ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់អាគកស្តេចមាន់ជល់តម្លៃជាង១ម៉ឺនដុល្លារ​

6 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ លោក​ឧត្តមសេនីយ៍ទោ អ៊ា​វ ចំរើន ស្នងការ​នគរបាល​ខេត្តកណ្តាល បាន​បញ្ជា​ឱ្យ​កម្លាំង​កា​រិ​យា​ល​យ័​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ចាប់​វាយ​ខ្នោះ​បុរស​ម្នាក់​ដែល​ហ៊ាន​ចូល​លួច​អា​គក​កំពូល​មាន់​ជល់ ដែល​ចាប់​បាន​ថ្មី​ៗ​នេះ​នៅ​ក្នុង​បរិវេណស្នងការដ្ឋាន​នគរបាល​ខេត្ត ។…

ខេត្តកណ្តាល ៖ លោក​ឧត្តមសេនីយ៍ទោ អ៊ា​វ ចំរើន ស្នងការ​នគរបាល​ខេត្តកណ្តាល បាន​បញ្ជា​ឱ្យ​កម្លាំង​កា​រិ​យា​ល​យ័​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ចាប់​វាយ​ខ្នោះ​បុរស​ម្នាក់​ដែល​ហ៊ាន​ចូល​លួច​អា​គក​កំពូល​មាន់​ជល់ ដែល​ចាប់​បាន​ថ្មី​ៗ​នេះ​នៅ​ក្នុង​បរិវេណស្នងការដ្ឋាន​នគរបាល​ខេត្ត ។ មាន់​ដែល​ជន​នេះ​លួច គឺជា​ស្តេច​មាន់​ជល់​ដែល​ល្បី​ថា​មាន​តម្លៃ​រហូត​ជាង​១​ម៉ឺន​ដុល្លារ ដែល​ជល់​ឈ្នះ​ច្រើន​សង្វៀន​រួច​មក​ហើយ ស្ទើរតែ​រក​គូប្រកួត​មិន​បាន ។

ការ​ចាប់ខ្លួន​ជនជាប់ចោទ​ចោរលួច​អា​គក​ដ៏​មាន​តម្លៃ​នេះ ត្រូវ​វាយ​ខ្នោះ​នៅ​ហាង​លក់​បាយ​មួយ​កន្លែង​នៅ​មាត់​ស្ទឹង ភូមិ​តា​ខ្មៅ សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ពេល​ថ្ងៃត្រង់​ថ្ងៃ​ទី​៦​ធ្នូ​ម្សិលមិញ ។ជនសង្ស័យ​ឈ្មោះ សុខ សៀង​ឡេ​ង ភេទ​ប្រុស អាយុ​ជាង​៣០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រែក​រុន ឃុំ​ព្រែក​គយ ស្រុក​ស្អាង ។

លោក​ឧត្តមសេនីយ៍ទោ អ៊ា​វ ចំរើន បានឱ្យ​ដឹង​ថា ជនសង្ស័យ​ខាងលើ បាន​លបចូល​លួច​មាន់​ដែល​ជា​វត្ថុ​តាង ក្នុង​សំណុំរឿង​បង្ក្រាប​សង្វៀន​ដ៏​ធំ​មួយ នៅ​ភូមិ​អរិយ​ក្សត្រ ស្រុក​ល្វាឯម កាលពី​ថ្ងៃ​ទី​៤ ធ្នូ ។ មាន់​ជល់​ដែល​ជា​វត្ថុ​តាង​ត្រូវ​បាន​រឹបអូស​ពេល​បង្ក្រាប​នោះ​មាន​ជាង​១៣០​ក្បាល រួម​នឹង​ស្តេច​អា​គក​នេះ​ផង​ដែរ ។ លោក​និយាយ​ថា ស្រាប់តែ​នៅ​យប់​ថ្ងៃ​ទី​៥ ធ្នូ ជនសង្ស័យ​ឈ្មោះ ឡេ​ង បាន​បន្លំ​ចូល​ទៅ​លួច​មាន់​ជា​វត្ថុ​តាង​នៅ​ក្នុង​ស្នងការដ្ឋាន​ចំនួន​១​ក្បាល រួច​បាន​យក​ទៅ​លក់​ឱ្យ​ម្ចាស់​មាន់​ជា​ថៅកែ​កាប់​ជ្រូក​នៅ​ខណ្ឌ​ច្បារ​អំពៅ តម្លៃ​៥០០០​ដុល្លារ ។ លោក​ថា ដោយសារ​តែ​ការ​ស្រាវជ្រាវ​ភ្លាម​ៗ សមត្ថកិច្ច​ប៉ូលិស​ក៏​បាន​ស្គាល់​អត្តសញ្ញាណ​អ្នក​លួច​មាន់​នេះ ទើប​ឈាន​ដល់​ការ​ចាប់ខ្លួន​នៅ​វេលា​ថ្ងៃត្រង់​ថ្ងៃ​ទី​៦ ធ្នូ នៅ​ក្នុង​ហាង​បាយ​មួយ​កន្លែង​ក្នុង​ក្រុង​តា​ខ្មៅ ។

ដោយសារ​តែ​មាន​ជនខិលខូច​ចូល​លួច​អា​គក​ដល់​ក្នុង​បរិវេណ​នៃ​ស្នងការដ្ឋាន​បែប​នេះ លោកស្នងការ​បាន​ដាក់​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​ថា ឱ្យ​តែ​រក​ឃើញ​មន្ត្រី​នគរបាល​ណាមួយ​ហា៑ន​លួច​មាន់​(​វត្ថុ​តាង​) និង​សមគំនិត​ជាមួយ​ក្រុម​បញ្ជល់មាន់ លោក​និង​ដក​សក្តិ ហើយ​ចាប់​វាយ​ខ្នោះ បញ្ជូន​ឱ្យ​តុលាការ​ចាត់ការ​តាម​នីតិវិធី​មិន​ខាន ។ គេ​មិន​ទាន់​ដឹង​ថា បុរស​ក្លាហាន​ហ៊ាន​ចូល​លួច​ស្តេច​មាន់​តម្លៃ​ជាង​១​ម៉ឺន​ដុល្លារ​នេះ នឹង​ត្រូវ​សមត្ថកិច្ច​បន្ត​នីតិវិធី​បញ្ជូន​ទៅ​តុលាការ ឬ​បែប​ណា​នៅឡើយ​ទេ ។ តែ​តាម​ប្រភព​ថា លោក​បាន​បញ្ជា​ឱ្យ​នគរបាល​តាម​ចាប់ខ្លួន​អ្នកទិញ​មាន់​នេះ​ដើម្បី​ចាត់ការ​តាម​ច្បាប់​ដែរ ព្រោះ​ទំនង​អ្នកទិញ​ជា​អ្នកបញ្ជា​ឱ្យ​លួច ។ ដូច្នេះ​ពួក​គេ​ប្រឈម​នឹង​ការ​នាំ​ខ្លួន​ឡើង​តុលាការ ។

តាម​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​នគរបាល​ខេត្ត​ម្នាក់​ខ្សិ​ប​ប្រាប់​កោះសន្តិភាព​ថា អា​គក​មួយ​ក្បាល​ដែល​ចោរលួច​ទៅ​នេះ មាន​តម្លៃ​១២.០០០​ដុល្លារ​អា​មេ​រិ​ក ជា​មាន់​ដែល​ល្បី​ខ្លាំង​ជាងគេ ធ្លាប់​ជល់​ឈ្នះ​ច្រើន​លើក ពិបាក​រក​គូប្រយុទ្ធ ព្រោះ​ដឹង​តែ​ឈ្នះ ។ លោក​ថា ក្នុង​ចំណោម​អា​គក​ជាង​១០០​ក្បាល ដែល​ចាប់​បាន​នេះ​មាន​តម្លៃ​មិន​ក្រោម​១៥​ម៉ឺន​ដុល្លារ​ទេ ៕