មន្ត្រី​ជំនាញ​បើក​កិច្ចប្រជុំ​ពង្រឹង​បញ្ហា​ស្ថានីយប្រេងឥន្ធនៈ​រកស៊ី​ទុច្ចរិត


ខេត្តតាកែវ ៖ ក្រោយ​ពី​មន្ត្រី​កាំកុងត្រូល​នៃ​ក្រសួងពាណិជ្ជកម្ម​បាន​ចុះ​ត្រួតពិនិត្យ​ឃើញ​ស្ថានីយ​ប្រមាណ​១០​កន្លែង​នៅ​ខេត្តតាកែវ ចាក់​ប្រេង​មិន​គ្រប់​លី​ត្រ និង​បន្លំ​គុណភាព​នោះ នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ធ្នូ ម្សិលមិញ មន្ត្រី​ថ្នាក់ដឹកនាំ​ខេត្ត​បាន​បើក​កិច្ចប្រជុំ​មួយ​ដើម្បី​ដោះស្រាយ​បញ្ហា​មិន​ប្រក្រតី​នានា ។

លោក ខាន់ សុខា អភិបាលរង​ខេត្ត​បាន​មាន​ប្រសាសន៍​ថា គោលបំណង​នៃ​កិច្ចប្រជុំ​នេះ គឺ​ដើម្បី​ពន្យល់​ដល់​ម្ចាស់​ស្ថានីយ​ឲ្យ​យល់​ពី​លក្ខណៈ​បច្ចេកទេស​ឲ្យ​បាន​ត្រឹមត្រូវ ដោយ​លក់​ឲ្យ​គ្រប់​តាម​បរិមាណ​ប្រេង​ដែល​កំណត់​ដោយ​ច្បាប់ និង​មានគុណ​ភាព ព្រមទាំង​យល់​ដឹង​ពី​លិខិត​បទដ្ឋាន​គតិ​យុ​ត្ត​នានា និង​នីតិវិធី​នៃ​ការ​សុំ​ច្បាប់​សាងសង់ និង​បច្ចេក​ទេស​សុវត្ថិភាព ។

លោក​បញ្ជាក់​ថា ៖« ក្រោយ​ពី​បញ្ចប់​កិច្ចប្រជុំ​នេះ បើសិនជា​មាន​ម្ចាស់​ស្ថានីយ ឬ​ម្ចាស់​ដេប៉ូ​ចែកចាយ​ប្រេងឥន្ធនៈ​ណា​នៅ​តែ​មិន​អនុវត្ត​តាម​ច្បាប់​ជា​ធរមាន ដោយ​លក់​មិន​គ្រប់​ចំណុះ ឬ​បន្លំ​គុណភាព​នោះ នៅ​ពេល​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​ឃើញ នឹង​ទទួលទោស​តាម​ច្បាប់​ជា​ធរមាន គឺ​បញ្ឈប់​មិន​ឲ្យ​លក់​តែ​ម្តង » ។

កាលពី​ខែ​១១​កន្លង​ទៅ​នេះ ក្រុម​ចល័ត​របស់​អគ្គនាយកដ្ឋាន​កាំកុងត្រូល នៃ​ក្រសួង​ពាណិជ្ជកម្ម បាន​ចុះ​ត្រួតពិនិត្យ​នៅ​តាម​ស្ថានីយ​ប្រេង​ចំនួន​១០​កន្លែង ដោយ​រក​ឃើញ​ស្ថានីយ​ទាំងនោះ បាន​លួច​បន្លំ​លី​ត្រ ពិសេស​បន្លំ​ប្រេងសាំង​ធម្មតា​ជា​សាំង​ស៊ុប​ពែរ ។

គួរ​កត់សម្គាល់​ផង​ដែរ នៅ​ទូ​ទាំង​ខេត្ត តាកែវ មាន​ស្ថានីយ និង​ម្ចាស់​ដេប៉ូ​ចែកចាយ​ប្រេង​ឥន្ធនៈ​ចំនួន​២០៤​កន្លែង ដែល​ភាគច្រើន​គឺ​អត់​ច្បាប់​ហើយ​នៅ​ក្នុង​កិច្ចប្រជុំ​នេះ​ដែរ មាន​គោលបំណង​ផ្សព្វផ្សាយ និង​អប់រំ​ណែនាំ​ដល់​ម្ចាស់​ស្ថានីយ និង​ដេប៉ូ​ចែកចាយ​ប្រេង​ឥន្ធនៈ​ទាំងនោះ​ចូលរួម​អនុវត្ត​ច្បាប់​ឲ្យ​បាន​គ្រប់​ៗ​គ្នា​។

កាលពីដើម​ឆ្នាំ​២០១៧ ក្រសួងពាណិជ្ជកម្ម​បាន​ដាក់​ដំណើរការ​រថយន្ត​ត្រួតពិនិត្យ​គុណ​ភាព​និង​បរិមាណ​ប្រេងឥន្ធនៈ ដើម្បី​បញ្ឈប់​ការ​ឆ្លៀតឱកាស​កេង​ចំណេញ និង​បន្លំ​ពី​ម្ចាស់​ស្ថានីយប្រេងឥន្ធនៈ ។ រថយន្ត​ដែល​មាន​ឧបករណ៍​ត្រួតពិនិត្យ​នេះ បាន​ធ្វើ​ដំណើរ​ឆ្មក់​ចូល​ស្ថានីយ និង​ផ្ទះ​លក់​សាំង​ក្នុង​ខេត្ត​-​ក្រុង​ទូ​ទាំង​ប្រទេស ដើម្បី​ពិនិត្យ​គុណភាព បរិមាណ​ប្រេងសាំង និង​ប្រេងម៉ាស៊ូត​ដែល​អាជីវករ​កំពុង​ដាក់​លក់ ។

រហូត​មក​ដល់​នេះ បើ​ទោះបីជា​រថយន្ត​នេះ បាន​ដាក់​ដំណើរការ​ជិត​១​ឆ្នាំ​ហើយ​ក៏​ដោយ ក្រសួង​នៅ​តែ​រក​ឃើញ​ស្ថានីយប្រេងឥន្ធនៈ​មួយ​ចំនួន​កេង​បន្លំ​ពី​អតិថិជន ដោយ​ការ​ចាក់​ប្រេង​មិន​គ្រប់​លី​ត្រ ឬ​បន្លំ​យក​សាំង​ធម្មតា​មក​ចាក់​ប្រភេទ​សាំង​ស៊ុប​ពែរ ។

លោក សន ជ័យ នាយក​ប្រតិបត្តិ​អង្គការ​សម្ព័ន្ធ​គណនី​ភាព​សង្គម​កម្ពុជា បាន​លើក​ឡើង​ថា កម្ពុជា រឿង​ស្តង់ដា​តម្លៃ​សាំង​មួយ​នេះ គឺជា​រឿង​ឈឺក្បាល​ណាស់​ទៅ​ហើយ ដោយ​សារ​តែ​មាន​សាំង​ខ្លះ​តម្លៃ​សូ​ម្បី​តែ​នៅ​ស្ថានីយ និង​ដេប៉ូ​វា​ខុស​គ្នា ហើយ​សាំង​នៅ​តំបន់​ខ្លះ​មាន​តម្លៃ​ទាប​ជាង​កន្លែង​ផ្សេង ។ អីចឹង យើង​សង្ស័យ​ថា តម្លៃ​ដែល​គេ​អាច​ទម្លាក់​បាន​តាម​ចិត្ត ទី​១-​វា​អាច​មិន​គ្រប់​លី​ត្រ និង​ទី​២-​វា​អាច​ថា ពួក​គេ​លក់​សាំង​គេចពន្ធ​ផង​ដែរ ។

ភាព​មិន​ស្មើគ្នា​ក្នុង​ការ​បំពេញ​កាតព្វកិច្ច​បង់ពន្ធ ក៏​ជា​មូលហេតុ​នាំ​ឱ្យ​មានការ​លក់​សាំង​ប្រកួតប្រជែង​គ្នា នាំ​ឱ្យ​សាំង​ខ្លះ​លក់​ក្នុង​តម្លៃ​ទាប ដោយ​មិន​គ្រប់​លី​ត្រ ហើយ​រឿង​នេះ​បណ្តាល​មក​ពី​ការ​ត្រួតពិនិត្យ​មិន​បាន​ដិត​ដល់ ពិសេស​នៅ​តាម​ផ្លូវជាតិ តម្លៃ​ខុស​គ្នា​គួរ​ឱ្យ​ចាប់អារម្មណ៍ ។

លោក សន ជ័យ មាន​ប្រសាសន៍​ថា ក្រសួង​គួរតែ​មាន​វិធានការ​តឹងរ៉ឹង​ចំពោះ​ស្ថានីយ​លក់​សាំង​ទាំងឡាយ​ណា​ដែល​មានការ​បន្លំ ។ បើ​ការ​កេង​បន្លំ​នេះ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ គួរ​ធ្វើការ​ព្រមាន​ជា​លាយលក្ខណ៍អក្សរ ហើយ​បើ​អាច គួរតែ​ឈាន​ទៅ​ដល់​ការ​ព្យួរ​អាជ្ញាប័ណ្ណ​អាជីវកម្ម ដើម្បី​ជា​ការ​ព្រមាន​កុំឱ្យ​អ្នកលក់​ទាំងនោះ​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​​នៅ​ក្នុង​អាជីវកម្ម​របស់​ខ្លួន ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ