ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រត់​ទៅ​ធ្វើ​កម្មករ​នៅ​ថៃ​ជាង​4​ឆ្នាំ កីឡាករ​លាភ សំណាង បង្ហាញខ្លួន​ជា​ថ្មី​

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​បង្ហាញខ្លួន​ជា​ថ្មី​របស់​កីឡាករ​លាភ សំណាង កាលពី​ថ្ងៃ​ទី​២៤ ធ្នូ នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ បាន​ធ្វើ​ឱ្យ​ម្នាក់​ៗ​ជា​ពិសេស​អ្នក​ស្នេហា​វិស័យ​ប្រដាល់​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ដោយសារ​តែ​កីឡាករ​រូប​នេះ​បាត់​មុខ​សូន្យឈឹង​មិន​ក្រោម៤​ឆ្នាំ​នោះ​ទេ ហើយ​ទើបតែ​លេច​មុខជា​ថ្មី​នៅ​លើ​សង្វៀន…

រាជធានី​ភ្នំពេញ ៖ ការ​បង្ហាញខ្លួន​ជា​ថ្មី​របស់​កីឡាករ​លាភ សំណាង កាលពី​ថ្ងៃ​ទី​២៤ ធ្នូ នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ បាន​ធ្វើ​ឱ្យ​ម្នាក់​ៗ​ជា​ពិសេស​អ្នក​ស្នេហា​វិស័យ​ប្រដាល់​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ដោយសារ​តែ​កីឡាករ​រូប​នេះ​បាត់​មុខ​សូន្យឈឹង​មិន​ក្រោម៤​ឆ្នាំ​នោះ​ទេ ហើយ​ទើបតែ​លេច​មុខជា​ថ្មី​នៅ​លើ​សង្វៀន ។

នេះ​គឺជា​ការ​ប្រកួត​បើក​ឆាក​របស់​កីឡាករ​រូប​នេះ បន្ទាប់​ពី​បាត់​មុខ​ពី​សង្វៀន​ប្រដាល់​ខណៈ​ការ​បង្ហាញខ្លួន​របស់​លោក​ក៏​ធ្វើ​ឱ្យ​មានការ​ចាប់អារម្មណ៍​មិន​តិច​នោះ​ដែរ ដោយ​សារ​តែ​លោក​បាត់​មុខ​យូរ​ក៏​ពិតមែន ប៉ុន្តែ​នៅ​ខ្លាំង​អាច​វាយ​ផ្ដួល​ជើង​ខ្លាំង​ជំនាន់​ថ្មី​ឱ្យ​សន្លប់​មុន​ចប់​ទឹក​ទី​៥​។

យ៉ាង​ហោច​អ្នក​ស្នេហា​វិស័យ​ប្រដាល់​ជាង​ពាក់កណ្ដាល​បាន​បង្ហាញ​ការ​ចាប់អារម្មណ៍​ចំពោះ​វត្តមាន​របស់​កីឡាករ​លាភ សំណាង ដែល​ធ្លាប់​ត្រូវ​បាន​ទទួលស្គាល់​ថា​ជា​ជើង​ខ្លាំង​មុន​លោក​បាត់​មុខ ។ ការ​ប្រកួត​នៅ​ក្នុង​ពេល​នោះ គ្មាន​អ្នក​ណា​មិន​ស្គាល់​ថ្វីដៃ​កីឡា​ករ​រូប​នេះនោះ​ទេ ជា​ពិសេស​ក្នុង​ពេល​ដែល​គេ​មានមុខ​ឡើង​រេញ​ជាមួយ​កីឡាករ​រួម​ជំនាន់​​ដូច​គ្នា បូក​រួម​ទាំង​ការ​ប្រកួត​ជា​លក្ខណៈ​ជ្រើសរើស​ជើងឯក ឬ​ការ​ប្រកួត​ជា​លក្ខ​ណៈ​អន្តរជាតិ ។  លោក​ត្រូវ​បាន​គេ​ដឹង​ថា​ជា​កីឡាករ​ដែល​មាន​ថ្វីដៃ​ល្អ​ម្នាក់ ប៉ុន្តែ​ស្ថិត​ក្នុង​សភាព​ល្បី និង​មានការ​ទទួលស្គាល់​ស្រាប់តែ​បាត់​មុខ​សូន្យ ដោយ​មានការ​បញ្ជាក់​ថា​លោក​បោះបង់​ការ​ប្រកួត​ទាំងស្រុង ។

ក្នុង​ជំនួប​ជា​ថ្មី​នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ កីឡាករ លាភ សំណាង បាន​អះអាង​ថា ក្នុង​ពេល​លោក​នៅ​ប្រដាល់​កាលពី​អំឡុង​ពេល​មុន​លោក​ថា​ទទួល​បាន​តម្លៃ​ខ្លួន​តិចតួច​ៗ​ប៉ុណ្ណោះ ទើប​លោក​សម្រេចចិត្ត​លាឈប់​ការ​ប្រដាល់​​ហើយរ​ត់ទៅ​ស៊ី​ឈ្នួល​​នៅ​ក្នុង​ប្រទេស​ថៃ ដោយ​ក្នុង​រយៈពេល​ប្រមាណ​ជា​៤​ឆ្នាំ​ក្នុង​ពេល​បាត់​មុខ​នោះ លោក​ទៅ​ធ្វើការ​ជា​កម្មករ​សំណង់​ផង ជា​កម្មករ​លី​សែង និង​ធ្វើការ​រោងចក្រ​ផង ដោយ​ខ្សែជីវិត​គឺ​ដ្បិតថា​ទទួល​បាន​ប្រាក់​ប្រចាំខែ ប៉ុន្តែ​ការ​រស់នៅ​ក៏​មិនល្អ​ប៉ុន្មាន​ដែរ ។ជា​ពិសេស​ក្នុង​ពេល​ដែល​លោក​មាន​ជំងឺ​ម្ដង​ៗ ហើយ​ត្រូវ​យក​លុយ​ដែល​ប្រឹង​រកបាន​នោះ​មក​មើលខ្លួន ។

លោក​ថា រយៈពេល​ច្រើន​ឆ្នាំ​នៅ​ក្នុង​ប្រទេស​ថៃ លោក​មិន​ខុស​ពី​កម្មករ​ដែល​បាន​តែ​មួយ​រស់​ៗ​ប៉ុណ្ណោះ ទើប​លោក​សម្រេចចិត្ត​ឈប់​ធ្វើការ​ហើយ​ត្រូវ​ត្រឡប់​មក​កម្ពុជា​វិញ ដោយ​ប្រកាស​វិល​ចូល​ការ​ប្រដាល់​ជា​ថ្មី​នោះ​ផង បន្ទាប់​ពី​បាន​កត់​សម្គាល់ថា ការ​ប្រដាល់​នា​ពេល​ចុង​ក្រោយ​ទទួល​បាន​តម្លៃ​ខ្លួន​ល្អ​ប្រសើរ គឺ​មិន​ដូច​ក្នុង​ពេល​លោក​នៅ​ប្រឡូក ។

លោក​បាន​ចូល​ជ្រក​ក្នុង​ក្លិប​កងពលតូច​លេខ​៧០ ហើយ​ក្រោម​ការ​ហ្វឹកហាត់​ជា​ថ្មី​បាន​មួយ​រយៈ​ក៏​ត្រូវ​ប្រធាន​ក្លិប​ដាក់​ឱ្យ​ប្រកួត​កាលពី​ថ្ងៃ​ទី​២៤ ធ្នូ នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ ដោយ​ត្រូវ​ប្រកួត​ជាមួយ​កីឡាករ​មាន​ថ្វីដៃ​វ័យក្មេង​គឺ​កីឡាករ ពុទ្ធ ម៉ា​ណូ​យ ។ លោក​ថា ការ​ប្រកួត​ជា​លើក​ដំបូង​នោះ​លោក​មិនសូវ​មាន​ទំនុកចិត្ត​ក្នុង​ការ​យកឈ្នះ​ប៉ុន្មាន​ទេ ដោយសារ​តែ​លោក​ខាន​ប្រដាល់​យូរ អាច​ស្ពឹក​ដៃ​ស្ពឹក​ជើង​មិនសូវ​ស្វាហាប់​ដូច​អំឡុង​ជាង​៤​ឆ្នាំ​មុន​ពេល​លោក​បាត់​មុខ​ទៅ​ធ្វើ​កូនគូលី​នៅ​ក្នុង​ប្រទេស​ថៃ ។

លោក​បង្ហាញ​អារម្មណ៍​សប្បាយចិត្ត​ក្នុង​ពេល​ដែល​ការ​តាំងចិត្ត​របស់​លោក​ហុច​ផល​វិជ្ជមាន ព្រោះតែ​ការ​ប្រកួត​ដែល​បាន​បង្ហាញមុខ​នេះ លោក​អាច​ទទួល​ជ័យជម្នះ​។ ក្នុង​នោះ​លោក​ថា នោះ​ក៏​ជា​ច​លករ​ជួយ​ឱ្យ​លោក​កាន់តែ​មាន​មហិច្ឆតា​ចង់​ឡើង​ប្រកួត​ឱ្យ​បាន​ញឹកញាប់​ដូច​ដើម​ជា​ថ្មី​ផង​ដែរ ដើម្បី​ឱ្យ​លោក​ទទួល​បាន​ប្រាក់​ចំណូល​ច្រើន​គួរសម ក្រោយ​ការ​បញ្ចប់​ការងារ​នៅ​ក្នុង​ប្រទេស​ថៃ ។ លោក​ថា ក្រោយ​ឈប់​ធ្វើការ​នៅ​ក្នុង​ប្រទេស​ថៃ លោក​សម្លឹង​ឃើញ​តែ​ការ​ប្រដាល់​ប៉ុណ្ណោះ ចំណែក​ការងារ​ផ្សេង​ៗ​នៅ​មិន​ទាន់​ច្បាស់​ថា​ធ្វើ​អ្វី​នោះ​ទេ ដោយសារ​តែ​លោក​មិនសូវ​មានចំណេះ​ដឹង​ច្រើន​ដើម្បី​ស្វែង​រក​ការងារ​ល្អ ។

យ៉ាងណា​ក៏​ដោយ លោក​ថា​ការងារ​អ្វី​ក៏​លោក​នឹង​ឆ្លៀតពេល​ធ្វើ​នោះ​ដែរ គឺ​មិន​ប្រកាន់​ខ្លួន​ទេ ឱ្យ​តែ​ការងារ​នោះ​អាច​ឱ្យ​លោក​ដកឃ្លា​ទៅ​ហ្វឹកហាត់​ដើម្បី​ឡើង​រេញ​យក​លុយ​បាន ។ លោក​ថា ខ្លួន​នៅ​តែ​មាន​ស្ថានភាព​រស់នៅ​លំបាក ហើយ​ការ​ប្រដាល់​លើក​នេះ​បើ​លោក​ឡើង​រេញ​ទទួល​ការ​បរាជ័យ​ផ្ទួន​ៗ​ក៏​លោក​មិន​ត្រាំត្រែង​ឱ្យ​មានការ​រិះគន់​នោះ​ទេ ទើប​លោក​ចំណាយពេល​ច្រើន​ក្នុង​មួយ​រយៈ​ចុង​ក្រោយ ដើម្បី​ទទួល​ការ​ប្រដាល់​ដោយ​ទំនុកចិត្ត​ដើម្បី​កសាង​កេរ្តិ៍ឈ្មោះ​ជា​ថ្មី ។ លោក​សម្ដែង​ការ​សប្បាយចិត្ត​ដែល​មាន​អ្នកគាំទ្រ​ភាគច្រើន​នៅ​តែ​ស្គាល់​ស្នាដៃ​របស់​លោក ហើយ​មានការ​គាំទ្រ​បន្ទាប់​ពី​លោក​វាយ​ឈ្នះ​គូប្រកួត​កាលពី​ថ្ងៃអាទិត្យ​ម្សិលម្ង៉ៃ​នោះ​។

ងាក​ទៅ​កាន់ការ​ប្រកួត​នា​ថ្ងៃ​បើក​ឆាក​ក្នុង​អាជីព​ជា​ថ្មី​នោះ​វិញ គេ​សង្កេត​ឃើញ​ថា កីឡា​ករ លាភ សំណាង ដ្បិតថា​ខាន​ប្រដាល់​ជាង​៤​ឆ្នាំ ប៉ុន្តែ​ថ្វីដៃ​សម្រាប់​ការ​ប្រកួត​របស់​គេ​ទទួល​បានការ​ចាប់អារម្មណ៍​មិន​តិច​នោះ​ទេ រហូត​ដល់​ថ្នាក់​ធ្វើ​ឱ្យ​កីឡាករ ពុទ្ធ ម៉ា​ណូ​យ ដែល​ជា​ជើង​ខ្លាំង​មក​ពី​ក្លិប​ពុទ្ធ​សិរី​វង្ស​ខណ្ឌ​ពោធិ​សែន​ជ័យ ដួល​ក្រោក​លែង​រួច​តែ​ម្ដង ជា​ពិសេស​លើ​បច្ចេកទេស​វាយ​ម៉ាត់ និង​កែង​។

កីឡាករ​ជើង​ចាស់​រូប​នេះ នៅ​តែ​មាន​សមត្ថភាព​ខ្ពស់​បើ​ទោះជា​ការ​វាយលុក​របស់​គេ​បើ​ធៀប​នឹង​រយៈពេល​មុន​បាត់​មុខ គឺ​រាង​ធ្លាក់ដៃ​បន្តិច​។ ពេញ​មួយ​ទឹក​ទី​២ និង​ទឹក​ទី​៣ គេ​ឃើញ​កីឡាករ​បង្គោល​ខៀវ​រូប​នេះ​ទទួល​ជោគជ័យ​ហួស​ពី​ការ​ស្មាន ដោយសារ​តែ​អាច​រក​ឃើញ​ចំណុចខ្សោយ​របស់​គូប្រកួត ហើយ​វាយ​ត្រូវ​ខ្ចប់​ៗ​ធ្វើ​ឱ្យ​កីឡាករ ពុទ្ធ ម៉ា​ណូ​យ ទ្រម​ខ្លួន រហូត​រក​កន្លែង​តបត​លែង​ឃើញ ។ ចំហាយ​ប្រកួត​ល្អ​ក្នុង​អំឡុង​២​ទឹក​នេះ​ហើយ ដែល​ក្នុង​ទឹក​ទី​៤​ក៏​ធ្វើ​ឱ្យ​កីឡាករ ពុទ្ធ ម៉ា​ណូ​យ ឈាន​ដល់​សន្លប់ និង​រាប់​ដល់​១០​តែ​ម្ដង បន្ទាប់​ពី​កែង និង​ម៉ាត់​របស់​កីឡាករ​ជើង​ចាស់​រូប​នេះ វាយ​ត្រូវ​កន្លែង​សំខាន់​ផ្ទួន​ៗ ។

អាជ្ញាកណ្ដាល​សម្រេច​បញ្ឈប់​ការ​ប្រកួត​ភ្លាម​ៗបន្ទាប់​ពី​ឃើញ​កីឡាករ​បង្គោល​ក្រហម​តស៊ូ​លែង​រួច និង​ដោយ​កត់សម្គាល់​ឃើញ​កីឡាករ​លាភ សំណាង ឡើង​សន្ទុះ​ល្អ​ពេញ​ទំហឹង​ក្នុង​រយៈពេល​៣​ទឹក​ចុង​ក្រោយ​នោះ​ផង ។ កីឡាករ​ដែល​ធ្លាប់​ឃុំគ្រង​តំណែង​ជើង​ខ្លាំង​រូប​នេះ​មាន​អារម្មណ៍​សប្បាយ​រីករាយ​យ៉ាង​ខ្លាំង បន្ទាប់​ពី​ប្រកា​សថាបាន​ឈ្នះ​គូ​ប្រកួត ក្នុង​ពេល​ដែល​លោក​ទើបតែ​ឡើង​ប្រកួត​ជា​លើក​ទី​១​ក្រោយ​ការ​បាត់​មុខ ។

យ៉ាងណាមិញ អ្នកគាំទ្រ​មិន​ច្រើន​ប៉ុន្មាន​ទេ បាន​ផ្ដល់​ប្រាក់​ធីប​ដល់​លោក​នៅ​ពេល​កីឡា​ករ​រូប​នេះ​ដើរ​ក្រឡឹង​សង្វៀន​ក្រោយ​ប្រកាស​ថា​ឈ្នះ បើ​ទោះជា​មាន​អ្នកគាំទ្រ​ម្នាក់​ស្រែ​កថា​ផ្ដល់​លុយ​លើកទឹកចិត្ត​ដល់​គាត់​ខ្លះទៅ គាត់​ខាន​ប្រដាល់​យូរហើយ ឱ្យ​គាត់​មាន​កម្លាំង​ចិត្ត​ទទួលយក​ការ​ប្រកួត​ទៀត ។ កីឡាករ​រូប​នេះ ត្រូវ​បាន​លោក​ញាណ សុធី អ្នក​រៀបចំ​ការ​ប្រកួត​ប្រកាស​ថា នឹង​ដាក់​ឱ្យ​ប្រកួត​បាន​ច្រើន​ដើម្បី​ឱ្យ​លោក​រស់​ដៃ​រស់​ជើង កុំឱ្យ​ស្ពឹក​ស្រពន់​ក្រោយ​ការ​ប្រកាស​ឡើង​រេញ ។

លោក​ថា សមត្ថភាព​កីឡាករ​រូប​នេះ​នៅ​តែ​ល្អ​ដដែល​ទេ ទើប​លោក​សម្រេចចិត្ត​បន្ត​ឱ្យ​ឡើង​ប្រកួត​នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​ក្នុង​ពេល​បន្តបន្ទាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ