ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដល់​ពេល​ឈប់យ​កប្រាសា​ទ​ខ្មែរ​ធ្វើ​ជា​ចំណាប់​ខ្មាំង

13 ឆ្នាំ មុន

លើក​ណា​ក៏​ដោយ​ឱ្យ​តែ​ទាក់ទង​ដល់​បញ្ហា​ប្រាសាទព្រះវិហារ អ្នកនយោបាយ Machiavel និយម និង​ជាតិនិយម​ចង្អៀត ចង្អល់​នៃ​នយោបាយ​ប្រកាន់​ស្ដាំ​បំផុត​របស់​ថៃ តែងតែ​ទូងស្គរ​ប្រ​កូក​ប្រកាស​រក​ការ​គាំទ្រ​ពី​ពួក​ជាតិនិយម​ជ្រុល ដែល គេ​បាន​ចាត់​ទុក​ថា​ជា​ឧបករណ៍​ដ៏​ស័ក្ដិសិទ្ធិ​ក្នុង​ការ​គាស់​រំលើង​ គូប្រឆាំង​របស់​ពួក​គេ ។ មានការ​កត់​សំគាល់ថា នៅ​ពេល​ណា​មាន​ជម្លោះ​នយោបាយ​ផ្ទៃក្នុង​នៅ​បាងកក ពួក​គេ​តែងតែ​ចាត់​បញ្ជូន Veera Sumkwangkit ដែល​ជា មនុស្ស​ប្រភេទ​ស្រមើស្រមៃ​វង្វេងវង្វាន់​បែប Don Quichotte ក្នុង​រឿងនិទាន​ដ៏

                 ដោយ ៖ អេ​ង យេ​ង មន្ដ្រី​ចូល​និវត្ដន៍
លើក​ណា​ក៏​ដោយ​ឱ្យ​តែ​ទាក់ទង​ដល់​បញ្ហា​ប្រាសាទព្រះវិហារ អ្នកនយោបាយ Machiavel និយម និង​ជាតិនិយម​ចង្អៀត ចង្អល់​នៃ​នយោបាយ​ប្រកាន់​ស្ដាំ​បំផុត​របស់​ថៃ តែងតែ​ទូងស្គរ​ប្រ​កូក​ប្រកាស​រក​ការ​គាំទ្រ​ពី​ពួក​ជាតិនិយម​ជ្រុល ដែលគេ​បាន​ចាត់​ទុក​ថា​ជា​ឧបករណ៍​ដ៏​ស័ក្ដិសិទ្ធិ​ក្នុង​ការ​គាស់​រំលើង​គូប្រឆាំង​របស់​ពួក​គេ ។

មានការ​កត់​សំគាល់ថា នៅ​ពេល​ណា​មាន​ជម្លោះ​នយោបាយ​ផ្ទៃក្នុង​នៅ​បាងកក ពួក​គេ​តែងតែ​ចាត់​បញ្ជូន Veera Sumkwangkit ដែល​ជា មនុស្ស​ប្រភេទ​ស្រមើស្រមៃ​វង្វេងវង្វាន់​បែប Don Quichotte ក្នុង​រឿងនិទាន​ដ៏​ល្បីល្បាញ​ប្រទេស​អេ​ស្ប៉ា​ញ ឱ្យមក​ស្រែក​បំពង​អំពីស្នេហា​ជាតិនិយម​ថៃ​នៅ​ក្បែរ​ប្រាសាទព្រះវិហារ ក្នុង​គោលបំណង​បង្វែរ​បង្វិល​រលក​ប្រឆាំង​នឹង​ពួក​គេ​ឱ្យមក​ប្រឆាំង កម្ពុជា​លើ​បញ្ហា​ព្រំដែន​វិញ ។ ជាក់ស្ដែង​ដូច​ក្នុង​ពេល​កន្លង​មក Sumkwangkit  ជា​មេ​អាវ​លឿង​នៅ​ខន​កេ​ន​បាន​នាំ​បក្ស ពួក​គេ​មក​គំរាម​ដក​បង្គោល​ព្រំដែន​លេខ​២២ នៅ​តំបន់​ប្រាសាទតាមាន់តូច​ជាដើម ។

ចំពោះ​អ្នក​អង្គ​ម្ចាស់ Wanwipa វិញ ជា​ញឹកញាប់​ត្រូវ​គេ​ទម្លាក់​ឱ្យធ្វើ​កិច្ចការ​ខាង​វោហា​សាស្ដ្រ ។ កាលពី​ខែមករា​មុន​នេះ អ្នក​អង្គ ម្ចាស់​បាន​ទទូច​ឱ្យ​នាយក​រដ្ឋមន្ដ្រី Abhisit Vejjajiva ផ្ដល់​ដំណឹង​ជា​ផ្លូវការ​ទៅ​មជ្ឈមណ្ឌល​បេតិកភណ្ឌ​ពិភពលោក នៅ​ប៉ា​រី​ស អំពី​ការ​ជំទាស់​របស់​ថៃ​ចំពោះ​សំណើ​របស់​កម្ពុជា​ស្ដី​ពី​គំរោង​គ្រប់គ្រង និង​អភិរក្ស​ប្រាសាទព្រះវិហារ​។ ក្រោយមក​ទៀត អ្នក​អង្គ​ម្ចាស់​នេះ​បាន​ផ្ញើ​លិខិត​មួយ​ទាមទារ​ឱ្យ​អគ្គលេខាធិការ​អង្គការ​យូ​ណេ​ស្កូ ដក​ប្រាសាទព្រះ​វិហារ​ចេញពី​បញ្ជី​បេតិកភណ្ឌ​ពិភពលោក ។

ម្ដងនេះ​ទៀត យោង​ទៅ​តាម ASTV manager online កាលពី​ថ្ងៃ​ទី​៧ ឧសភា ឆ្នាំ ២០១០ អ្នក​អង្គ​ម្ចាស់ Wanwipa បាន​ដាក់​លិខិត មួយ​ទៅ​សភា ទទូច​សុំ​ឱ្យ​សមាជិក​សភា​បដិសេធ​របៀបវារៈ​អនុម័ត​កំណត់ហេតុ​អង្គប្រជុំ​បី​របស់​គណៈកម្មការ​ចំរុះ កំណត់ព្រំដែន​គោក​កម្ពុជា​-​ថៃ (JBC) ដែល​លើក​ទី​១ ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១០​ដល់​១២ វិ​ច្ឆិ​កា ឆ្នាំ​២០០៨ នៅ​សៀមរាប លើក​ទី​២​នៅ​ថ្ងៃ​ទី​៣-៤ ខែកុម្ភៈ ឆ្នាំ​២០០៩ នៅ​បាងកក និង​លើក​ទី​៣ នៅ​ថ្ងៃ​ទី​៦-៧ ខែមេសា ឆ្នាំ​២០០៩ នៅភ្នំពេញ ។ គួរ​កត់សំគាល់​ផង​ដែរ​ថា កំណត់ហេតុ​អង្គប្រជុំ​ទាំងនេះ​ត្រូវ​បាន​អនុម័ត​ជា​គោលការណ៍​រួច​ហើយដោយ​គណៈរដ្ឋមន្ដ្រី​ថៃ កាលពីថ្ងៃ​ទី​៧ មេ​សា ឆ្នាំ​២០១០ និង​ឥឡូវនេះ​ត្រូវ​រង់ចាំ​ការ​អនុម័ត​ពី​សភា ដើម្បី​អាច​ឱ្យ JBC បន្ដការងារ​របស់​ខ្លួន​បាន ។

ដូច​គេ​បានដឹង​រួច​ហើយ ការ​ចោទប្រកាន់​មូល​បង្កាច់​របស់​អ្នក​អង្គ​ម្ចាស់ Wanwipa កើត​ចេញ​មក​ពី​ជំនឿ​ចាស់​គំរឹល ខុសឆ្គង​នៃ​ការ​យល់​ច្រឡំ​អំពី “​ការ​បាត់បង់​ទឹកដី​របស់​ថៃ​” ដែល​ថា ប្រាសាទព្រះវិហារ​ជា​របស់​ថៃ ។ ក្នុង​ស្មារតី​នេះ អ្នកអង្គ​ម្ចាស់​ចោទ JBC ថាបាន​ព្រមព្រៀង​គ្នា​ជាមួយ​កម្ពុជា​លើ​តំបន់​ដែល​គេ​ហៅ​ខុស​ថា ជា​តំបន់​ជម្លោះ​៤,៦​គីឡូម៉ែត្រ​ក្រឡា ដែល​ជា​ទ​ង្វើ​នាំ​ទៅ​ដល់​ការ​ទទួលស្គាល់​ផែនទី​កម្ពុជា​តាម​គន្លង​ចាស់ ដូច​គ្នា​ក្នុង​ករណី​ប្រាសាទព្រះវិហារ​នៅ​តុលាការ ក្រុង​ឡា​អេ​។

តាម​ពិត​ទៅ​វា​ផ្ទុយ​ស្រឡះ​ពី​ទឡ្ហីករណ៍​របស់​អ្នក​អង្គ​ម្ចាស់ Wanwipa ព្រោះ​បញ្ហា​វា​មិន​ចោទ​ទៅ​ត្រង់​ថា តើ​ត្រូវ​យក​ផែនទី​កម្ពុជា ឬ​ផែនទី​ថៃ​ក្នុង​ការ​កំណត់ព្រំដែន​ប្រទេស​ទាំង​ពីរ​នោះ​ទេ ហើយ​វា​ក៏​ច្បាស់​ណាស់​ថា ការ​គូស​ផែនទី​ជា​ឯកតោភាគី ហើយ​បង្ខំ​ឱ្យ​ប្រទេស​ដទៃ​គោរព​តាម​ឆន្ទានុសិទ្ធិ​របស់​ខ្លូ​ន​នោះ ក៏​រឹងរឹតតែ​មិន​ស្រប​ទៅ​តាម​ទម្លាប់​អនុវត្ដ​ជា​អន្ដរជាតិ​ទៅ​ទៀត បើ​មិន​ដូច្នេះ​ទេ ផែនទី​ពិភពលោក​ទាំងមូល​នឹង​ត្រូវ​ផ្លាស់​ប្ដូរ​រូបរាង ហើយ​ជា​លទ្ធផល​ពិភពលោក​ទាំង មូល​នឹង​ធ្លាក់​ចូល​ក្នុង​ភ្លើងសង្គ្រាម ។ ប៉ុន្ដែ​ដោយសារ​តែ​គំនិត​តាំងខ្លួន​ថា កម្ពុជា​មិន​ស្មើ​ខ្លួន ពួក​ជាតិនិយម​ជ្រុល​ទាំងនេះ​មិន អើពើ​នឹង​ផែនទី​អន្ដរជាតិ​ដែល​មាន​ស្រាប់ ហើយ​ដែល​ប្រទេស​ទាំង​ពីរ​បាន​ទទួលស្គាល់​រួច​មក​ហើយ​នោះ​ទេ ។

ទាក់ទង​នឹង​បញ្ហា​នេះ គេ​គ្រប់​គ្នា​ក៏​បាន​យល់​ដឹង​ពី​ក្រយៅ​ពិតប្រាកដ​នៅ​ពីក្រោយ​ល្បិច​កល​នយោបាយ​ទាំងនេះ​អស់ហើយ ។ ដូចដែល​បាន ដឹង​រួច​ហើយ បញ្ហា​ព្រំដែន​នៅ​តំបន់​បរិវេណ​ប្រាសាទព្រះវិហារ​ត្រូវ​បាន​គណបក្ស​សម្ព័ន្ធភាព​ប្រជាជន​ដើម្បី​លទ្ធិ​ប្រជាធិ​ប​តេ​យ្យ (PAD) យក​មក​ធ្វើ​អាជីវកម្ម​នយោបាយ​នា​ពេល​កន្លង​មក​ថ្មី​ៗ​នេះ នោះ​គឺ​ក្រោយ​ពេល​ប្រាសាទព្រះវិហារ ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​នៅ​ក្នុង​ខែកក្កដា ឆ្នាំ​២០០៨ ។ ក្រុម​នយោបាយ​របស់​អ្នក​អង្គ​ម្ចាស់ Wanwipa  បាន ប្រើប្រាស់​បញ្ហា​ព្រំដែន​ដែល​ជា​បញ្ហា​ដ៏​រសើប​នេះ​ជា​ឧបករណ៍​នយោបាយ​ដ៏​មាន​ថាមពល​ខ្លាំងក្លា​របស់​ខ្លួន ក្នុង​ការ​ផ្ដួល រំលំ​រដ្ឋាភិបាល Samak Sundaravej និង​ក្រោយមក​រដ្ឋាភិបាល Somchai Wongsawat ។

ក្នុង​បញ្ហា​នេះ លោក Vasin Teeravechyan ដែល​ជា​សហ​ប្រធាន JBC បាន​ធ្វើការ​ព្រមាន​អ្នកនយោបាយ​ថៃ នៅ​ក្នុង​សិក្ខាសាលា​មួយ​នៅ ឯ​ក្រសួងការបរទេស​ក្នុង​ក្រុង​បាងកក កាលពី​ថ្ងៃ​ទី​១២ ខែតុលា ឆ្នាំ​២០០៩ ថា “​មិន​ត្រូវ​យក​បញ្ហា​ព្រំដែន​ធ្វើ​ជា​បញ្ហា​នយោបាយ ដើម្បី​ផលប្រយោជន៍​ខ្លួន​នោះ​ទេពី​ព្រោះ​វា​អាច​បំផ្លាញ​ការ​កំណត់ព្រំដែន​ជាមួយ​កម្ពុជា​” (​សារព័ត៌មាន The Nation ថ្ងែ​ទី​១៣ ខែតុលា ឆ្នាំ​២០០៩)​។ លោក​បាន​និយាយ​បន្ដ​ទៀត​ថា ផែនទី​ដើមដំបូង​ដែល​គូស​ដោយ​បារាំង គឺជា​ឯក សារ​មួយ​នៃ​ឯកសារ​ជា​ច្រើន ដែល​រួម​បញ្ចូល​ក្នុង​ការ​ចរចា​ព្រំដែន ។ លោក​បាន​និយាយ​ថា “​ទោះបី​យើង​ចូល​ចិត្ដ ឬ​មិន​ចូល​ចិត្ដ យើង​មិន​អាច​បដិសេធ​ចោល​នូវ​តួនាទី​របស់​ផែនទី​នេះ​បាន​ទេ​” ។

គួរ​រំលឹក​ឡើង​វិញ​ផង​ដែរ​ថា ផែនទី​ឧ​ប​សម្ព័ន្ធ​១ (​ខ្នាត​១​:​៥០,០០០ ស៊េរី L7016 ការ​បោះពុម្ព​លេខ 1-DMATC​) ដែល​លោក Vasin Teeravechyan បាន​និយាយ​យោង​ទៅ​លើ​ថា ជា​ផែនទី​ដើមដំបូង​ដែល​គូស​ដោយ​បារាំង និង​ដែល​អ្នក​អង្គ​ម្ចាស់ Wanwipa  បានឱ្យ​ឈ្មោះ​ថា ជា​ផែនទី​កម្ពុជា​នោះ គឺជា​លទ្ធផល​កើត​ចេញពី​ការងារ​នៃ​គណៈកម្មការ​ចំរុះ​បារាំង​-​សៀម ដែល បង្កើត​ឡើង​ដោយ​អនុសញា​បារាំង​-​សៀម ថ្ងៃ​ទី​១៣ ខែកុម្ភៈ ឆ្នាំ​១៩០៤ និង​សន្ធិសញា​បារាំង​-​សៀម ថ្ងៃ​ទី​២៣ ខែ មីនា ឆ្នាំ​១៩០៧ ហើយ​ដែល​ត្រូវ​បាន​ទទួលស្គាល់​ដោយ​រដ្ឋាភិបាល​ព្រះរាជាណាចក្រ​សៀម ហើយ​និង​ត្រូវ​បាន​ប្រើដោយ​តុលាការក្រុង​ឡា​អេ ក្នុង​ការ​ចេញ​សាលដីការ​ស្ដី​ពី​អធិបតេយ្យភាព​កម្ពុជា​លើ​ប្រាសាទព្រះវិហារ និង​តំបន់ ជុំវិញ កាលពី​ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​១៩៦២ ។ ថែម​ពីលើ​ផែនទី​នេះ កំណត់ហេតុ​នៃ​ការ​បោះបង្គោល​ព្រំដែន​នៃ​គណៈកម្មការ​កំណត់ព្រំដែន​រវាង​ឥណ្ឌូចិន​និង​សៀម ឆ្នាំ​១៩០៨-១៩០៩ និង​ការ​ត្រួតពិនិត្យ​សា​ឡើង​វិញ​ក្នុង​ឆ្នាំ​១៩១៩-១៩២០ ត្រូវ​បាន​ក្រុម​អ្នក បច្ចេកទេស​ថៃ​-​កម្ពុជា កំពុង​ប្រើប្រាស់​សំរាប់​បេសកកម្ម​ស្វែងរក​ការ​ពិត​ទៅ​លើ​ស្ថានភាព​ជាក់ស្ដែង និង​ទីតាំង​នៃ បង្គោល​ព្រំដែន​ដែល​មាន​ស្រាប់​ទាំង​៧៣ ។

ដូចដែល​បាន​និយាយ​រួច​មក​ហើយ អរិភាព​របស់​ថៃ​ជាមួយ​កម្ពុជា​លើ​បញ្ហា​ព្រំដែន​នៅ​តំបន់​ប្រាសាទព្រះវិហារ បាន កើតឡើង​មិនមែន​ដោយសារ​ខ្វះខាត​នៃ​ក្រប​ខណ្ឌ​ច្បាប់​អន្ដរជាតិ និង​គ្មាន​ការ​កំណត់ព្រំដែន​ច្បាស់លាស់​នោះ​ទេ ប៉ុន្ដែ វា​ចេញ​មក​តែ​ពី​ជាតិនិយម​ជ្រុល​ពោរពេញ​ទៅ​ដោយ​បុរេវិនិច្ឆ័យ ការ​យល់​ខុស និង​ការ​ដែល​មើលឃើញ​តែ​ពី​ខ្លួនឯង ថា​មាន​ភាព​ខ្ពង់ខ្ពស់​ជាង​កម្ពុជា ។ ជា​សក្ខីភាព អ្នកប្រាជ្ញ​បណ្ឌិត​ដ៏​សុចរិត និង​ល្បីល្បាញ​ខាង​ប្រវត្ដិសាស្ដ្រ​ថៃ​មួយ​រូប គឺ​លោក Charnvit Kasetsiri បាន​មាន​ប្រសាសន៍​យ៉ាង​ច្បាស់​ថា “​ករណី​ប្រាសាទព្រះវិហារ​នា​ពេល​បច្ចុប្បន្ន​នេះ បាន​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​នូវប្រភេទ​ប្រវត្ដិសាស្ដ្រ​កែ​កាឡៃ​មួយ ដែល​បញ្ឆេះ​ឧត្ដមគតិ​ជាតិនិយម ហើយ​ឈាន​ទៅ​រក​ការ​បង្ក​សង្គ្រាម ដើម្បី​យក មក​វិញ​នូវ​អ្វី​ដែល​អ្នក​វង្វេង​ប្រវត្ដិសាស្ដ្រ​ហៅ​ថា​ទឹកដី​ដែល​បាត់បង់​ស្អី​គេ​នោះ​” ។ ថ្លែង​នៅ​ក្នុង​សន្និសីទ​ស្ដី​អំពី “​ប្រាសាទ ដែល​ឈ្លោះ​ដណ្ដើម​គ្នា​” ដែល​ប្រារឰ​ធ្វើ​ឡើង​នៅ​ឯ​ក្លឹ​ប​អ្នកកាសែត​បរទេស​នៃ​ប្រទេស​ថៃ កាលពី​ខែតុលា ឆ្នាំ​២០០៩ លោក Kasetsiri បាន​បង្ហាញ​រូបថត​នៃ​ការ​ធ្វើ​ទស្សនកិច្ច​របស់​ព្រះ​អង្គ​ម្ចាស់ Damrong Rajanupab ទៅ​កាន់​ប្រាសាទព្រះវិហារ នា​ថ្ងៃ​ទី​៣០ ខែមករា ឆ្នាំ ១៩២៩ ហើយ​បាន​មាន​ប្រសាសន៍​ថា “​ព្រះ​អង្គ​ម្ចាស់​បាន​ទទួល​យល់ព្រម​ថា ព្រះ​វិហារ​ជា​កម្មសិទ្ធិ​របស់​ឥណ្ឌូចិន​-​បារាំង​”​។ លើស​ពី​នេះ​ទៅ​ទៀត លោក Kasetsiri បាន​រំលឹក​ឡើង​វិញ​ថា សេនាប្រមុខ Sarit Thanarat បាន​ថ្លែង​សារ​តាម​ទូរទស្សន៍​ភ្លាម​ៗ បន្ទាប់​ពី​ការ​ចេញ​សាលក្រម​តុលាការអន្ដរជាតិ​ស្ដី​ពី​ប្រាសាទព្រះវិហារ ដោយ​បាន​បញ្ជាក់​ថា រដ្ឋាភិបាល​ពុំ​មាន​ជំរើស​អ្វី​ក្រៅពី​ទទួល​យល់ ព្រម​តាម​សេចក្ដីសំរេច​របស់​តុលាការក្រុង​ឡា​អេ​នោះ​ទេ។

អ្វី​ដែល​លើស​ពី​នេះ​ទៅ​ទៀត លោក Kasetsiri បាន​ផ្ដល់​យោបល់​ឱ្យ​ថា គួរ​ធ្វើការ​ពិនិត្យ​និង​កែសំរួល​ឡើង​វិញ​នូវ​សៀវភៅ​ប្រវត្ដិសាស្ដ្រ ដើម្បី​ឆ្លុះ​បញ្ចាំង​នូវ​តថភាព​របស់​ប្រវត្ដិសាស្ដ្រ​។ លោក​បាន​សន្និដ្ឋាន​ថា “​មាន​តែ​វិធី​នេះ​ទេ ដែល​អាច​ឱ្យ​យើង​រស់នៅ​ប្រកបដោយ សុខ​សន្ដិភាព​ជាមួយ​គ្នា នៅ​ក្នុង​យុគសម័យ​តំបន់​នី​យ​កម្ម និង​សាកល​ភាវូបនីយកម្ម​” ៕