ខេត្តកោះកុង ៖ បន្ទាប់ពី កោះសន្តិភាព បានចុះផ្សាយរឿងអាស្រូវការលួចបូមខ្សាច់លុបយកដីក្នុងដែនជម្រកសត្វព្រៃពាមក្រសោបដែលស្ថិតក្នុងភូមិសាស្ត្រស្រុកមណ្ឌលសីមា មួយចំណែកនិងស្ថិតក្នុងក្រុងខេមរៈភូមិន្ទ នៃខេត្តកោះកុង មួយចំណែក និងមានផ្ទៃដីច្រើនហិកតាដែលបានបូមខ្សាច់ពេញរួចហើយ ។ ចំណែកស្ថាប័នពាក់ព័ន្ធជាច្រើនមិនបានដឹង និងត្រូវទទួលរងប្រតិកម្មពីថ្នាក់លើរបស់ខ្លួនបន្តបន្ទាប់ ហើយត្រូវចាត់វិធានចុះត្រួតពិនិត្យ និងធ្វើរបាយការណ៍អំពីលទ្ធផលនៃសកម្មភាពល្មើសច្បាប់ជាបន្ទាន់ដើម្បីចាត់វិធានការបង្ក្រាបតាមផ្លូវច្បាប់ ។

លោក ស្រេង ហុង អភិបាលរងខេត្តកោះកុងបានប្រាប់ កោះសន្តិភាព នៅវេលាម៉ោង១០ព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧ តាមទូរស័ព្ទថា លោកបានទទួលរបាយការណ៍របស់មន្ទីររ៉ែ និងថាមពលរួចហើយអំពីការចុះពិនិត្យសកម្មភាពល្មើសខាងលើនេះហើយមន្ទីរបានសុំគោលការណ៍ចុះវាស់វែងរកបរិមាណខ្សាច់ដែលបានលួចបូមរួចហើយដើម្បីផាកវិន័យថ្លៃសួយសារចូលថវិការដ្ឋ ហើយខេត្តក៏បានឯកភាពតាមគោលការណ៍ដែរ ប៉ុន្តែនៅមិនទាន់ឃើញរបាយការណ៍មន្ទីរពាកព័ន្ធផ្សេងទៀតនៅឡើយទេ ។
លោក រស់ វីរ៉ាវុឌ្ឍ ប្រធានមន្ទីររៀបចំដែនដីនគរូបនីយ៍កម្មសំណង់ និងសុរិយោដីខេត្តបានប្រាប់តាមទូរស័ព្ទនៅព្រឹកថ្ងៃទី១៩ ធ្នូ ដែរថា លោកបានចាត់មន្ត្រីឱ្យចុះទៅពិនិត្យរួចហើយប៉ុន្តែជនបង្កបទល្មើសបានគេចខ្លួនអស់ ។ លោកកំពុងវែករកមុខថា តើបុគ្គលណាមួយជាម្ចាស់ដីបើកន្លងមកជំនាញរបស់លោកមិនដែលបានចេញប័ណ្ណកម្មសិទ្ធិសំរាប់ដីក្នុងតំបន់នេះម្តងណាឡើយ ព្រោះវាជាតំបន់ការពារដោយបរិស្ថាន ។

ចំណែកលោក ម៉ម ផល្លា ប្រធានមន្ទីរបរិស្ថានខេត្តបានបញ្ជាក់តាមទូរស័ព្ទនៅវេលាម៉ោង១០នឹង១៥នាទីព្រឹក ថ្ងៃទី១៩ ខែធ្នូ ថាលោកក៏បានចាត់តាំងមន្ត្រីឱ្យចុះទៅពិនិត្យទីតាំងបូមខ្សាច់ល្មើសច្បាប់ខាងលើនេះដែរ ប៉ុន្តែជនបង្កបានរើម៉ាស៊ីនទុយោបូមចេញអស់មុនពេលមន្ត្រីរបស់លោកទៅដល់ ។ លោកបានសង្កត់ធ្ងន់ថា ផ្ទៃដីខាងលើនេះត្រូវបានកាត់ចេញជាដីសហគមន៍ដោយព្រះរាជក្រិត្យ ដូច្នេះប្រជាពលរដ្ឋមានសិទ្ធអាស្រ័យផលក្នុងលក្ខណៈគ្រួសារ ។
ពាក់ព័ន្ធនឹងការផ្តល់កម្មសិទ្ធិកាន់កាប់លុះត្រាតែមានការអនុញ្ញាតិពីក្រសួងបរិស្ថានជាមុនសិន ទើបអាចធ្វើទៅបាន ។ ចំពោះទីតាំងល្មើសច្បាប់ខាងលើនេះគឺពុំមានឯកសារណាមួយពាក់ព័ន្ធដល់ការផ្តល់កម្មសិទ្ធិស្របច្បាប់ឱ្យទៅបុគ្គលណាម្នាក់ឡើយ ។
ដូច្នេះស្ថាប័នពាក់ព័ន្ធទាំងអស់គួរតែសហការគ្នាស្វែងរកជនប្រព្រឹត្តិសកម្មភាពល្មើសយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ឱ្យខាងតែបាន ។ មិនតែប៉ុណ្ណោះគួរមានវិធានការចំពោះជនប្រព្រឹត្តិសកម្មភាពល្មើសបូមខ្សាច់លុបយកដីឱ្យបូមដីចេញវិញ ដើម្បីរំដោះព្រៃកោងកាងដែលកំពុងរងការខូចខាតរាប់សិបហិកតាមកវិញផង ៕
ចែករំលែកព័តមាននេះ