ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វៀតណាម​ព្រមា.ន​ពី​ហានិភ័.យ​ខ្ពស់​នៃ​ជំងឺ​អុតក្តាម​ប្រភេទ​ថ្មី ដែល​លេចឡើង​នៅ​ចិន​លើក​ដំបូង​កាលពី​ថ្មី​ៗ​នេះ

1 ម៉ោង មុន

ប្រទេស​វៀតណាម ៖ ប្រទេស​វៀតណាម​បាន​ព្រមាន​អំពី​វត្តមាន​នៃ​ជំងឺ​អុតក្តាម​ប្រភេទ​ថ្មី​មួយ​ប្រភេទ ដែល​មានឈ្មោះ​ថា SAT1 បាន​លេចឡើង​នៅ​ក្នុង​ប្រទេស​ចិន​ជា​លើក​ដំបូង ហើយ​បាន​រីក​រាលដាល​មក​ជិត​តំបន់​អាស៊ី​អាគ្នេយ៍ ដោយ​បង្កើន​ហានិភ័យ​ខ្ពស់​សម្រាប់​វៀតណាម ដែល​មាន​ព្រំដែន​ជាប់​ចិន​។ ក្រសួងកសិកម្ម…

ប្រទេស​វៀតណាម ៖ ប្រទេស​វៀតណាម​បាន​ព្រមាន​អំពី​វត្តមាន​នៃ​ជំងឺ​អុតក្តាម​ប្រភេទ​ថ្មី​មួយ​ប្រភេទ ដែល​មានឈ្មោះ​ថា SAT1 បាន​លេចឡើង​នៅ​ក្នុង​ប្រទេស​ចិន​ជា​លើក​ដំបូង ហើយ​បាន​រីក​រាលដាល​មក​ជិត​តំបន់​អាស៊ី​អាគ្នេយ៍ ដោយ​បង្កើន​ហានិភ័យ​ខ្ពស់​សម្រាប់​វៀតណាម ដែល​មាន​ព្រំដែន​ជាប់​ចិន​។ ក្រសួងកសិកម្ម និង​បរិស្ថាន​វៀតណាម​បាន​ស្នើ​ឱ្យ​មានការ​អនុញ្ញាត​នាំ​ចូល​វ៉ាក់សាំង ដើម្បី​ទប់ស្កាត់​ការ​ផ្ទុះ​ឡើង​ជំងឺ​នេះ​។ នេះ​បើ​តាម​ប្រភព​ពី​សារព័ត៌មាន VietNamNet និង SGGP (Sai Gon Giai Phong) ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​៦ ខែឧសភា ឆ្នាំ​២០២៦​។

នៅ​ក្នុង​របាយការណ៍​មួយ​ដែល​បាន​ដាក់​ជូន​នាយក​រដ្ឋមន្ត្រី ក្រសួង​បាន​ព្រមាន​អំពី​ហានិភ័យ​ខ្ពស់​ដែល​ជំងឺ​អុតក្តាម (Foot and Mouth Disease) ប្រភេទ SAT1 អាច​ចូល​មក​កាន់​ប្រទេស​វៀតណាម​។ ជំងឺ​អុតក្តាម​ប្រភេទ SAT1 គឺជា​ជំងឺឆ្លង​ដ៏​គ្រោះថ្នាក់​មួយ ដែល​រីក​រាលដាល​យ៉ាង​ឆាប់រហ័ស​ក្នុង​ចំណោម​សត្វពាហនៈ​ដូច​ជា ក្របី គោ ជ្រូក ពពែ និង​ចៀម ដោយ​បណ្តាល​ឱ្យ​មានការ​ខាតបង់​យ៉ាងធ្ងន់ធ្ងរ​ដល់​វិស័យ​បសុសត្វ និង​គំរាមកំហែង​ដល់​សន្តិសុខ​ស្បៀងអាហារ​ផង​ដែរ​។

ជំងឺ​អុតក្តាម​ប្រភេទ SAT1 បង្ក​ឱ្យ​សត្វពាហនៈ​មាន​ពងបែក​នៅ​មាត់ ជើង និង​អណ្តាត​។ វា​មាន​សមត្ថភាព​ឆ្លង​លឿន ហើយ​សត្វ​ដែល​មិន​ធ្លាប់​មាន​ភាពស៊ាំ​ពី​ការ​ចាក់​វ៉ាក់សាំង​ពី​មុន អាច​នឹង​ស្លាប់​លឿន​។

នៅ​ទូ​ទាំង​ពិភពលោក ជំងឺ​អុតក្តាម​មាន​សេ​រ៉ូ​ទីប (Serotype) ចំនួន ៧ ប្រភេទ A, O, C, Asia1, SAT1, SAT2 និង SAT3 ប៉ុន្តែ​វៀតណាម​បាន​កត់ត្រា​ត្រឹម​ប្រភេទ O, A និង Asia1 ប៉ុណ្ណោះ អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​។ អ្វី​ដែល​គួរ​ឱ្យ​ព្រួយបារម្ភ​នោះ​គឺ SAT1 ដែល​ពី​មុន​បាន​វាយលុក​ជា​ចម្បង​នៅ​ទ្វីបអាហ្វ្រិក ចាប់តាំងពី​ឆ្នាំ ២០២៥ នោះ បាន​រីក​រាលដាល​ដល់​មជ្ឈិមបូព៌ា និង​អាស៊ី​ខាងលិច ហើយ​ថ្មី​ៗ​នេះ បាន​លេចឡើង​ក្នុង​ប្រទេស​ចិន​ថែម​ទៀត​ផង​។ ការ​ផ្ទុះ​ឡើង​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ខេត្ត​កាន​ស៊ូ (Gansu) និង​ខេត្ត​ស៊ី​ន​ជាំ​ង (Xinjiang) ក្នុង​ខែមេសា​កន្លង​ទៅ​ថ្មី​ៗ​នេះ​ដែល​នោះ​បង្ហាញ​ថា ជំងឺ​នេះ​បាន​រីក​រាលដាល​មក​ជិត​តំបន់​អាស៊ី​អាគ្នេយ៍​។

យោង​តាម​ភ្នាក់ងារ​ជំនាញ ប្រទេស​វៀតណាម​ប្រឈម​មុខ​នឹង​ហានិភ័យ​ខ្ពស់ នៃ​វត្តមាន​នៃ​ជំងឺ​អុតក្តាម​ប្រភេទ SAT1 ដោយសារ​តែ​ព្រំដែន​វែង​របស់​ខ្លួន និង​ភាព​ស្មុគស្មាញ​ជា​បន្តបន្ទាប់​ពាក់ព័ន្ធ​នឹង​ការ​ដឹក​ជញ្ជូន និង​ពាណិជ្ជកម្ម​សត្វពាហនៈ​តាម​រយៈ​ការ​ឆ្លងកាត់​ព្រំដែន​ទាំង​ផ្លូវការ និង​ក្រៅផ្លូវការ​។

បច្ចុប្បន្ន​វៀតណាម​មាន​សត្វពាហនៈ​ចំនួន​ច្រើន រួម​ទាំង​ជ្រូក​ប្រហែល ៣១,៤​លាន​ក្បាល គោក្របី​ជាង ៦​លាន​ក្បាល ក្របី​ជិត ២​លាន​ក្បាល ក៏​ដូច​ជា​ពពែ និង​ចៀម​ជាង ៣​លាន​ក្បាល​។ ទោះ​យ៉ាងណា​ក៏​ដោយ វ៉ាក់សាំង​ជំងឺ​អុតក្តាម​ដែល​កំពុង​ចរាចរ​ការពារ​តែ​ប្រឆាំង​នឹង​ប្រភេទ O, A និង Asia1 ប៉ុណ្ណោះ ហើយ​មិន​ផ្តល់​ការ​ការពារ​ប្រឆាំង​នឹង SAT1 ទេ​។ មាន​ន័យ​ថា ហ្វូង​សត្វពាហនៈ​ដែល​ងាយ​រង​គ្រោះ​ទាំងមូល​របស់​ប្រទេស​វៀតណាម មិន​មាន​ភាពស៊ាំ​ប្រឆាំង​នឹង​ពូជ​ថ្មី​នេះ​ទេ​។

ករណី​បើ SAT1 ចូល​ប្រទេស​វៀតណាម អត្រា​ឆ្លង​អាច​ខ្ពស់​ខ្លាំង សូ​ម្បី​តែ​ដល់ ១០០% ចំពោះ​សត្វ​ដែល​គ្មាន​ភាពស៊ាំ ដែល​បណ្តាល​ឱ្យ​ខូចខាត​សេដ្ឋកិច្ច​យ៉ាងធ្ងន់ធ្ងរ​។ វិធានការ​ដូច​ជា ការ​គ្រប់គ្រង​ការ​ដឹក​ជញ្ជូន ការ​សម្លាប់​មេរោគ ការ​កំណត់​តំបន់ និង​ការ​សម្លាប់សត្វ​ដែល​ឆ្លង​មេរោគ​គឺ​ចាំបាច់ ប៉ុន្តែ​មិន​អាច​ជំនួស​តួនាទី​របស់​វ៉ាក់សាំង​ក្នុង​ការ​បង្ការ​ជំងឺ​ជា​មុន​នោះ​ទេ​។

យោង​តាម​មន្ទីរពិសោធន៍​អន្តរជាតិ វ៉ាក់សាំង​ប្រឆាំង​នឹង​ជំងឺ​អុតក្តាម​ប្រភេទ SAT1 ត្រូវ​បាន​ផលិត​ក្នុង​ប្រទេស​ជា​ច្រើន រួម​ទាំង​ប្រទេស​អា​ហ្ស​ង់​ទី​ន តួ​ក​គី បារាំង កេ​ន​យ៉ា និង​បុត​ស្វា​ណា​។ ដោយសារ​តែ​ប្រភេទ SAT1 មិន​ធ្លាប់​មាននៅ​អាស៊ី​អាគ្នេយ៍ វ៉ាក់សាំង​ប្រភេទ​នេះ មិន​ត្រូវ​បាន​ប្រើប្រាស់​យ៉ាង​ទូលំទូលាយ​ក្នុង​តំបន់​នោះ​ទេ​។ ដូច្នេះ​ហើយ​ទើប​បានជា​ក្រសួងកសិកម្ម និង​បរិស្ថាន​វៀតណាម​បាន​ស្នើ​សុំ​ឱ្យ​នាយក​រដ្ឋមន្ត្រី​អនុញ្ញាត​ឱ្យ​នាំ​ចូល​វ៉ាក់សាំង​ជំងឺ​អុតក្តាម​ប្រភេទ SAT1៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ