ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យម្នាក់ជាជនជាតិថៃត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧ ពីបទរំលោភលើសេចក្តីទុកចិត្ត(លួចលុយរបស់ក្រុមហ៊ុនកាស៊ីណូ) ។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបាននិយាយថា ដោយ យោងពាក្យបណ្តឹងរបស់ឈ្មោះ គីទីផុន ប៊ូណយ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិថៃ បច្ចុប្បន្នស្នាក់នៅបណ្តោះអាសន្នក្នុងក្រុងប៉ោយប៉ែត មុខរបរប្រធានក្រុមហ៊ុន កាស៊ីណូ ផារ៉ាម៉ិច ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៧ មានការបាត់បង់ប្រាក់ចំណូលរបស់ក្រុមហ៊ុន ។ ភ្លាមៗនោះមន្ត្រីជំនាញរបស់កងរាជអាវុធហត្ថខេត្តសហការជាមួយកងកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដែលដឹកនាំដោយលោកផ្ទាល់ជាមេបញ្ជាការរងទទួលការងារយុត្តិធម៌ បានចុះធ្វើការស្រាវជ្រាវដល់កន្លែងកើតហេតុ ។
លុះដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧ មន្ត្រីជំនាញកងរាជអាវុធហត្ថបានស្រាវជ្រាវរកឃើញមុខសញ្ញាជនសង្ស័យម្នាក់ និងបានរាយការណ៍ និងមានបទបញ្ជាការពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងដោយមានការសម្របសម្រួលពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ ទើបកម្លាំងកងរាជអាវុធហត្ថធ្វើការចាប់ឃាត់នៅវេលាម៉ោង០៤នឹង៣៦នាទីល្ងាច ថ្ងៃខែឆ្នាំដដែលនាំមកយកសាកសួរ ។
លោកមេបញ្ជាការរងបានបញ្ជាក់ឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ធីរ៉ាផាត់ ទីឆាគុណ ភេទប្រុស អាយុ២៦ឆ្នាំ ជាជនជាតិថៃ មានស្រុកកំណើត នៅខេត្តឈៀងម៉ៃ ប្រទេសថៃ បច្ចុប្បន្នស្នាក់នៅខេត្តបញ្ចាស័ក ប្រទេសថៃ ជាបុគ្គលិកផ្នែកគ្រប់គ្រងទិន្នន័យហិរញ្ញវត្ថុក្នុងក្រុមហ៊ុនកាស៊ីណូ ផារ៉ាម៉ិចនេះ ។
តាមចម្លើយសារភាពរបស់ជនសង្ស័យថា ខ្លួនពិតជាបានលួចផ្ទេរប្រាក់របស់ក្រុមហ៊ុនជាច្រើនលើកមកហើយចាប់តាំងពីដើមខែធ្នូ ឆ្នាំ២០១៧ រហូតមកដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៧ ។ ក្នុងការផ្ទេរមួយលើកៗយ៉ាងច្រើនបំផុតត្រឹម ៥០.០០០បាត (ប្រាំម៉ឺនបាត) ដែលមានទឹកប្រាក់សរុបចំនួន៤៧៥.០០០បាត (សែសិបប្រាំពីរម៉ឺនប្រាំពាន់បាត) ហើយទឹកប្រាក់ទាំងនេះ គឺខ្លួនបានលួចផ្ទេរផ្ញើរចូលក្នុងគណនីធនាគារ របស់មិត្តភ័ក្តដែលរស់នៅក្នុងប្រទេសថៃចំនួន០៣នាក់ ។
ទឹកប្រាក់ទាំងអស់គឺខ្លួនមិនទាន់បានប្រើប្រាស់នៅឡើយទេ ។ ក្រោយពីបានស្តាប់ការបំភ្លឺរបស់ជនរងគ្រោះ និងស្តាប់ចម្លើយសារភាពរបស់ជនសង្ស័យឃើញមានភាពស៊ីសង្វាក់គ្នាយ៉ាងជាក់លាក់នោះ ចំពោះករណីខាងលើមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្តបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅតុលាការដើម្បីធ្វើចំណាត់ការទៅតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ