ការធាត់លើសទម្ងន់គឺជាបញ្ហារបស់បុរសនិងស្ត្រីគ្រប់រូប ព្រោះមិនត្រឹមតែធ្វើឲ្យមានផល រំខានចំពោះសម្រស់នៃកាងកាយទេ វាក៏ធ្វើឲ្យមានផលប៉ះពាល់ទៅដល់សុខភាព និងជីវិតរស់នៅប្រចាំថ្ងៃផងដែរ ។
លោកស្រីហូវ ដានេ អគ្គនាយិកាមជ្ឈមណ្ឌលកែសម្រស់ឌែម៉ូគ្លីនិកឲ្យដឹងថា ភាពធាត់លើសទម្ងន់គឺជារឿងដែលពិបាកបំផុត សម្រាប់មនុស្សគ្រប់រូប ហើយក៏មានអ្នកខ្លះបានជ្រើសយកវិធីនានា មកសម្រកជាតិខ្លាញ់ ដោយការលេបថ្នាំ ឬកាហ្វេសម្រកទម្ងន់ជាដើម ។ ពិសេសការលេបថ្នាំ ឬក៏ផឹកកាហ្វេសម្រកទម្ងន់នេះ គឺបង្កឱ្យមានគ្រោះថ្នាក់ដល់សុខភាពយ៉ាងខ្លាំង ពិសេសទាក់ទងនៅនឹងប្រព័ន្ធរំលាយអាហារ និងខាតបង់ប្រាក់បើសិនជាមិនស្រកដោយសារផលិតផលទាំងនោះទេ ។
លោកស្រីហូវ ដានេ ថ្លែងថា «ជាធម្មតាខ្លួនរបស់មនុស្សយើង ម្នាក់ៗមានកោសិកាខ្លាញ់ជាកន្លែងដែលផ្ទុកជាតិខ្លាញ់ទ្រីឃ្លីសេរីដ ដែលជាប្រភពនៃថាមពល កាឡូរីក្នុងខ្លួន ។
នៅពេលដែលលោកអ្នកទទួលទានច្រើនដោយមិនបានធ្វើការងារ ឬធ្វើលំហាត់ប្រាណឱ្យបានគ្រប់គ្រាន់នាំឱ្យមានសំណល់កាឡូរីដែលបំលែងចេញជាជាតិខ្លាញ់ ផ្ទុកនៅក្នុងកោសិកាខ្លាញ់ ធ្វើឱ្យកោសិកាខ្លាញ់រីក ធំឡើងៗ ដែលនាំឱ្យធាត់ ។ កន្លែងដែលងាយធាត់ជាងគេនោះគឺនៅក្បាលពោះ និងត្រគាកជាដើម ។ ដោយឡែកការបូមខ្លាញ់គឺជាការបូមយកខ្លាញ់ពីក្នុងស្រទាប់ខ្លាញ់ ឬខ្លាញ់ដែលលើសចេញពីក្នុងខ្លួន ។ វិធីបូមខ្លាញ់ក្បាលពោះត្រូវធ្វើឡើងដោយវេជ្ជបណ្ឌិតដែលមានឯកទេស និងបទពិសោធន៍ខ្ពស់ ។ ការបូមខ្លាញ់ក្បាលពោះអាចធ្វើឡើងក្រោមថ្នាំសន្លប់ ឬថ្នាំស្ពឹកជាមួយនឹងថ្នាំងងុយគេង» ។

លោកស្រីហូវ ដានេ ឲ្យដឹងថា ការបូមខ្លាញ់ក្បាលពោះមានសារប្រយោជន៍ និងមានប្រសិទ្ធភាពខ្លាំងជាងការជ្រើសរើសការលេបថ្នាំសម្រកជាដើម ដោយសារប្រយោជន៌ មានដូចជា ៖
-ធ្វើឱ្យមានរាងស្អាតក្នុងរយៈពេលខ្លី ។
-បូមខ្លាញ់នៅកន្លែងដែលពិបាកសម្រកយ៉ាងមានប្រសិទ្ធភាព ។
-កាត់បន្ថយចំនួននៃកោសិកាខ្លាញ់មួយចំនួន ។ បែបនេះមិនងាយនឹងកើតមានការធាត់ឡើងវិញទេ ។
ជាការណ៍ពិតការវះកាត់មួយនេះអាចធ្វើឱ្យមានផលវិបាកមួយចំនួន បើសិនជាលោកអ្នកជ្រើសរើសកន្លែង ឬវេជ្ជបណ្ឌិតដែលគ្មានជំនាញច្បាស់លាស់នោះ ហើយផលវិបាកដែលជួបញឹកញាប់ជាងគេនោះមានការហើម និងជាំ ធ្វើឱ្យស្ពឹកលើស្បែកពោះ ការឆ្លងរោគដែលអាចឱ្យមានកំណកខ្ទុះ ឬអាប់សែ មានដុំឈាមកក ឬទឹកដក់ក្នុងកន្លែងបូម រាងមិនសូវស្មើល្អ អាចឱ្យមានការហូរឈាមខ្លាំងជាដើម ។
វិធីបូមខ្លាញ់ជាវិធីដែលអាចឱ្យលោកអ្នកមានរូបរាងសមសួនឡើងវិញ ប៉ុន្ដែក៏អាចផ្ដល់ផលវិបាកមួយចំនួនផងដែរ ប្រសិនបើអនុវត្ដមិនបានត្រឹមត្រូវ ។ ដូចនេះលោកអ្នកគួរតែស្វែងរកគ្រូពេទ្យដែលមានជំនាញ និងពិភាក្សាឱ្យបានច្បាស់លាស់ទើបជាការប្រសើរ ៕
ចែករំលែកព័តមាននេះ