ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Bitcoin ជា​អ្វី ? ហេតុ​អ្វី​ធនាគារជាតិ​ប្រកាស​មិន​ទទួល ស្គាល់ ?

7 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ថ្មី​ៗ​នេះ ធនាគារជាតិ​នៃ​កម្ពុជា​បាន​ប្រកាស​មិន​ទទួលស្គាល់ និង​មិន​ទទួលខុសត្រូវ​ទាំងឡាយ​ណា ទៅ​ការ​ចាយវាយ​កាក់​អេ​ឡិច​ត្រូ​និក ឬ​ហៅ​ថា Bitcoin នេះ​ទេ ខណៈ…

រាជធានី​ភ្នំពេញ ៖ ថ្មី​ៗ​នេះ ធនាគារជាតិ​នៃ​កម្ពុជា​បាន​ប្រកាស​មិន​ទទួលស្គាល់ និង​មិន​ទទួលខុសត្រូវ​ទាំងឡាយ​ណា ទៅ​ការ​ចាយវាយ​កាក់​អេ​ឡិច​ត្រូ​និក ឬ​ហៅ​ថា Bitcoin នេះ​ទេ ខណៈ Bitcoin បាន​មក​ដល់​កម្ពុជា​ក្នុង​រយៈពេល​ខ្លី​ប៉ុណ្ណោះ ។ តើ Bitcoin ជា​អ្វី ? ហើយ​វា​បង្កើត​ឡើង​ដោយ​អ្នក​ណា និង​មាន​ប្រភព​មកពីណា ? ថ្ងៃនេះ កោះសន្តិភាព​សូម​លើកយក​ពី​ប្រវត្តិ Bitcoin មក​ចែក​ជូន​ប្រិ​យ​មិត្ត​អ្នក​អាន​ទាំងអស់​ឲ្យ​បាន​ជ្រាប និង​ជា​សារ​មួយ​ជួយ​ដាស់តឿន​បន្ថែម​ទៀត​ដល់​ពលរដ្ឋ ជា​ពិសេស​អាជីវករ និង​ពាណិជ្ជករ​ទាំងឡាយ ។

Bitcoin គឺជា​រូបិយប័ណ្ណ​ប្រភេទ​ថ្មី ដែល​បង្កើត​ឡើង​នៅ​ឆ្នាំ​២០០៩ ដោយ​ជន​មិន​ស្គាល់​មុខ​ម្នាក់​ប្រើ​ឈ្មោះ​ក្លែងក្លាយ​ថា Satoshi Nakamoto ។ ការ​ចរាចរ​រូបិយប័ណ្ណ​មួយ​នេះ គ្មាន​ប្រភព​ច្បាស់លាស់​ទេ ពោល​គឺ​គ្មាន​ធនាគារ​ណាមួយ​ទទួលស្គាល់​ឡើយ ។ វា​មិន​តម្រូវ​ឲ្យ​បង់ប្រាក់​បន្ថែម​សម្រាប់​ការ​ចាយវាយ និង​មិន​តម្រូវ​ឲ្យ​ប្រើ​ឈ្មោះ​ពិតប្រាកដ​ចំពោះ​អ្នក​ប្រើប្រាស់​រូបិយប័ណ្ណ​មួយ​ប្រភេទ​នេះ​ដែរ ។ សព្វ​ថ្ងៃនេះ មាន​ពាណិជ្ជករ​ជា​ច្រើន​កំពុង​ប្រើប្រាស់​រូបិយប័ណ្ណ Bitcoin នៅ​ក្នុង​ការងារ​របស់​ពួក​គេ ។

Bitcoin ត្រូវ​បាន​គេ​ប្រើ​ដើម្បី​ទិញ​អីវ៉ាន់​អនាមិក ឬ​ហៅ​ថា អីវ៉ាន់​អន​ឡាញ ។ លើស​ពី​នេះ​ទៀត ការ​ចំណាយ​ជា​លក្ខណៈ​អន្តរជាតិ​មួយ​នេះ​មាន​ភាព​ងាយស្រួល និង​ចំណាយ​តិច ពីព្រោះ Bitcoin មិនមែន​ជា​កម្មសិទ្ធិ​របស់​ប្រទេស​ណាមួយ​ឡើយ ។ អាជីវកម្ម​ខ្នាត​តូច​មួយ​ចំនួន​ចូល​ចិត្ត​ប្រើប្រាស់ Bitcoin ដោយសារ​តែ​វា​មិន​តម្រូវ​ឲ្យ​មានការ​ចំណាយ​ប្រចាំ​ថ្ងៃ ដូច​កាត​ឥណទាន ។ មនុស្ស​មួយ​ចំនួន​ទិញ Bitcoin ទុកជា​ការ​វិនិយោគ ដោយ​សង្ឃឹមថា ពួក​គេ​នឹង​បាន​ចំណេញ​នៅ​ថ្ងៃក្រោយ ។

លោក លឹ​ម សុ​ជាតិ ជំនាញ​បច្ចេកវិទ្យា និង​អេ​ឡិច​ត្រូ​និក​មួយ​រូប​នៅ​កម្ពុជា បាន​ឲ្យ​ដឹង​ថា ការ​លេង​រូបិយប័ណ្ណ Bitcoin មាន​ន័យ​ថា គេ​យក​លុយ​ទៅ​ទិញ Bitcoin ដើម្បី​សន្សំទុក ហើយ​នៅ​ពេល Bitcoin ឡើងថ្លៃ គេ​លក់​វិញ​ដើម្បី​បាន​លុយ ។

លោក​ថា ៖« ដំបូង​ៗ វា​មិនមែន​ជា​បញ្ហា​ទេ ពេល​យើង​យក​លុយ​ទិញ Bitcoin ហើយ​យើង ​លក់ យើង​នឹង​បាន​លុយ​ចូល​ទៅ​ក្នុង​គណនី​ធនាគារ រួច​យើង​អាច​ដក​យក​លុយ​វិញ​បាន តែ​យើង​មិនដឹង​ថា Bitcoin ដែល​យើង​ទិញ​ពី​គេ​ហើយ ស្រាប់តែ​មិន​មាន​អ្នក ទិញ តើ​យើង​យក Bitcoin នោះ​ទៅ​ប្តូរ​យក​លុយ​វិញ​នៅ​ទីណា ព្រោះ​ធនាគារ​អត់​ទទួល ស្គាល់​បែប​នេះ ។ នេះ​ហើយ​ជា​ហានិភ័យ​សម្រាប់​អ្នក​ជួញដូរ Bitcoin គ្រប់​គ្នា » ។

លោក​បន្ត​ថា នៅ​ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ Bitcoin ទូ​ទាំង​ពិភពលោក បាន​ឡើងថ្លៃ​គួរ​ឲ្យ​កត់សម្គាល់ ជា​ហេតុ​ធ្វើ​ឲ្យ​មានការ​ចាប់អារម្មណ៍​ខ្លាំង​ពី​ជំនួញ​តាម​អន​ឡាញ ព្រោះ​គេ​គិត​ថា ទិញ​ហើយ ពួក​គេ​នឹង​អាច​រក​ប្រាក់​ចំណេញ​វិញ​បាន​នៅ​ពេល Bitcoin ឡើង ថ្លៃ ។ លោក​ថា ៖« កាលពី​ដំបូង​ឡើយ Bitcoin មាន​តម្លៃ​ត្រឹមតែ​២​ឬ​៣​ដុល្លារ​អា​មេ​រិ​ក​ប៉ុណ្ណោះ​ក្នុង​១​ឯក​តា តែ​រហូត​ដល់​ពេល​នេះ វា​មាន​តម្លៃ​ជិត​១​ម៉ឺន​ដុល្លារ​ក្នុង​១​ឯក​តា ហើយ​ការ​ឡើងថ្លៃ​នេះ ធ្វើ​ឲ្យ​អ្នកជំនួញ​អន​ឡាញ​ជា​ច្រើន​កំពុង​តែ​ចាប់អារម្មណ៍ និង​ចង់​បណ្ដាក់ទុន​លើ​ការ​វិនិយោគ​រូបិយប័ណ្ណ​ប្រភេទ​នេះ » ។

លោក​ជំទាវ ជា សិរី អគ្គនាយក​ធនាគារជាតិ​នៃ​កម្ពុជា បាន​ឲ្យ​ដឹង​ថា នៅ​កម្ពុជា​មាន​ក្រុម ហ៊ុន​មួយ​បោះពុម្ព​កាក់​អេ​ឡិច​ត្រូ​និក ហើយ​គេ​រៀបចំ​សិក្ខាសាលា​ផ្សព្វផ្សាយ និង​បញ្ចុះ បញ្ចូល​ដល់​អាជីវករ​ឲ្យ​ទទួល​កាក់​អេ​ឡិច​ត្រូ​និក​នោះ​សម្រាប់​ការ​ទូទាត់​ជំនួស​ប្រាក់ ហើយ​ក៏​បាន​ប្រាប់​ឈ្មោះ​ធនាគារ​នេះ ធនាគារ​នោះ ដើម្បី​ប្តូរ​យក​សាច់ប្រាក់ ។ គេ​ថែម​ទាំង​ប្រាប់​ថា យក​កាក់​នេះ​ទុក វា​ចំណេញ​នៅ​ពេល​ដែល​កាក់​នោះ​ឡើងថ្លៃ ពេល​នេះ មួយ​ឡើងជា​ពីរ​ជា​បី អីចឹង បើ​យក​សាច់ប្រាក់ គឺ​នៅ​តែ​ដដែល ។ តែ​ធនាគារជាតិ សូម​ប្រកាស​មិន​ទទួលស្គាល់​កាក់​នោះ​ជា​ដាច់ខាត ។

លោក​ជំទាវ​បន្ត​ថា ៖« បើសិនជា​ករណី​យក​កាក់​នោះ​ទៅ​ប្តូរ​ពី​ធនាគារពាណិជ្ជ​ផ្សេង​ៗ គេ​មិន​ទទួល កុំ​បន្ទោស​ធនាគារជាតិ ព្រោះ​យើង​បាន​ជម្រាប​ម្ដង​រួច​ហើយ​ថា យើង​មិន​ទទួល​ស្គាល់​រូបិយប័ណ្ណ​ដែល​ចេញពី​ក្រុមហ៊ុន​នានា​ឡើយ » ។

មិន​ត្រឹមតែ​ធនាគារជាតិ​នៃ​កម្ពុជា​នោះ​ទេ កាលពី​ស​ប្ដា​ហ៍​មុន និង​នៅ​ថ្ងៃ​ទី​៥ ធ្នូ កន្លង​មក ធនាគារកណ្ដាល​ចិន និង​ធនាគារកណ្ដាល​ឥណ្ឌា ក៏​បាន​ព្រមាន​អ្នក​វិនិយោគ​ដែល​កំពុង​លេង ឬ​ភ្នាល់ Bitcoin និង​រូបិយ​ប័​ណ្ឌ​អេ​ឡិច​ត្រូ​និក​ដទៃ​ទៀត​ដែរ ។

យោង​តាម​គេហទំព័រ QUARTZ ចេញផ្សាយ​នៅ​ថ្ងៃ​ទី​៦ ធ្នូ ម្សិលមិញ លោក ប៉ាន គ័ង​សៀង (Pan Gongsheng) ទេសាភិបាល​រង​ធនាគារ​ប្រជាជន​ចិន បាន​និយាយ​នៅ​ឯ​ព្រឹត្តិការណ៍​មួយ​ក្នុង​ក្រុង​សៀង​ហៃ​ថា ៖« ថ្ងៃ​ណាមួយ អ្នក​នឹង​ឃើញ Bitcoin បាត់​រូបរាង និង​ឃ្លាតឆ្ងាយ​ពី​អ្នក » ។

ចំណែក​ធនាគារកណ្ដាល​របស់​ឥណ្ឌា កាលពី​ថ្ងៃ​ទី​៥ ធ្នូ ក៏​បាន​ចេញផ្សាយ​ពី​ការ​ហាម​ប្រាម​​នេះ​ផង​ដែរ ដោយ​ក្នុង​នោះ ធនាគារ​បាន​ក្រើនរំលឹក​ពី​ការ​ព្រមាន​ជា​លើក​ទី​៣ បន្ទាប់​ពី​ការ​ព្រមាន​លើក​ទី​១ កាលពី​ខែធ្នូ ឆ្នាំ​២០១៣ និង​លើក​ទី​២ កាលពី​ខែកុម្ភៈ​ឆ្នាំ​នេះ ទៅ​ដល់​អ្នក​ប្រើប្រាស់​, ពាណិជ្ជករ និង​អ្នក​កំពុង​កាន់កាប់​ភាគហ៊ុន​ទាំងអស់​ដែល​កំពុង​តែ​ពាក់ព័ន្ធ​នឹង​Bitcoins ត្រូវ​មានការ​ទទួលខុសត្រូវ​លើ​ហានិភ័យ​ដោយ​ខ្លួនឯង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ