ខេត្តស្វាយរៀង ៖ ដោយអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោក ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង ដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្ដមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង ស្តីពីការអនុវត្តយុទ្ធនាការបង្ក្រាបបទល្មើសអនឡាញស្គេម នៅទូទាំងខេត្តស្វាយរៀង កាលថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៦ លោកវរសេនីយ៍ឯក ឡាយ ចន្នី ស្នងការរង នគរបាលខេត្ត បានដឹកនាំកម្លាំង សហការជាកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងបាវិត ដោយមានការសម្របសម្រួលពីលោក ឡាយ ជុងហេង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត ចុះធ្វើរដ្ឋបាល ស្រាវជ្រាវ និងបង្ក្រាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចផ្ទះជួល ស្ថិតក្នុងភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត ដោយឃាត់ខ្លួនមនុស្សក្នុងរង្វង់ប្រតិបត្តិការចំនួន២៤នាក់ ស្រី ០៤នាក់ ជាជនជាតិវៀតណាម ។
ដកហូតសម្ភារពាក់ព័ន្ធនឹងបទល្មើសរួមមាន ៖ កុំព្យូទ័រយួរដៃ, ទូរសព្ទដៃ និងសម្ភារប្រើប្រាស់មួយចំនួនទៀត ។
បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់ រីឯទីតាំងប្រព្រឹត្តិបទល្មើសបានក្រុមការងារបិទសៀល បិទទីតាំងបណ្ដោះអាសន្ន ៕






ចែករំលែកព័តមាននេះ