ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះ​បាក់​ច្រាំង​ទន្លេមេគង្គ​ក្រោម នៅ​តែ​បន្ត​គំរាមកំហែង​ដល់​ពលរដ្ឋ

6 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​កណ្តាល ឃុំ​ខ្ពប​អា​ទាវ និង​ភូមិ​ព្រែក​តូច ស្រុក​លើក​ដែក ខេត្តកណ្តាល​នៅ​តែ​កំពុង​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ពី​គ្រោះ​បាក់​ច្រាំង​ទន្លេមេគង្គ​ក្រោម ខណៈ​ដែល​ដី​ច្រាំង​ទន្លេ​បាន​បាក់​រអិល​ធ្លាក់​ចូល​ទៅ​ក្នុង​ទឹកជា​បន្តបន្ទាប់​មាន​ប្រវែង​ប្រហែល​១០០​ម៉ែត្រ រាលដាល​ដល់​ផ្លូវ និង​រហូត​មាន​ស្នាម​ប្រេះ​មក​ដល់​ពាក់​កណ្តាលផ្លូវ​លេខ​១៤…

ខេត្តកណ្តាល ៖ ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​កណ្តាល ឃុំ​ខ្ពប​អា​ទាវ និង​ភូមិ​ព្រែក​តូច ស្រុក​លើក​ដែក ខេត្តកណ្តាល​នៅ​តែ​កំពុង​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ពី​គ្រោះ​បាក់​ច្រាំង​ទន្លេមេគង្គ​ក្រោម ខណៈ​ដែល​ដី​ច្រាំង​ទន្លេ​បាន​បាក់​រអិល​ធ្លាក់​ចូល​ទៅ​ក្នុង​ទឹកជា​បន្តបន្ទាប់​មាន​ប្រវែង​ប្រហែល​១០០​ម៉ែត្រ រាលដាល​ដល់​ផ្លូវ និង​រហូត​មាន​ស្នាម​ប្រេះ​មក​ដល់​ពាក់​កណ្តាលផ្លូវ​លេខ​១៤ ដែល​អាច​សន្និដ្ឋាន បាន​ថា​នឹង​អាច​បាក់​ដាច់​អស់​មួយ​ចំហៀង​ផ្លូវ​ទៀត​ទៅ​ថ្ងៃ​មុខ បើសិនជា​អាជ្ញាធរ​មន្ត្រី​ជំនាញ​មិន​មាន​វិធានការ​ទប់ស្កាត់​។ បញ្ហា​នេះ​ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួសារ​រស់នៅ​ភូមិ​កណ្តាល ឃុំ​ខ្ពប​អា​ទាវ បាន​នឹង​កំពុង​រក​ជាង​មក​រុះរើ និង​រំកិល​ថយក្រោយ​ព្រោះ​ខ្លាច​បាក់​រាលដាល​ដល់​ផ្ទះ​របស់​ពួក​គាត់​ដោយ​មិនដឹង​ខ្លួន ខ្លាច​មាន​គ្រោះថ្នាក់​។ មិនតែប៉ុណ្ណោះ​សូ​ម្បី​តែ​អ្នក​ធ្វើ​ដំណើរ​ឆ្លងកាត់​ក៏​មានការ​ព្រួយបារម្ភ​ពី​គ្រោះ​បាក់​ដី​ច្រាំង​ទន្លេ​នេះ​ផង​ដែរ ខណៈ​ដែល​ពួក​គាត់​ធ្វើ​ដំណើរ​ឆ្លងកាត់​ឃើញ​មាន​ស្នាម​ប្រេះ​នោះ​។

ដោយឡែក​ពលរដ្ឋ​នៅ​ក្នុងភូមិ​ព្រែក​តូច ឃុំ​ព្រែក​ទន្លាប់​ក៏​មានការ​ព្រួយបារម្ភ​ពី​គ្រោះ​បាក់​ស្រុត​ច្រាំង​ទន្លេ​នេះ​ដែរ ដោយ​បាន​បាក់​ម្តង​បន្តិច​ៗ​រហូត​ដល់​ដាច់​ថ្នល់​កៅស៊ូ​លេខ​១៤ និង​អាច​ប្រឈម​បាក់​មក​ដល់​ដី​លំនៅ​ដ្ឋា​ន និង​ដីចម្ការ​របស់​ពួក​គាត់​នៅ​ខាងលិច​ថ្នល់​ទៀត​ជាក់​ជា​មិន​ខាន បើសិនជា​គ្មាន​ការ​ទប់ស្កាត់​ពី​សំណាក់​មន្ត្រី​ជំនាញ​នោះ​ទេ​។ ប្រជាពលរដ្ឋ​ស្រុក​លើក​ដែក​បន្ត​ថា កន្លង​មក​ពួក​គាត់​ឃើញ​តែ​មន្ត្រី​ជំនាញ​ចុះ​មក​ពិនិត្យ​មើល​ថត​ផ្តិត​យក​តែ​រូបភាព​ទៅ​បាត់​ឈឹង​មិនឃើញ​ទប់​ស្តា​ត់​អ្វី​សោះ ហើយ​គ្រោះ​បាក់​ច្រាំង​ទន្លេ​ចេះ​តែ​បាក់​ស្រុត​ម្តង​បន្តិច​ៗ​កាន់តែ​ធ្វើ​ឲ្យ​ពួក​គាត់​មានការ​ព្រួយបារម្ភ​ខ្លាំង​ទៅ​។ ដូច្នេះ​ប្រជាពលរដ្ឋ​ក៏​ដូច​ជា​អ្នក​ធ្វើ​ដំណើរ​បាន​សូម​សំណូមពរ​ដល់​មន្ត្រី​ជំនាញ​ធ្វើ​យ៉ាងណា​ជួយ​ទប់ស្កាត់​កុំ​ឲ្យ​មានការ​បាក់​ដី​ច្រាំង​ទន្លេ​នេះ​បន្ត​ទៀត ព្រោះ​គ្រោះ​បាក់​ដី​ច្រាំង​ទន្លេ​នេះ​បាន​វាយប្រហារ​កាត់​ផ្តាច់​កំណាត់​ផ្លូវជាតិ​លេខ​១៤​ទាំង​២​កន្លែង​នេះ រយៈពេល​យូរ​ឆ្នាំ​ហើយ​ធ្វើ​ឲ្យ​ពលរដ្ឋ​រង​គ្រោះ​រាប់រយ​គ្រួសារ​បង្ខំចិត្ត​រុះរើ​ផ្ទះសម្បែង​ដោយសារ​គ្រោះ​បាក់​ដី​ច្រាំង​ទន្លេ​ជា​បន្តបន្ទាប់ ខ្លះរ​ត់ទៅ​សុំ​ដី​បងប្អូន និង​អ្នក​ជិតខាង ឬ​ដី​សាធារណៈ​តាម​មាត់​ព្រែក ទន្លេ សង់​កូនខ្ទម​ប្រក់​ដែក​ស​ង្ក័​សី និង​ប្រក់​តង់​ទៅ​តាម​លទ្ធភាព​ស្នាក់​នៅ​បណ្តោះអាសន្ន​សិន​។

ឥឡូវនេះ​កំណាត់​ផ្លូវ​លេខ​១៤​នៅ​ចម្ងាយ​ពី​កន្លែង​ដែល​បាក់​ដាច់​កន្លង​ទៅ​នោះ​ប្រហែល​ជាង​១០០​ម៉ែត្រ​ក៏​ចាប់ផ្តើម​ប្រេះ​ដល់​ពាក់​កណ្តាលផ្លូវ​ប្រហែល​ជិត​៥០​ម៉ែត្រ​។ មូលហេតុ​ដែល​ប្រេះ​នេះ​គឺ​បណ្តាល​មក​ពី​ដី​ច្រាំង​ទន្លេ​នៅ​ចំណុច​នោះ​បាន​បាក់​ជា​បន្តបន្ទាប់​រាលដាល​ដល់​ផ្លូវជាតិ​ទើប​ធ្វើ​ឲ្យ​កំណាត់​ផ្លូវ​នៅ​ចំណុច​នោះ​មាន​ស្នាម​ប្រេះ​ដូច្នេះ​។ ពាក់ព័ន្ធ​បញ្ហា​គ្រោះ​ធម្មជាតិ​បាក់​ច្រាំង​ទន្លេ​នៅ​ក្នុងស្រុក​លើក​ដែក​នេះ​កន្លង​មក​អាជ្ញាធរ​ស្រុក លោក នូវ សំណាង អភិបាលស្រុក​ក៏​ធ្លាប់​បាន​ប្រាប់​ភ្នាក់ងារ​យើង​ថា បាន​ទប់ស្កាត់​ដែរ តែ​ទប់​មិន​ជាប់​ដោយសារ​ចរន្តទឹក​ហូរ​បុក​ខ្លាំង​នា​រដូវ​ទឹក​ដំឡើង​។ ហើយ​ក៏​មាន​មន្ត្រី​ជំនាញ​ធ្លាប់​ចុះ​មក​ពិនិត្យ​ជា​បន្តបន្ទាប់​ផង​ដែរ​៕


https://youtu.be/4Q19dey4fbE