ខេត្តប៉ៃលិន ៖ ស្ត្រីម្នាក់រងរបួសក្បាលធ្ងន់ធ្ងរ សន្លប់នៅនឹងកន្លែង ត្រូវបានក្រុមគ្រួសារដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត ខណៈប្តីមកពីផឹកស្រាជួបជុំមិត្តភក្តិរករឿងក៏បង្កជាជម្លោះរហូតដល់ទាញពូថៅកាប់ទៅលើប្រពន្ធរងរបួសធ្ងន់តែម្តង ។
ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង០៦និង៣០នាទីល្ងាច ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតក្នុងភូមិភ្នំព្រាល ឃុំស្ទឹងត្រង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
ប្រភពព័ត៌មានពីនគរបាលបានឱ្យដឹងថា ជនសង្ស័យមានឈ្មោះ គង់ សាវឿន ហៅទូច ភេទប្រុស អាយុ៥៥ឆ្នាំ បានកាប់ប្រពន្ធនឹងខ្នងពូថៅ បណ្ដាលឱ្យរបួសបែកក្បាលធ្ងន់ធ្ងរ ។
ចំណែកជនរងគ្រោះមាន ឈ្មោះ ខ រ ភេទស្រី អាយុ៣០ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ ។ ប្រភពបន្តទៀតថា មុនពេលកើតហេតុ គេឃើញជនសង្ស័យខាងលើ បានចេញពីផ្ទះទៅផឹកស៊ីជួបជុំមិត្តភក្តិនៅក្នុងភូមិ តាំងពីព្រឹករហូតដល់ពេលល្ងាច ទើបត្រលប់មកផ្ទះវិញ ហើយក៏រករឿងជេរបញ្ចោរប្រពន្ធ រហូតដល់នាងទ្រាំមិនបានក៏តបតទៅវិញ ស្រាប់តែប្តីបានស្ទុះទៅទាញយកពូថៅមកកាប់នឹងខ្នងពូថៅ ចំពីលើក្បាលពេញទំហឹង បណ្ដាលឱ្យរងរបួសធ្ងន់សន្លប់ស្តូកស្តឹងនៅក្នុងផ្ទះ ហើយបានអ្នកជិតខាងឃើញ ក៏រត់ទៅជួយអន្តរាគមន៍ ។
ក្រោយមកនគរបាលក៏បានចុះទៅធ្វើការឃាត់ខ្លួនជនសង្ស័យ ដើម្បីយកមកប៉ុស្តិ៍នគរបាល រួចបញ្ជូនបន្ត ដើម្បីចាត់ការតាមនីតិវិធី ។
សូមបញ្ជាក់ផងដែរថា ជនសង្ស័យខាងលើ ធ្លាប់ប្រើប្រាស់គ្រឿងញៀនជាមួយមិត្តភក្តិកាលពីមុនផងដែរ ៕




ចែករំលែកព័តមាននេះ