រាជធានីភ្នំពេញ ៖ លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានកោតសរសើរចំពោះអាជ្ញាធររាជធានីភ្នំពេញ និងកងកម្លាំងមានសមត្ថកិច្ចទាំងអស់ ដែលបានយកអស់កម្លាំងកាយចិត្ត ក្នុងការអនុវត្តការងារបានយ៉ាងល្អកន្លងមកនេះ ពិសេស គឺការអនុវត្តគោលនយោបាយភូមិ សង្កាត់មានសុវត្ថិភាពបានល្អ ធ្វើឱ្យប្រជាពលរដ្ឋទទួលបានភាពកក់ក្តៅ ។
ការកោតសរសើររបស់លោក ម៉ប់ សារិន បែបនេះបានធ្វើឡើង នាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥នេះ ក្នុងកិច្ចប្រជុំសាមញ្ញ លើកទី១០ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ឆ្នាំទី១ អាណត្តិទី៤ ក្រោមវត្តមានលោក ឆាយ វីរៈអភិបាលរង តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ ។
ប្រធានក្រុមប្រឹក្សា បានលើកឡើងថា ក្នុងខែកុម្ភៈកន្លងមកនេះ បើទោះបីបទល្មើសព្រហ្មទណ្ឌ មានការកើនឡើង ប៉ុន្តែអ្វីដែលគួរកោតសរសើរនោះ គឺរាល់បទល្មើសព្រហ្មទណ្ឌ ដែលបានកើតឡើងកងកម្លាំងបង្ក្រាបបានស្ទើរតែ១០០ភាគរយ ។
បន្ថែមពីនេះ លោក ម៉ប់ សារិន ក៏បានថ្លែងនូវការកោតសរសើរផងដែរ ចំពោះអាជ្ញាធរខណ្ឌទាំង១៤ និងមន្ទីរទាំងអស់ ចំណុះឱ្យរដ្ឋបាលរាជធានីភ្នំពេញ ដែលបានរួមគ្នាយកអស់កម្លាំងកាយចិត្ត សម្រេចបានលទ្ធផលការងារយ៉ាងល្អប្រសើរ ។
ជាងនេះទៅទៀត លោកប្រធាន ក៏កត់សម្គាល់ឃើញថា រដ្ឋបាលរាជធានីភ្នំពេញ បានចាត់វិធានការឆ្លើយតបបានល្អប្រសើរ ជុំវិញការដាក់របាំងពុះចែកទ្រូងផ្លូវ៦០ម៉ែត្រ និងការបង្កើតផ្លូវថ្មើរជើង (Walk Street) ។ ការងារទាំងពីរនេះ ពិតជាទទួលបាន នូវការសាទរពីប្រជាពលរដ្ឋយ៉ាងខ្លាំងក្លា ។
ឆ្លៀតក្នុងឱកាសនេះ លោក ម៉ប់ សារិន បានស្នើដល់អាជ្ញាធរខណ្ឌទាំង១៤ និងសង្កាត់ទាំង១០៥ ជួយធ្វើការផ្សព្វផ្សាយប្រជាពលរដ្ឋ ឱ្យមកលេងនៅផ្លូវថ្មើរជើងនេះ បានកាន់តែច្រើនថែមទៀត បើទោះបី ពីមួយសប្តាហ៍ទៅមួយសប្តាហ៍ ផ្លូវថ្មើរជើងនេះ ទទួលបានប្រជាពលរដ្ឋ ក៏ដូចភ្ញៀវទេសចរជាតិ អន្តរជាតិ កើនឡើងយ៉ាងណាក៏ដោយ ។
ក្នុងឱកាសនោះលោក ឆាយ វីរៈ បានអរគុណចំពោះការកោតសរសើរ ពីក្រុមប្រឹក្សារាជធានីភ្នំពេញ ចំពោះកិច្ចការងារ ដែលរដ្ឋបាលរាជធានីភ្នំពេញ បានអនុវត្តកន្លងមក ។
លោកបានបន្តថា ការកោតសរសើរនេះ គឺជាការលើកទឹកចិត្ត ដ៏ធំធេង ដើម្បីឲ្យរដ្ឋបាលរាជធានីភ្នំពេញ បន្តអនុវត្តការងារកាន់តែល្អប្រសើរបន្ថែមទៀត ។
យោងតាមរបាយការណ៍របស់លោក ហុក ហួលីម នាយរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា នៅក្នុងខែកុម្ភៈនេះ នៅរាជធានីភ្នំពេញ មានបទល្មើសព្រហ្មទណ្ឌ កើតឡើង៤៨លើក/៣៨លើក កើនឡើង ១០លើក។ បានបង្ក្រាបបទល្មើសព្រហ្មទណ្ឌ បាន ៤៦ករណី ឃាត់ខ្លួន ៧០នាក់។ បង្ក្រាបបទល្មើសគ្រឿងញៀន បាន ១៥៥ករណី ឃាត់ខ្លួន ២៧៤នាក់។ បង្ក្រាបក្មេងទំនើងបាន ២៦ករណី ឃាត់ខ្លួន ៩៧នាក់។ បង្ក្រាបល្បែងស៊ីសងខុសច្បាប់ បានចំនួន ៩ករណី ឃាត់ខ្លួន ៨៣នាក់។ ចំណែកគ្រោះថ្នាក់អគ្គិភ័យវិញ បានកើតមានឡើងចំនួន២១លើក/៨លើក ពោលគឺបានកើនឡើង ១៣លើក ដោយមូលហេតុ ឆ្លងចរន្តអគ្គិសនី ១៦លើក, កត្តាមនុស្សដុតឲ្យឆេះ ៣លើក, ប្រហែសភ្លើងទៀន-ធូប ១លើក និងរថយន្តជាប់ហ្វាំង ១លើក ៕


<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ