វើ​ឱ្យ​អ្នក​ស្នេហា​វិស័យ​ប្រដាល់​ភាគច្រើន​បង្ហាញ​ការ​ខកចិត្ត ជា​ពិសេស​ក្នុង​ពេល​ដែល​កីឡាករ​កម្ពុជា​ត្រូវ​គេ​ស្គាល់​ថា​ជា​ជើង​ខ្លាំង និង​ល្បីឈ្មោះ​មិនធម្មតា ប៉ុន្តែ​បែរជា​មាន​លទ្ធផល​មិន​ដូច​បំណង ។ ត្រឹមតែ​ទឹក​ទី​៣​ប៉ុណ្ណោះ កីឡាករ ឈាន ហុង ត្រូវ​បាន​ជើង​ខ្លាំង​មក​ពី​ប្រទេស​ថៃ​វាយ​ឱ្យ​ខ្ចប់​នៅ​លើ​រេញ ហើយ​លទ្ធផល​ចុង​ក្រោយ​ក៏​បាន​បរាជ័យ ដោយសារ​តែ​មិន​អាច​បន្ត​ការ​ប្រកួត​តាម​ការ​ចង់បាន ។

ដ្បិតថា កីឡាករ​កម្ពុជា​រូប​នេះ ប្រកាស​ថា​ខ្លួន​មិន​អាច​ទៅ​រួច​ជាមួយ​កីឡាករ​ថៃ​ទើប​ឈាន​ដល់​ការ​បោះបង់​ការ​ប្រកួត ប៉ុន្តែ​អ្នកខ្លះ​ក៏​ចោទ​ថា​លោក​មាន​បំណង​ស៊ី​ឡាក​ទើប​ខំ​ធ្វើ​ជា​ប្រកួត​មិនកើត​ក្នុង​ពេល​កីឡាករ​ថៃ​ថែម​លើស តែ​លទ្ធផល​ចុង​ក្រោយ​គឺ​គណៈ​កម្មការ​នៅ​តែ​សម្រេច​ឱ្យ​កីឡាករ​ថៃ​ជា​អ្នក​ឈ្នះ​ផ្ទុយ​ពី​ការ​រំពឹង​ទុក ។ កីឡាករ ឈាន ហុង បាន​ធ្វើ​ឱ្យ​ម្នាក់​ៗ​ខកចិត្ត​មិន​តិច​នោះ​ទេ ក្នុង​ពេល​ដែល​គេ​ប្រកួត​ក្នុង​អំឡុង​២​ទឹក​ដំបូង​គឺ​មិនសូវ​បាន​ល្អ​នោះ​ទេ ប៉ុន្តែ​គ្រាន់តែ​ឈាន​ដល់​ទឹក​ទី​៣​ភ្លាម ក៏​ផ្ទុះ​រឿង​ចម្រូង​ចម្រាស ហើយដោយ​សារ​តែ​កីឡាករ​ថៃ​ភ្លាត់​ថែម​លើស​ពី​ការ​កំណត់​ក្នុង​ច្បាប់​របស់​សហព័ន្ធ​ផង ទើប​ធ្វើ​ឱ្យជើង​ខ្លាំង​ឈាន ហុង ដែល​រាង​ពិបាក​ស៊ី​លើ​កីឡាករ​ថៃ​មាន​បំណង​ចាប់កំហុស តែ​លទ្ធផល​ចុង​ក្រោយ​គឺ​លោក​បែរជា​ត្រូវ​គេ​ឱ្យ​ចាញ់​ដោយ​ខ្លួនឯង​។

យ៉ាងណាមិញ លោក​បាន​បញ្ជាក់​ថា មួយ​ស្នៀត​របស់​កីឡាករ​ថៃ​ពិតជា​ធ្វើ​ឱ្យ​លោក​បន្ត​តស៊ូ​​មិន​រួច​ពិតមែន ទើប​ធ្វើ​ឱ្យ​លោក​សម្រេចចិត្ត​បោះបង់ មិនមែន​ដូច​គណៈកម្មការ​ចោទ​​លោក​ថា​ធ្វើ​ពុត​មិន​ចង់​ប្រកួត​បន្ត​ទេ ។ លោក​មិន​ត្រូវ​បាន​គណៈកម្មការ​ប្រកាស​ពី​ការ​ចាប់កំហុស​នោះ​ទេ តែ​ក៏​បាន​ដាក់​សំណើ​ឱ្យ​លោក​ប្រឹង​ប្រកួត​ឱ្យ​បាន​ល្អ ដើម្បី​កុំឱ្យ​មានរឿង​រិះគន់​ក្រោយ​ពេល​ប្រកួត​ចាញ់​ផង​ដែរ ។ ឈាន ហុង ត្រូវ​គេ​ដឹង​ថា ធ្លាប់​ប្រកួត​៧០​លើក​ប្រហាក់ប្រហែល​នឹង​កីឡាករ​ថៃ ដែល​ធ្លាប់​ប្រកួត​បាន​៧២​លើក​។

មឿ​ន សុខ​ហ៊ុ​ច គឺជា​កីឡាករ​ជើង​ខ្លាំង​របស់​ប្រទេស​កម្ពុជា និង​ជា​ម្ចាស់​ខ្សែក្រវាត់​អន្តរ​ជាតិ​មួយ​រូប​មក​ពី​ប្រទេស​ថៃ​កាលពីមុន​ផង​ដែរ ទើប​រាល់​ការ​ឡើង​ប្រកួត​របស់​កីឡាករ​រូប​នេះ​រមែង​មានការ​ចាប់អារម្មណ៍ ។

លោក​ត្រូវ​គេ​ឱ្យ​ឡើង​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ​របស់​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​ផង​ដែរ ដោយ​លោក​ជា​គូ​ឯក​នៅ​ក្នុង​ព្រឹត្តិការណ៍​ពេល​រសៀល​កាលពី​ថ្ងៃ​សៅរ៍​ទី​៦ មក​រា ដោយ​គូប្រកួត​របស់​លោក​គឺ​កីឡាករ​ថៃ​ឈ្មោះ Song Yuat ខណៈ​ដែល​ការ​ប្រកួត​របស់​គូ​នេះ​បាន​ចាប់ផ្ដើម​ឡើង​យ៉ាង​ទាក់ទាញ​តាំងពី​ដើម​ទី តែ​នៅ​ចុង​ទឹក​ហាក់​មាន​ភាព​រង្វើល​ដាក់​គ្នា​បន្តិច ។

នេះ​ជា​គូ​អន្តរជាតិ​ធំ​មួយ​សម្រាប់​ព្រឹត្តិការណ៍​ប្រដាល់​អន្តរជាតិ​ពេល​រសៀល​ថ្ងៃ​សៅរ៍ ដែល​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​បាន​ប្រកាស​សម្រិតសម្រាំង​នៅ​អំឡុង​ដើម​ខែមករា ឆ្នាំ​២០១៨ ដើម្បី​ទាក់ទាញ​អ្នក​ទស្សនា និង​អ្នកគាំទ្រ​ឱ្យ​ចង់​តាមដាន ។ ក្នុង​ទឹក​ទី​១ កីឡាករ​ទាំង​២​មិន​មាន​អ្នក​ណា​មាន​ប្រៀប​ជាង​អ្នក​ណា​នោះ​ទេ ដោយ​គេ​ឃើញ​ម្នាក់​ៗ​ប្រើ​ពេល​ស្ទាបស្ទង់​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក មិនសូវ​ធ្វើការ​វាយលុក​ឱ្យ​អស់ដៃ​នោះ​ទេ ។

កីឡាករ​ទាំង​ពីរ សុទ្ធតែ​ប្រើ​កែង និង​ម៉ាត់​ៗ​ប្រដេញ​គ្នា​នៅ​ទឹក​ទី​២ តែ​គេ​ឃើញ​កីឡាករ​កម្ពុជា​ចាប់ផ្ដើម​នាំមុខ​កណ្ដាប់ដៃ និង​មាន​ប្រៀប​ជាង បើ​ទោះជា​ក្នុង​ទឹក​នេះ​កីឡាករ​កម្ពុជា​ទទួល​រង​កណ្ដាប់ដៃ​មិនធម្មតា​ជា​ច្រើន​របស់​ថៃ​បក​ត្រឡប់​មក​វិញ​ក្ដី ។

អ្នក​ទស្សនា​កាន់តែ​មើលឃើញ​ពី​ភាព​តានតឹង​សម្រាប់​ការ​ប្រកួត​របស់​គូ​ទាំង​៣​នៅ​ពេល​ដំណាក់កាល​វាល​លុក​ឈាន​ដល់​ទឹក​ទី​៣ ដែល​ត្រូវ​បាន​គេ​រាប់​ថា​ជា​ទឹក​ពិបាក​ក្នុង​ការ​ស្ទាបស្ទង់ ដោយសារ​តែ​កីឡាករ​ថៃ​ក៏​បញ្ចេញ​ភាព​ខ្លាំង ហើយ​កីឡាករ​កម្ពុជា​ក៏​បង្កើន​ថ្វីដៃ ។ ម្ចាស់​ខ្សែក្រវាត់​ល្បីឈ្មោះ​របស់​កម្ពុជា​លោក មឿ​ន សុខ​ហ៊ុ​ច ធ្វើ​ឱ្យ​អ្នក​ទស្សនា​កាន់តែ​ពេញចិត្ត ដោយសារ​តែ​គេ​ហ៊ាន​ស្ទុះ​វាយ​ទៅ​លើ​គូប្រកួត​ដោយ​មិន​ខ្លាច​រង​របួស ហើយ​ធ្វើ​ឱ្យ​អ្នក​ទស្សនា​ស្ទើរ​មិន​ហ៊ាន​ធ្មេចភ្នែក ព្រោះតែ​ជក់ចិត្ត ។

នៅ​ទឹក​ទី​៤ កីឡាករ​កម្ពុជា​នៅ​តែ​រក្សា​លំនឹង​នាំមុខ ប៉ុន្តែ​ឈាន​ដល់​ដើម​ទឹក​ទី​៥ កីឡាករ​កម្ពុជា​ត្រូវ​កីឡាករ​ថៃ​វាយ​ត្រូវ​ខ្ចប់​ៗ​វិញ ហើយ​នៅ​អំឡុង​ចុង​ទឹក​គឺ​ភាគី​ទាំង​២ ហាក់​រយាល​​រៀងខ្លួន ធ្វើ​ឱ្យ​លោក​អាជ្ញាកណ្ដាល​បញ្ជា​ឱ្យ​វ៉ៃ ក៏​នៅ​តែ​មិនវ៉ៃ​។ មួយគូ​នេះ​បញ្ចប់​ដោយ​កីឡាករ​កម្ពុជា ឈ្នះ​ពិន្ទុ ក្នុង​ពេល​ដែល​ជ័យជម្នះ​របស់​គេ ក៏​មាន​អ្នក​ទស្សនា​គាំទ្រ​ភាគច្រើន​ពេញចិត្ត និង​សរសើរ​ថា គេ​ពិតជា​មាន​ថ្វីដៃ​មិនធម្មតា​មែន ទើប​អាច​បំបាក់​កីឡាករ​ថៃ​រូប​នេះ ដែល​ត្រូវ​គេ​ស្គាល់​ថា​ជា​ជើង​ខ្លាំង​ម្នាក់ ។

ទោះបី​យ៉ាងណា ធៀប​នឹង​កម្រិត​នៃ​ការ​ប្រកួត កីឡាករ​កម្ពុជា​ល្អ​ជាង​ឆ្ងាយ​ណាស់ ទើប​ជ័យជម្នះ​របស់​កម្ពុជា​គឺ​គេ​មើលឃើញ​តាំងពី​ជំហាន​ដំបូង ដោយ​មាន​អ្នកខ្លះ​បែរជា​រិះគន់​ថា​លោក​មាន​ប្រវត្តិ​ប្រកួត​ល្អ​ជាង​ច្រើន​ដង បែរជា​ឈ្នះ​កីឡាករ​ថៃ​ដោយ​ពិន្ទុ​ទាំង​លំបាក​នោះ​ផង ។ កីឡាករ​ថៃ​ត្រូវ​គេ​ប្រកាស​ថា​ទើបតែ​បាន​ប្រកួត​៨៥​លើក​ប៉ុណ្ណោះ ឈ្នះ​៧០​លើក ក្នុង​ពេល​ដែល​កីឡាករ​កម្ពុជា ប្រកួត​បាន​ដល់​១៣៥​លើក ឈ្នះ​១០៨​លើក​។

កីឡាករ​ជើង​ខ្លាំង​កម្ពុជា​ចុង​ក្រោយ គឺ​កីឡាករ អ៊ុំ ចំរើន ដោយ​លោក​ត្រូវ​បាន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​បើក​រេញ​ឱ្យ​ប្រកួត​ជា​គូ​ឯក​នៅ​ក្នុង​ព្រឹត្តិការណ៍​ថ្ងៃអាទិត្យ ទី​៧ មក​រា នៅ​វេលា​ម៉ោង​២​រសៀល ហើយ​លទ្ធផល​ក្រោយ​ការ​ប្រកួត​យ៉ាង​ស្វិតស្វាញ​នៅ​លើ​សង្វៀន​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ Super Chhai គឺ​ត្រូវ​ចាញ់​កីឡាករ​ថៃ​ដោយ​ពិន្ទុ ។

ការ​ប្រកួត​ទាំង​៥​លើក​របស់​លោក មិន​ធ្វើ​ឱ្យ​អ្នក​ទស្សនា​ពេញចិត្ត​នោះ​ទេ ដោយសារ​តែ​លោក​ហាក់​មិនសូវ​បញ្ចេញថ្វីដៃ​បាន​ល្អ​ដូច​មុន ប៉ុន្តែ​អ្នក​ទស្សនា​ផ្សេង​ទៀត​ក៏​យល់​ឃើញ​​ថា​បណ្ដាល​មក​ពី​គូប្រកួត​របស់​លោក​គឺជា​ជើង​ខ្លាំង​ម្នាក់ ហើយ​ពិបាក​វាយ​ចូល ។

លោក​ត្រូវ​បាន​ប្រកាស​ថា​បរាជ័យ​ទាំង​មិន​អស់ចិត្ត ហើយ​គណៈកម្មការ​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ ក៏​មាន​គម្រោង​ដាក់​គូ​នេះ​ឱ្យ​សងសឹក​គ្នា​ជា​ថ្មី​ផង​ដែរ ក្នុង​ពេល​ខាង​មុខ​ដ៏​ខ្លី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ