មានថ្នាំព្យាបាលការជ្រុះសក់តែមួយចំនួនតូចប៉ុណ្ណោះដែលអនុម័តឲ្យប្រើដោយរដ្ឋបាលចំណីអាហារ និងឱសថអាមេរិក និងមានការអះអាងតាមវិទ្យាលសាស្ត្រអំពីប្រសិទ្ឋភាពរបស់វា ។ ប៉ុន្តែមានសេចក្តីធានាអះអាងដោយមិនមានភស្តុតាងជាក់ស្តែងជាច្រើនពាន់ករណី និង ច្រើនពាន់ផលិតផល ដែលបានអួតថា អាចជួយព្យាបាល និងបណ្តុះសក់ឡើងវិញ ។
សាប៊ូ ,ជាតិវីតាមីន និងផលិតផលថែរក្សាសក់ដទៃទៀតជាច្រើនបានអះអាងថាអាចជួយស្រោចស្រង់ឲ្យសក់ដុះបាន ។ ផលិតផលទាំងអស់នេះពុំមានផ្តល់ទុក្ខទោសដល់អ្នកប្រើប្រាស់នោះទេ ប៉ុន្តែជាទូទៅវាគ្មានប្រយោជន៍អ្វីក្នុងការប្រើប្រាស់ផលិតផលទាំងអស់នោះទេ ។ ដើម្បីបង្អាក់ ឬបញ្ឈប់ការជ្រុះសក់មានជម្រើសយ៉ាងតិច៤ ដែលអាចមានប្រសិទ្ធភាព ដែលរួមបញ្ចូលទាំងការប្រើប្រាស់ថ្នាំ Minoxidil, Propecia និងAvodart ដែលជាប្រភេទថ្នាំថែរក្សាសក់ជំនួយសក់ ហើយថ្នាំទាំងនេះទាមទារការចំណាយពេលយូរ ។ ការបញ្ឈប់ការប្រើប្រាស់ថ្នាំខាងលើនេះ ហាក់ដូចជាមិនអាចធ្វើឲ្យសុខភាពសក់របស់អ្នកចុះខ្សោយ ឬការជ្រុះសក់មានសភាពធ្ងន់ឡើងនោះទេ ។
– មីណូស៊ីឌីល Minoxidil (Rogaine) ៖អ្នកអាចស្វែងរកទិញថ្នាំលាបនេះដោយមិនចាំបាច់មានវេជ្ជបញ្ជាឡើយ ។ Minoxidil អាចប្រើបានទាំងមនុស្សប្រុស និងមនុស្សស្រី។ ថ្នាំនេះមានប្រសិទ្ធភាពបំផុតចំពោះការព្យាបាលការជ្រុះសក់នៅកណ្តាលលលាដ៏ក្បាល ហើយមានប្រសិទ្ធភាពតិចតួចនៅតំបន់ថ្ងាស (frontal region) ។
រ៉ូហ្គ្រែន (rogaine) អាចបណ្តុះសក់បានតិចតួច និងថែរក្សាសក់មិនឲ្យជ្រុះថែម ។ អាចមានផលប៉ះពាល់តិចតួចបន្ទាប់ពីការប្រើប្រាស់ថ្នាំនេះ ។ បញ្ហាចម្បងជាមួយនឹងការព្យាបាលដោយ Rogaine គឺអ្នកត្រូវតែលាបវាមួយ ឬពីរដងក្នុងមួយថ្ងៃ ដែលជាហេតុធ្វើឲ្យបុរសជាច្រើនធុញទ្រាន់បន្ទាប់ពីការប្រើប្រាស់មួយរយៈពេលមក ។
បន្ថែមពីលើនេះ Minoxidil ហាក់ដូចជាពុំសូវមានប្រសិទ្ធភាពចំពោះការជ្រុះសក់នៅម្តុំថ្ងាសទេ ដែលជាកន្លែងធ្វើឲ្យរំខានដល់បុរស(ទំពែកក្បាល) ។ ការលាបដោយមិនបានប្រុងប្រយ័ត្ននៅលើស្បែកមុខ ឬកអាចបណ្តាលឲ្យដុះរោម ឬសក់ដែលយើងមិនចង់បាននៅតំបន់នោះ ។
– ហ្វ៊ីណាសស្តេរីត Finasteride (Propecia) ៖ថ្នាំនេះត្រូវបានអនុញ្ញាតដោយរដ្ឋបាលចំណីអាហារ និងឱសថអាមេរិក ឲ្យប្រើប្រាស់សម្រាប់តែបុរសដែលមានបញ្ហាជ្រុះសក់បណ្តាលមកពីអ៊័រម៉ូនអង់ដ្រូហ្សែន(androgenic hair loss ) ។
ហ្វ៊ីណាសស្តេរីត (Finasteride) ស្ថិតក្នុងប្រភេទថ្នាំដែលគេឲ្យឈ្មោះថា 5-alpha reductase inhibitors ។ ថ្នាំនេះជួយកាត់បន្ថយការជ្រុះសក់ ដោយវាទៅបង្អាក់ (block) សកម្មភាពនៃអ៊័រម៉ូនក្នុងឫសសក់ក្បាល (scalp hair follicles) ចំពោះស្ត្រីភេទ ជាពិសេសអ្នកដែលអាចនឹងមានផ្ទៃពោះមិនគួរប៉ះពាល់ជាមួយថ្នាំប្រភេទនេះទេ ព្រោះវាអាចធ្វើឲ្យមានបញ្ហាដល់ទារក ។
ប្រសិនបើអ្នកប៉ះពាល់ដោយចៃដន្យនោះ ត្រូវប្រញាប់លាងដៃ ឬលាងកន្លែងប៉ះពាល់នោះចេញភ្លាមដើម្បីចៀសវាងបញ្ហានានា ។ ស្ថិតក្រោមវេជ្ជបញ្ជាត្រឹមត្រូវ អ្នកជំងឺត្រូវទទួលទានថ្នាំ Propecia១មីល្លីក្រាម ក្នុងមួយថ្ងៃ ។ ថ្នាំ Propecia អាចបណ្តុះសក់,ធ្វើឲ្យសរសៃសក់ក្រាស់ឡើង ប៉ុន្តែចំណុចសំខាន់ គឺគេប្រើវាដើម្បីរក្សាសក់ឲ្យនៅដូចដើម (មិនឲ្យជ្រុះ) ។
ការសិក្សាបានបង្ហាញថា ថ្នាំនេះមានប្រសិទ្ធភាពក្នុងការព្យាបាលការជ្រុះសក់ ប្រភេទមួយចំនួន និងត្រូវការរយៈពេលប្រើប្រាស់ពី៦ទៅ១២ខែ មុនពេលដែលវាមានប្រសិទ្ធិភាពទាំងស្រុង ។ ប្រសិទ្ធភាពល្អចំពោះបុរសដែលអាចមានសក់នៅលើស្បែកក្បាលគ្រប់គ្រាន់ដើម្បីរក្សាទុកបន្តទៀត និងជួយបណ្តុះសក់ថ្មីឲ្យដុះឡើងថែម ។ វាមានលទ្ឋភាពតិចតួចនឹងអាចមានផលប៉ះពាល់ក្រោយពេលប្រើដូចជា អសមត្ថភាពផ្លូវភេទ ឬការធ្លាក់ចុះនៃចំណង់នៃការរួមភេទ (libido) ។
ការសិក្សាបានឲ្យដឹងថា ផលប៉ះពាល់ខាងលើនេះអាចកើតមានឡើងបន្តិចបន្តួច ប៉ុន្តែវានឹងបាត់ទៅវិញនៅពេលដែលអ្នកឈប់ប្រើថ្នាំនេះ ។ ការទទួលទានថ្នាំ Propecia មួយថ្ងៃមួយដងហាក់ដូចជាមានភាពងាយស្រួលជាងការលាប minoxidil រាល់ថ្ងៃ ប៉ុន្តែការលេបថ្នាំនេះយូរឆ្នាំ មិនមែនជាការល្អប្រសើរនោះទេ។ ម្យ៉ាងទៀតអ្នកត្រូវចំណាយច្រើនក្នុង មួយខែៗ ។
– ឌុយតាសស្តេរីត Dutasteride (Avodart) ៖វាអាចជួយការពារការជ្រុះសក់ ដោយវាបានទៅបង្អាក់ការផលិត ឬចងភ្ជាប់សារធាតុធម្មជាតិនៅក្នុងឫសសក់ក្បាល ។
-ថ្មីៗនេះក្រុមថ្នាំម្យ៉ាងហៅថា ប្រូស្តាក្លង់ឌីន អាណាឡូក (prostaglandin analogs) ត្រូវបានគេសាកល្បងប្រើប្រាស់ដើម្បីធ្វើតេស្តការព្យាបាលឲ្យសក់ដុះឡើងវិញ ។ ថ្នាំនេះអាចប្រើបានទាំងប្រុស ទាំងស្រី ។ ប៉ុន្តែថ្នាំនេះមិនទាន់មានការអនុញ្ញាតឲ្យប្រើប្រាស់ក្នុងការព្យាបាលការជ្រុះសក់ពីរដ្ឋបាលចំណីអាហារ និងឱសថអាមេរិកនៅឡើយទេ ។
បច្ចុប្បន្នពពួកថ្នាំនេះត្រូវបានគេប្រើប្រាស់ដើម្បីព្យាបាលរោមភ្នែកឲ្យប្រសើរឡើង ។ ថ្នាំថ្មីមួយមុខទៀតគឺ bimatoprost ប៉ុន្តែវាតម្រូវឲ្យមានការសិក្សាអំពីប្រសិទ្ឋភាព ៕
ចែករំលែកព័តមាននេះ