ខេត្តកំពង់ស្ពឺ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍បកស្រាយបំភ្លឺចំពោះព្រះអង្គម្ចាស់ក្សត្រីនរោត្តម សោមា ដែលបានប្រើពាក្យថា «មើលទៅកន្លែងតម្កល់ព្រះបរមសពព្រះមហាវីរក្សត្រហាក់ដូចជាសង្វៀនរបស់អាស៊ាន ដែលមានសុទ្ធតែជាមន្ត្រីរបស់រាជរដ្ឋាភិបាល និងជនបរទេស» ។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បែបនេះនៅព្រឹកថ្ងៃទី១៤ វិច្ឆិកា ឆ្នាំ២០១២ ក្នុងឱកាសសំណេះសំណាល និងចែកប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋចំនួន៨១១គ្រួសារនៅឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។
សម្តេចតេជោបញ្ជាក់ថា ចំពោះបញ្ហារៀបចំយាងព្រះបរមសពព្រះមហាវីរក្សត្រសម្រាប់គោរពវិញ្ញាណក្ខន្ធក្នុងការរំលែកព្រះរាជមរណទុក្ខ គឺមិនមែនជាការងាយស្រួលទេ បើសិនជាព្រះអង្គម្ចាស់ក្សត្រីមិនយល់ទេ ព្រះអង្គម្ចាស់ក្សត្រីអាចរកការពន្យល់ បើសិនជាព្រះអង្គម្ចាស់ក្សត្រីឈ្មោះពិតដូចដែលភ្នំពេញប៉ុស្តិ៍បានចុះផ្សាយនរោត្តម សោមា ។
ព្រះអង្គម្ចាស់ក្សត្រីហាក់ដូចជាបានលើកថា មន្ត្រី រាជរដ្ឋាភិបាលទៅវ៉ាងទី ហើយកាត់ចោលព្រះរាជវង្សានុវង្ស ។ មិនទាន់ដល់ពេលព្រះរាជវង្សានុវង្ស ដល់ពេលចូលដល់រៀបពិធីនោះទេ បើគ្មានមន្ត្រីរាជរដ្ឋាភិបាលទេ ព្រះរាជវង្សានុវង្សមិនអាចធ្វើបានទេ ។ ខ្ញុំរំលឹកឱ្យព្រះអង្គម្ចាស់ក្សត្រីភ្លឺភ្នែក ឬបើសិនជាអ្នកនិពន្ធ ហើយប្រើឈ្មោះផ្សេងសូមឱ្យយល់ដែរ ពេលនោះស្ថិតនៅក្នុងពិធីការរៀបចំនៅឡើយទេ មិនមែនជាឱកាស…បើអនុញ្ញាតបានតែឧបនាយករដ្ឋមន្ត្រីចិនចូលគោរពវិញ្ញាណក្ខន្ធ រួចហើយក៏អញ្ជើញទៅ បន្ទាប់ទៅក៏នៅមានការរៀបចំបន្តទៀត ។ ឥឡូវនេះអត់មានអ្នកណាទៅជ្រៀតជ្រែកទេ ព្រោះមានកម្មវិធី។ ដូច្នេះសូមព្រះអង្គម្ចាស់ក្សត្រីយោគយល់ ហើយបើសិនជាអាចធ្វើការកែតម្រូវបានគួរធ្វើការកែតម្រូវ បើមិនដូច្នេះទេមន្ត្រីនានាគេអាចមានអារម្មណ៍មិនល្អចំពោះបញ្ហានេះ ។ នេះជាការគួរឱ្យសោកស្តាយណាស់ ខ្ញុំគួរតែពន្យល់ចំពោះអ្នកដែលមើលហ្វេសប៊ុកទាំងឡាយរបស់ព្រះអង្គម្ចាស់ក្សត្រីនរោត្តម សោមា ឱ្យបានជ្រាប ហើយឱ្យភ្លឺភ្នែកដែរ ។
សម្តេចមានប្រសាសន៍ថា ខ្ញុំត្រូវបានព្រះមហាក្សត្រប្រទានព្រះគោរមងារតេជោ ឈ្មោះថាតេជោខ្ញុំបានទូលព្រះមហាក្សត្រ និងសម្តេចម៉ែថា ជាទម្លាប់សាធារណរដ្ឋគ្មានទេ គោរមងារសម្តេច ឬតេជោនោះ មានតែរបបរាជានិយម តែប៉ុណ្ណោះ ហើយជាទម្លាប់តេជោ គឺការពារព្រះរាជាណាចក្រ ការពាររាជបល្ល័ង្ក ការពារព្រះមហាក្សត្រ ។ ដូច្នេះសូមកុំមានការភាន់ច្រឡំលើបញ្ហាថា រាជរដ្ឋាភិបាលត្រួតត្រាវ៉ាងទីទៅលើតំបន់ដែលជាព្រះរាជវង្សានុវង្ស ជាការគួរឱ្យសោកស្តាយ ។ ខ្ញុំគួរតែនិយាយបន្តិច ព្រោះមានអ្នកខ្លះភាន់ច្រឡំថា ទៅវ៉ាងទី ។ ក្នុងពេលដែលសម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ បានផ្តល់សារមួយដល់ខ្ញុំជាការលើកទឹកចិត្ត ថ្លែងអំណរគុណក្នុងឋានៈព្រះអង្គជាព្រះរាជបុត្រ និងជាប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ ។ បន្ទាប់ទៅ ព្រះករុណាព្រះមហាក្សត្រ និងព្រះមាតាជាតិបានផ្តល់ព្រះរាជសារមួយទៀត ដើម្បីកុំឱ្យខ្ញុំខូចទឹកចិត្ត ។
ខ្ញុំក៏មិនបានដឹងរឿងនោះទេ ប៉ុន្តែនេះជាការចាំបាច់ត្រូវពន្យល់ដល់សាធារណជនឱ្យបានជ្រាបថា តើរឿងអ្វីដែលបានកើត ។ រាជវង្សមួយក្រុមមិនអាចចាត់ការរឿងនេះបានទេ មិនអាចទេ ។ ការចាត់ការក្នុងរឿងនេះមានអ្នកដែលមានអំណាចធំបំផុតត្រូវសម្រេចចិត្តភ្លាមៗ ក្នុងករណីដែចាំបាច់ អ្នកដែលមានអំណាចក្នុងការអារកាត់ភ្លាមៗ គឺនាយករដ្ឋមន្ត្រីហ៊ុន សែន នេះឯង តេជោសែន ។
ដូច្នេះសង្ឃឹមថា អ្នកនិពន្ធនេះត្រង់ថាកែតម្រូវ ឬមិនកែតម្រូវគឺជាអាស្រ័យលើសិទ្ធិ ក៏ប៉ុន្តែខ្ញុំក៏ត្រូវតែបកស្រាយដែរ តែនេះជាភារកិច្ចរបស់នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវធ្វើកិច្ចការងារនេះ ។ មិនមែនធម្មតាទេ ព្រះអង្គម្ចាស់ក្សត្រី បើសិនជាមានបញ្ហាទៅ តើអ្នកណាទទួលខុសត្រូវ គឺនាយករដ្ឋមន្ត្រីទៀតហើយ វិធីល្អគេមិនផ្តល់គុណសម្បត្តិទេ បើធ្វើអាក្រក់ គឺប្រមូលផ្តុំហើយ… ។
ប៉ុន្តែយ៉ាងណាក៏ដោយ សម្តេចបញ្ជាក់ថា ខ្ញុំមិនខ្វល់រឿងហ្នឹងទេ ប៉ុន្តែបើមិនបកស្រាយក៏មិនកើត នៅតែភាន់ច្រឡំ ។ តើព្រះអង្គម្ចាស់ក្សត្រីរូបនេះ តើចាប់អារម្មណ៍ឬអត់? ព្រោះ Face Book បានបញ្ជាក់តាំងពីថ្ងៃទី២០ ។
សម្តេចគូសបញ្ជាក់ថា សូមព្រះអង្គម្ចាស់ក្សត្រីយល់ឱ្យច្បាស់ទៅ ដែលហៅថាតេជោ ហើយមិនដែលក្បត់ស្តេចទេ ។ ទឹកដីកំពង់ស្ពឺនេះ គឺទឹកដីតេជោមាស តេជោយ៉ត គឺបានចាប់ផ្តើមពីខេត្តសំរោងទងទៅ(បច្ចុប្បន្នកំពង់ស្ពឺ) តេជោគឺជាអ្នកការពារស្តេច ការពាររាជបល្ល័ង្ក រាជានិយម ។
បើព្រះអង្គម្ចាស់ក្សត្រីមិនជួយការពាររាជានិយមទេ សូមកុំបំផ្លាញ ព្រោះរាជានិយមជារបស់ទាំងអស់គ្នា។ ព្រោះជួនកាលធ្វើឡេឡឺៗទៅធ្វើឱ្យគេអាក់សទ្ធា ព្រោះមិនប្រាកដទេណា ជួនកាលក្នុងចំណោម១០០មាន១អីុចឹងទៅ។
សម្តេចតេជោហ៊ុន សែន មានប្រសាសន៍គូសបញ្ជាក់ថា នៅលើពិភពលោកកម្រណាស់ដែលបាត់បង់ ហើយកើតឡើងវិញ មិនងាយទេ បើបាត់គឺបាត់ហើយ ប៉ុន្តែនៅកម្ពុជា បាត់ហើយកើតឡើងវិញ ហើយកើតឡើងនេះ គឺកើតរឹងមាំតាមរយៈនៃការគោរព នៃការការពាររបស់រាជរដ្ឋាភិបាល របស់កម្លាំងប្រដាប់អាវុធក៏ដូចជាប្រជាជន ។
នៅប្រទេសដទៃព្រះរាជាបើរំលំគឺរលំហើយ អត់មានត្រឡប់ទេ ។ បើសិនជាព្រះអង្គម្ចាស់ក្សត្រីមែន បើសិនជាមិនដូច្នេះទេ មកដល់ម៉ោងនេះព្រះអង្គម្ចាស់ក្សត្រីមិនអាចមានឈ្មោះជាព្រះអង្គម្ចាស់ក្សត្រី ព្រោះត្រូវបានគេរំលាយនៅឆ្នាំ ១៩៧០ រួចទៅហើយ ។ លន់ នល់ បានរំលាយរួចទៅហើយ ។
ដោយសារតែបង្កើតរាជានិយមឡើងវិញទៅហើយបានជាព្រះអង្គម្ចាស់ក្សត្រីមានលទ្ធភាពឱ្យគេហៅថា ព្រះអង្គម្ចាស់ក្សត្រីដែលមានគោរមងារមួយដ៏ខ្ពង់ខ្ពស់នៅក្នុងព្រះរាជវង្សានុវង្ស ។
សម្តេចបានរំលឹកថា ការប្រគល់គោរមងារសម្តេចតេជោ ដែលហៅថា តេជោហើយគឺការពារស្តេចតែម្តង តេជោអត់មានធ្លាក់ទៅតាមតំណែងនាយករដ្ឋមន្រ្តី។ នាយករដ្ឋមន្ត្រីអាចបោះឆ្នោតចាញ់ទៅធ្លាក់បាត់អាណត្តិនាយករដ្ឋមន្ត្រី តែគោរមងារតេជោអត់បាត់ទេ នៅមួយជីវិត ។
សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា បើចង់រំលាយរាជានិយមត្រូវកន្លងសពហ៊ុនសែន សិន ។ រឿងនេះមិនមែនជារឿងថ្មីទេ គឺខិតខំបង្កើត ហើយត្រូវការពារ ផ្តាំកូនផ្តាំចៅថា កូនខ្ញុំអត់ចេះក្បត់ស្តេចទេ… ៕
ចែករំលែកព័តមាននេះ