រាជធានីភ្នំពេញ ៖ យុវជនម្នាក់ បានត្រូវនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនរាជធានី ឃាត់ខ្លួនកាលពីវេលាម៉ោង២រសៀលថ្ងៃទី២៤ វិច្ឆិកា នៅផ្ទះលេខ២២E២ ផ្លូវលេខ១០៧ សង្កាត់មនោរម្យ ខណ្ឌ៧មករា ខណៈយុវជនរូបនេះបានយកទូរស័ព្ទដៃលួចថតរូបនិស្សិតស្រីម្នាក់ដែលកំពុងងូតទឹកក្នុងបន្ទប់។ យុវជនម្នាក់នេះឈ្មោះហួត ចន្ទ្រា អាយុ១៨ឆ្នាំ ជាជាងបាញ់ថ្នាំរថយន្តនៅម្តុំវត្តថ្វាយបង្គំ ។
ទាក់ទិននឹងការឃាត់ខ្លួនយុវជនខាងលើនេះត្រូវបានសមត្ថកិច្ចនគរបាលឱ្យដឹងថា កាលពីរសៀលថ្ងៃទី២៤ វិច្ឆិកា នោះមានស្ត្រីម្នាក់ដែលអះអាងថា ជាម្តាយនិស្សិតស្រីឆ្នាំទី៤ម្នាក់ បានកាន់ទូរស័ព្ទដៃមួយគ្រឿងទៅប្តឹងសមត្ថកិច្ចដោយចោទប្រកាន់យុវជនឈ្មោះហួត ចន្ទ្រា ថាបានថតកូនស្រីគាត់ខណៈកំពុងងូតទឹកស្រាត ។ នគរបាលបានឱ្យដឹងទៀតថា កាលពីវេលាម៉ោង១និង៥៧នាទីរសៀលថ្ងៃនោះ និស្សិតស្រីរូបនេះខណៈកំពុងងូតទឹកនៅក្នុងបន្ទប់ ស្រាប់តែឈ្មោះហួត ចន្ទ្រា យកទូរស័ព្ទដៃលួចថតនាងតាមចន្លោះប្រហោងបន្ទប់ ខណៈរូបកាយនាងមានសភាពអាក្រាត ។ ដោយឃើញដូច្នេះម្តាយនាងក៏ចាប់យកទូរស័ព្ទដៃពីយុវជនរូបនេះ ហើយបើកមើលឃើញរូបកូនស្រី ស្ថិតក្នុងភាពអាក្រាតនៅក្នុងទូរស័ព្ទនោះ ក៏ចាប់យកទូរស័ព្ទទៅប្តឹងសមត្ថកិច្ច ដើម្បីឱ្យសមត្ថកិច្ចជួយចាត់វិធានការបន្ទាន់ ដើម្បីចៀសវាងរូបភាពអាក្រាតរបស់កូនស្រីគាត់ ត្រូវបានគេបង្ហោះពីមួយទៅមួយដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្លូររបស់នាងជានិស្សិត ។
មន្ត្រីសមត្ថកិច្ចបានបន្តថា ក្រោយពីទទួលបានពាក្យបណ្តឹងនោះភ្លាម លោកវរសេនីយ៍ទោកែវ ធា នាយការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនរាជធានី បានចាត់ការជាបន្ទាន់ដោយរាយការណ៍ជូនលោកឧត្តមសេនីយ៍ឯកជួន សុវណ្ណ ជាស្នងការ និងលោកឧត្តមសេនីយ៍ត្រីបែន រ័ត្ន ស្នងការរង និងជាប្រធានការិយាល័យកណ្តាលនគរបាលប្រឆាំងបទល្មើស ព្រមទាំងមានការសម្របសម្រួលពីលោកសុខ រឿន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញផង បានចុះទៅឃាត់ខ្លួនយុវជនរូបនេះ ដើម្បីចាត់ការតាមផ្លូវច្បាប់ ។
នៅចំពោះមុខសមត្ថកិច្ច យុវជនឈ្មោះហួត ចន្ទ្រា សារភាពថា រូបគេពិតជាបានលួចថតរូបនាងកំពុងស្រាតងូតទឹកមែន តែគេថតលេងទេដោយគ្មានចេតនា ឬបំណងយករូបភាពនោះទៅបង្ហោះតាមអីុនធើរណេត ឬតាមហ្វេសប៊ុកឡើយ និងកាន់តែគ្មានគំនិតណាមួយយកទៅចែកចាយឱ្យអ្នកដទៃមើលនោះទេ ។ ការលួចថតរូបនាងនិស្សិតងូតទឹកស្រាតក្នុងបន្ទប់ទឹកយ៉ាងដូច្នេះ បានធ្វើឡើងចំនួន៣លើកមកហើយនៅពេលនាងចូលងូតទឹកពេលថ្ងៃ ។
យោងទៅលើពាក្យបណ្តឹងរបស់អាណាព្យាបាលនិស្សិតស្រីរូបនេះ និងយោងទៅលើចម្លើយរបស់យុវជនដែលត្រូវចោទ សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ពីបទប៉ះពាល់ដល់សិទ្ធិខាងរូបភាពនៃបុគ្គល (លួចថតរូបភាពអាក្រាតពេលកំពុងងូតទឹក)។ តាមច្បាប់ស្តីពីការប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន មាត្រា ៣០២ តម្រូវឱ្យផ្តន្ទាទោសជនជាប់ចោទដាក់ពន្ធនាគារពី១ខែទៅ១ឆ្នាំ និងពិន័យជាប្រាក់ពី២០ម៉ឺនរៀលទៅ២លានរៀល ៕
ចែករំលែកព័តមាននេះ