រាជធានីភ្នំពេញ ៖ ស្រាបៀរម៉ាកម៉ាស្ទ័រផលិតនៅក្នុងស្រុកចំនួនជាង១.០០០កេសកាលពីល្ងាចថ្ងៃទី២៤ មីនា បានត្រូវនាយកក្រុមហ៊ុន NOKORMEAS CO. LTD សហការជាមួយសមត្ថកិច្ចនគរបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចរាជធានីភ្នំពេញ និងនាយកដ្ឋានកាំកុងត្រូល ក្រសួងពាណិជ្ជកម្ម ចាប់ឃាត់ទុកមិនឱ្យធ្វើចរាចរណ៍លើទីផ្សារ ព្រោះជាទំនិញខូចគុណភាព។
ទាក់ទិននឹងការឃាត់ទំនិញស្រាបៀរខូចគុណភាពជាង១.០០០កេសខាងលើនេះ លោកឃុន ប៉ាលី នាយកក្រុមហ៊ុន NOKORMEAS CO.LTD បានឱ្យដឹងថា ក្រុមហ៊ុនរបស់លោកបានជួលក្រុមហ៊ុនឈ្មោះ ANA WATER AND SMILER Co.Ltd ដែលមានទីតាំងរោងចក្រផលិតស្រាបៀរនេះនៅភូមិត្រពាំងចារ ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម និងមានថៅកែរោងចក្រឈ្មោះផាំ វ៉ាន់ឡាក់ ជនជាតិវៀតណាម ឱ្យផលិតស្រាបៀរម៉ាកម៉ាស្ទ័រផ្តាច់មុខសំរាប់តែក្រុមហ៊ុនរបស់លោកដើម្បីយកទៅធ្វើអាជីវកម្មលើទីផ្សារក្នុងព្រះរាជាណាចក្រកម្ពុជា។ កិច្ចសន្យាបានឯកភាពគ្នារវាងក្រុមហ៊ុនទាំង២ជាផ្លូវការហើយ ដោយពុំមានភាគីណាផ្សេងលួចលក់ស្រាបៀរម៉ាស្ទ័រនេះដោយពុំមានការអនុញ្ញាតពីក្រុមហ៊ុន NOKORMEAS Co.Ltd នោះទេ ។ លោកឃុន ប៉ាលី បានឱ្យដឹងទៀតថា កន្លងមកក្រុមហ៊ុនទាំង២បានគោរពកិច្ចសន្យាត្រឹមត្រូវដែលគូភាគីបានព្រមព្រៀងគ្នា។ ប៉ុន្តែនៅពេលថ្មីៗនេះ ស្រាបៀរម៉ាស្ទ័រមួយចំនួនដែលក្រុមហ៊ុនរបស់លោកលក់ និងចែកចាយតាមដេប៉ូនៅរាជធានី ក្រុង និងខេត្តមិនទាន់បាន ទើបស្រាបៀរនោះត្រូវហួសកាលបរិច្ឆេទ ខុសពីស្តង់ដាក្រុមហ៊ុនកំណត់។ ដូច្នេះក្រុមហ៊ុនលោកបានប្រមូលស្រាបៀរនោះបង្វិលឱ្យទៅក្រុមហ៊ុន លោកផាំ វ៉ាន់ឡាក់ វិញដើម្បីឱ្យរោងចក្របំផ្លាញចោល ព្រោះជាស្រាបៀរខូចគុណភាព។
លោកឃុន ប៉ាលី បន្តទៀតថា ពេលក្រុមហ៊ុនលោកបង្វិលស្រាបៀរខូចគុណភាពឱ្យទៅខាងរោងចក្រផលិតវិញ បែរជាមានធ្លាយចេញស្រាបៀរខូចគុណភាពមួយចំនួនលក់នៅលើទីផ្សារ។ ក្រោយពីទទួលបានព័ត៌មាននេះ លោកបានដាក់ភ្នាក់ងារតាមដានរាល់សកម្មភាព និងស្រាវជ្រាវរកឱ្យឃើញតើលេចចេញពីប្រភពណា។ ជាក់ស្តែង ការស្រាវជ្រាវបានរកឃើញក្រុមហ៊ុនដែលជាម្ចាស់រោងចក្រផលិតស្រាបៀរនេះតែម្តង ដឹកស្រាបៀរខូចគុណភាពដែលក្រុមហ៊ុនលោកបង្វិលទៅឱ្យ យកមកលក់លើទីផ្សារ ដូច្នេះហើយបានជាលោកត្រូវសហការជាមួយស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធចាប់ស្រាបៀរនោះទុកដើម្បីធ្វើការដោះស្រាយគ្នាតាមការចរចា ឬតាមផ្លូវច្បាប់។
លោកឃុន ប៉ាលី អះអាងទៀតថា ក្រុមហ៊ុនរបស់លោកផាន់ វ៉ាន់ឡាក់ ធ្វើយ៉ាងដូច្នេះពិតជារំលោភសិទ្ធិផ្តាច់មុខរបស់ក្រុមហ៊ុនលោកហើយ។ កោះសន្តិភាពបានព្យាយាមទាក់ទងទៅក្រុមហ៊ុនលោកផាំ វ៉ាន់ឡាក់ ដើម្បីសាកសួរព័ត៌មានជុំវិញការចោទប្រកាន់ពីសំណាក់លោកឃុន ប៉ាលី ដែរ ប៉ុន្តែទាក់ទងមិនបាន។ ដូច្នេះការចោទប្រកាន់ខាងលើនេះគ្រាន់តែជាការអះអាងរបស់ភាគីម្ខាងប៉ុណ្ណោះ ៕
ចែករំលែកព័តមាននេះ