យោងតាមការចុះផ្សាយពីប្រភពរទេស អាហារពេលព្រឹកគឺជាប្រភពថាមពលដ៏សំខាន់បំផុតសម្រាប់ខួរក្បាលដែលប្រើប្រាស់ថាមពលរហូតដល់ ២០% នៃរាងកាយទាំងមូល ប៉ុន្តែការជ្រើសរើសរបបអាហារខុសទម្រង់ក្នុងរយៈពេលវែង អាចបង្កើនហានិភ័យនៃជំងឺវង្វេងវង្វាន់ និងចុះខ្សោយការចងចាំនៅថ្ងៃអនាគតយ៉ាងធ្ងន់ធ្ងរ។
ទម្លាប់ញ៉ាំដែលគួរចៀសវាងដំបូងគេគឺ របបអាហារសាមញ្ញពេកដែលសម្បូរតែជាតិម្សៅដូចជាបបររាវ ឬបាយសជាមួយជ្រក់ ដែលធ្វើឱ្យខ្វះប្រូតេអ៊ីននាំឱ្យជាតិស្ករក្នុងឈាមឡើងចុះមិនទៀងទាត់ និងចុះខ្សោយការផ្ដោតអារម្មណ៍។ ចំណែកឯការញ៉ាំរហ័សដែលមានតែស៊ុត និងទឹកដោះគោ ទោះបីជាសម្បូរប្រូតេអ៊ីនមែន ប៉ុន្តែការខ្វះជាតិម្សៅនឹងបង្ខំឱ្យរាងកាយយកប្រូតេអ៊ីនមកដុតធ្វើជាថាមពលជំនួសវិញ ដែលបង្កើតបន្ទុកធ្ងន់ដល់ថ្លើម និងតម្រងនោម ខណៈដែលអាហារបំពងសម្បូរខ្លាញ់នឹងបំផ្លាញសរសៃឈាមដែលនាំឈាមទៅចិញ្ចឹមខួរក្បាល។
ផ្ទុយទៅវិញ ដំឡូងបារាំងដែលមនុស្សភាគច្រើនមើលរំលង បែរជាកំពូលអាហារដែលផ្ដល់ផលល្អលើសពីការស្មានសម្រាប់សុខភាពខួរក្បាល ដោយសារវាសម្បូរទៅដោយវីតាមីន C និងប៉ូតាស្យូមខ្ពស់ជាងផ្លែចេកទៅទៀត ដែលជួយការពារសរសៃឈាមឱ្យរឹងមាំ និងកាត់បន្ថយហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាល។ ដើម្បីទទួលបានគុណប្រយោជន៍ខ្ពស់បំផុត អ្នកជំនាញណែនាំឱ្យទទួលទានដំឡូងបារាំងតាមរយៈការស្ងោរ ចំហុយ ឬអាំងទាំងសំបក ជំនួសឱ្យការបំពងក្នុងខ្លាញ់ដែលផ្តល់គ្រោះថ្នាក់។ ការរួមបញ្ចូលដំឡូងបារាំងជាមួយប្រភពប្រូតេអ៊ីន និងបន្លែបៃតងនៅក្នុងអាហារពេលព្រឹក គឺជាវិធីសាស្ត្រដ៏ឆ្លាតវៃបំផុតក្នុងការថែរក្សាសមត្ថភាពចងចាំ និងជួយឱ្យរាងកាយមានថាមពលរឹងមាំសម្រាប់រយៈពេលវែងទៅអនាគត៕
ចែករំលែកព័តមាននេះ