ខេត្តព្រះសីហនុ ៖ សំណង់សង់រំលោភលើចំណីផ្លូវសាធារណៈមួយ ដែលមានទីតាំងទល់មុខផ្សារវាលរេញ ស្ថិតនៅភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២៦ ខែឆ្នូ ឆ្នាំ២០១៧ នេះ ត្រូវបានគណៈបញ្ជាការឯកភាពស្រុកដឹកនាំដោយ លោក យឹម សុខសំអូន អភិបាលរងស្រុកព្រៃនប់ បានចុះអនុវត្តន៍ ស.ជ.ណ របស់រដ្ឋបាលសាលាខេត្តព្រះសីហនុ រុះរើត្រង់ចំណុចដែលបះពាល់បន្ទាប់ពីអាជ្ញាធរស្រុក បានជូនដំណឹងជាច្រើនលើកឲ្យរុះរើចេញពីចំណីផ្លូវ ដែលអាជ្ញាធរគ្រោងនឹងកំពុងស្ថាបនាផ្លូវ បេតុងជូនប្រជាពលរដ្ឋក្នុងភូមិប្រើប្រាស់ ។
ជុំវិញការចុះរះរើ សំណង់ដែលបានសាងសង់លើចំណីផ្លូវសាធារណៈរបស់រដ្ឋនេះ លោក យឹម សុខសំអូន អភិបាលរងស្រុកព្រៃនប់ បានគូសបញ្ជាក់ថា អ្វីដែលលោកដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពស្រុក មកនាថ្ងៃនេះ គឺធ្វើឡើង តាមលិខិតលេខ៨២២/១៧ ស.ជ.ណ ចុះថ្ងៃពុធ ១០រោច ខែមិគសិរ ឆ្នាំរការ ព.ស២៥៦១ ទី១៣ ខែធ្នូ ឆ្នាំ២០១៧ របស់រដ្ឋបាលខេត្តព្រះសីហនុ ចុះរុះរើសំណង់ដែលអាជ្ញាធរថា បានសង់រំលោភលើផ្លូវសាធារណៈដើមផ្លូវលំចូលភូមិបឹងវែង ទាល់មុខផ្សារវាលរេញ ឃុំវាលរេញ ស្រុកព្រៃនប់ បន្ទាប់ពីត្រូវបានបងប្អូនប្រជាពលរដ្ឋជាច្រើនគ្រួសារ ដែលរស់នៅខាងក្នុងភូមិប្តឹងទាមទារឲ្យអាជ្ញាធរអនុវត្តន៍នីតិវិធី តាមច្បាប់រដ្ឋបាល បើកផ្លូវតាមប្លង់ប្រព័ន្ធដែលមន្ត្រីជំនាញបានកំណត់ ។
លោកអភិបាលរងបានបន្តទៀតថា លំនៅឋានខាងលើនេះ តាមផ្លូវច្បាប់បានសង់បះពាល់ចំណីផ្លូវសាធារណៈរបស់រដ្ឋ ០.៨០ម៉ែត្រ ។ អាចនិយាយបានថា នេះជាលើកទី១នៅក្បែប្រជុំជនវាលរេញ ដែលអាជ្ញធរអនុវត្តន៍ឈានដល់ការរុះរើដោយផ្ទាល់ បើទោះបីជាភាគីម្ចាស់ផ្ទះបានចេញមុខមកជំទាស់យ៉ាងណាក្តី អាជ្ញាធរតែបន្តអនុវត្តន៍តាមផ្លូវច្បាប់ ក្រោមក្រសែភ្នែកមហាជនជាច្រើនកុះករ ព្រោះតំបន់នោះជាតំបន់ប្រជុំជនផ្សារ ។
ដោយឡែក លោកស្រី សុខ ហៀង ជាម្ចាស់ផ្ទះបានអះអាងថា ទីតាំងដែលអាជ្ញាធរចុះមកវាយកម្ទេចនាពេលនេះ គឺជាសំណង់មានជាយូរយាណាស់មកហើយ មិនមែនទើបតែសាងសង់នោះទេដូចនេះវាជាភាពអយុត្តិធម៌ណាស់សម្រាប់គ្រួសារគាត់ ។
សូមបញ្ចាក់ថា ចំណុចដែលកើតនូវវិវាទនេះ ជាចំណុចផ្លូវលំតភ្ជាប់ពីចំណីផ្លូវជាតិលេខ៤មុខផ្សារវាលរេញចូលទៅក្នុងភូមិបឹងវែង ឃុំវាលរេញប្រវែង៥៤៥ម៉ែត្រ ដែលសម្រាប់បំរើផលប្រយោជន៍ជូនពលរដ្ឋរាប់រយគ្រួសារ ហើយផ្លូវនេះ ត្រូវបានចាក់បេតុង ជាអំណោយរបស់ លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ ជូនប្រជាពលរដ្ឋ ៕


ចែករំលែកព័តមាននេះ