ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Nissan X-Trail ស៊េរី​ឆ្នាំ​២០១៨ ត្រូវ​ដាក់​បង្ហាញ​អតិថិជន​ជា​លើក​ដំបូង​នៅ​សៀមរាប

6 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ប្រធាន​ជាន់ខ្ពស់​នៃ​ក្រុមហ៊ុន តាន់ ចុង ម៉ូ​ធ័​រ (​ខេ​ម​បូ​ឌា​) ភី​ធី​វ៉ា​យ អិ​ល​ធី​ឌី លោក…

ខេត្តសៀមរាប ៖ ប្រធាន​ជាន់ខ្ពស់​នៃ​ក្រុមហ៊ុន តាន់ ចុង ម៉ូ​ធ័​រ (​ខេ​ម​បូ​ឌា​) ភី​ធី​វ៉ា​យ អិ​ល​ធី​ឌី លោក ហួត គឹ​ម​ម៉េ​ង បាន​អះអាង​ថា រថយន្ត​ម៉ាក Nissan X-Trail ស៊េរី​ឆ្នាំ ២០១៨ ត្រូវ​បាន​ប្រកាស​ដាក់​លក់​ជា​ផ្លូវការ​នៅ​លើ​ទឹកដី​ទេសចរ​ខេត្តសៀមរាប​-​អង្គរ ចាប់ពី​ថ្ងៃនេះ​តទៅ​។

រថយន្ត​ដែល​ត្រូវ​បាន​ដាក់​បង្ហាញ​ជូន​អតិថិជន​ជា​លើក​ដំបូង​ខាងលើ ត្រូវ​បាន​អះអាង​ថា ជា​ផលិតផល​ជំនាន់​ទី​៣ ដែល​មាន​កំណត់​ស្តងដា​ថ្មី​នៅ​ក្នុង​ពិភព​រថយន្ត និង​មាន​រូបរាង​ទាន់សម័យ បរិក្ខារ​ទំនើប​កម្រិត​ខ្ពស់ ព្រមទាំង​មាន​បំពាក់​ដោយ​ប្រព័ន្ធ​បន្លាស់​ទី​ដ៏​វៃឆ្លាត​របស់​ក្រុមហ៊ុន Nissan ផង​ដែរ​។

ពិធី​សម្ភា​ធ​ដាក់​លក់​នូវ​រថយន្ត X-Trail ឆ្នាំ ២០១៨ នេះ ធ្វើ​ឡើង​កាលពី​ល្ងាច​ថ្ងៃ​ទី​២៥ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ កន្លង​ទៅ នៅ​សាខា​ក្រុមហ៊ុន​តាន់ ចុង ម៉ូ​ធ័​រ​(Nissan ) ដែល​មាន​ទីតាំង​​ជាប់​ផ្លូវជាតិ​លេខ​៦ ក្នុងភូមិ​ចុង​កៅស៊ូ សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប​។ ដែល​ការ​សម្ពោធ​​នេះ ធ្វើ​ឡើងជា​លើក​ទី​ពីរ បន្ទាប់​ពី​កម្មវិធី​ដូច​គ្នា​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​កាលពី​ដើមខែ វិច្ឆិកា ឆ្នាំ​២០១៧ នៅ​រា​ធានី​ភ្នំពេញ​។

ប្រធាន​ជាន់ខ្ពស់​នៃ​ក្រុមហ៊ុន តាន់​ចុង ម៉ូ​ទ័​រ ខាំ​បូ​ឌា ដែល​ជា​ក្រុមហ៊ុន​នាំ​ចូល​ផ្តាច់មុខ​នូវ​រថយន្ត​ម៉ាក​នី​សាន់ លោក ហួត គី​ម​ម៉េ​ង បាន​ថ្លែង​នូវ​ក្នុង​ស​ន្ទ​រក​ថា​ស្វាគមន៍​របស់​ខ្លួន​ថា ការ​រីក​ចម្រើន​របស់​ប្រជាពលរដ្ឋ​កម្ពុជា ជា​កត្តា​ធ្វើ​ឲ្យ​ក្រុមហ៊ុន​របស់​លោក​អាច​ឈរជើង​យ៉ាង​រឹង​មាំ និង​រីក​ចម្រើន​ដូច​សព្វថ្ងៃ ។

លោក​ថ្លែង​ទៅ​កាន់​អ្នកចូលរួម​យ៉ាង​ដូច្នេះ​ថា «​រយ​ថ​ន្ត​ម៉ាក Nissan X-Trail ដែល​កំពុង​ដាក់​បង្ហាញ​នៅ​ចំពោះ​មុខ​នេះ គឺជា​រថយន្ត​ដែល​មានការ​ពេញ​និយម​បំផុត​របស់ Nissan ដោយ​មាន​សារ​បត់បែន​គ្រប់​កាលៈទេសៈ​នៃ​ការ​ធ្វើ​ដំណើរ​ព្រមទាំង​មាន​បំពាក់​បន្ថែម​នូវ​បច្ចេកវិទ្យា​បន្លាស់​ទី​ដ៏​ឆ្លាត​វៃ​ចុង​ក្រោយ​របស់​Nissan ដែល​ធ្វើ​ឲ្យ​រថយន្ត​ស៊េរី​នេះ​ក្លាយ​ជា​​រថយន្ត​ដែល​ស័ក្តិសម​បំផុត​សម្រាប់​ការ​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ​ជា​លក្ខណៈ​គ្រួសារ »​។

យោង​តាម​ការ​បង្ហាញ​ទៅ​កាន់​អ្នកចូលរួម​យ៉ាងច្រើន​សន្ធឹកសន្ធាប់​របស់​អ្នកជំនាញ​ផ្នែក​ទីផ្សារ​នៃ​ក្រុមហ៊ុន តាន់ ចុង ម៉ូ​ធ័​រ (​ខេ​ម​បូ​ឌា​) ភី​ធី​វ៉ា​យ អិ​ល​ធី​ឌី បាន​ឲ្យ​ដឹង​ថា រថយន្ត Nissan X Trail ត្រូវ​បាន​រចនា​ម៉ូ​ដ​ដ៏​ស្រស់​ស្អាត និង​ជាទី​ទាក់ទាញ ព្រមទាំង​មាន​បំពាក់​ប្រព័ន្ធ​បន្លាស់​ទី​បែប​ឆ្លាត​វៃ​របស់ Nissan តាម​បែប​បច្ចេកវិទ្យា​ទំនើប​ផង​ដែរ​។

ក្នុង​បទ​បង្ហាញ​ដដែល​បាន​បញ្ជាក់​ថា ប្រព័ន្ធ​បន្លាស់​ទី​បែប​ឆ្លាត​វៃ គឺ​ធ្វើ​ឡើង​ក្នុង​គោល​បំណង​ឲ្យ​អតិថិជន​របស់​ខ្លួន កាន់តែ​មាន​អារម្មណ៍​ទំនុកចិត្ត​រំភើប និង​ស្និទ្ធស្នាល ហើយ​កាន់តែ​មាន​សុវត្ថិភាព​ក្នុង​ការ​ធ្វើ​ដំណើរ​លើ​ដងផ្លូវ ។

ជាមួយនឹង​រូបភាព​រស់​រវើក​នៃ​រថយន្ត X-Trail ដែល​ត្រូវ​បាន​ដាក់​បញ្ចាំង​នៅ​លើ​អេ​ក្រង់​ស្លាយ ប្រព័ន្ធ​សំខាន់​ៗ​ដែល​បាន​បំពាក់​នៅ​លើ​រថយន្ត​ដ៏​ល្អឆើត​ឆាយ នោះ​រួម​មាន​ដូច​ជា ប្រព័ន្ធ​​ផ្តល់​សញ្ញា​វត្ថុ​ដែល​មើល​មិនឃើញ (BSW) ជា​ប្រព័ន្ធ​ជួយ​ផ្តល់​ដំណឹង​ជា​មុន ចំពោះ​​ផ្នែក​ចំហៀង​រថយន្ត​ដែល​យើង​មើល​មិនឃើញ ទាំង​ឆ្វេង ទាំង​ស្តាំ តាម​រយៈ​ពន្លឺ​ផ្តល់​សញ្ញា ដែល​លោត​ភ្លឹបភ្លែត នៅ​សសរ​ទ្វារ ដោយ​មាន​បន្លឺ​សំឡេង​។

​ប្រព័ន្ធ​ពិសេស​មួយទៀត គឺ​ប្រព័ន្ធ (CTA) ជា​ប្រព័ន្ធ​ប្រាប់​ដំណឹង​ពេល​យានយន្ត​ឆ្លងកាត់ នៅ​ពេល​អ្នក​បើក​ថយក្រោយ​នៅ​កន្លែង​ចត បច្ចេកវិទ្យា​នេះ ពិនិត្យ​មើល​តំបន់​ជុំវិញ ផ្នែក​ខាងក្រោយ​រថយន្ត ហើយ​ប្រាប់​អ្នកបើកបរ​អំពី​រថយន្ត​ដែល​ពិនិត្យ​ឃើ ក្នុង​រយៈ​ចម្ងាយ រហូត​ដល់​២០​ម៉ែត្រ ទាំង​ឆ្វេង ទាំង​ស្តាំ ជាមួយ​សញ្ញា​ព្រមាន​ភ្លឹបភ្លែត រួម​ទាំង​សំឡេង​ផង​ដែរ​។​

ក្រៅពី​នោះ​នៅ​មាន​ប្រព័ន្ធ​ពិសេស​ៗ​មួយ​ចំនួន​ទៀត​ដូច​ជា ប្រព័ន្ធ​បើកបរ​ឆ្លាត​វៃ (IRC) សម្រាប់​ពិនិត្យ​មើល​ស្ថានភាព​ផ្លូវ ដើម្បី​រក​ដាន​ទឹក​រលក​ដែល​អាច​ធ្វើ​ឲ្យ​តួ​រថយន្ត​រលាក់ និង​ធ្វើការ​កែសម្រួល​ដ៏​ឆ្លាត​វៃ​នូវ​កម្លាំង​បង្វិល​របស់​រថយន្ត ដើម្បី​កែកុន​ស្ថាន​ការ​ឡើង​វិញ​។

ទោះជា​យ៉ាងនេះ​ក្តី​ក​ម្លៃ​នៃ​រថយន្ត X-Trail ដែល​កំពុង​ដាក់​បង្ហាញ​លក់​នោះ មិន​ត្រូវ​បាន​ប្រកាស​ឲ្យ​ដឹង​ទេ ក្រៅពី​មានការ​ណែនាំ​ឲ្យ​អ្នកចូលរួម​ទាំង​ណា​ឡាយ​ដែល​មាន​ចំណាប់​អារម្មណ៍ សូម​ទៅ​ទំនាក់ទំនង​ជំនាញការ​លក់​ផ្ទាល់ ដើម្បី​ទទួល​ការ​ពន្យល់​បន្ថែម​អំពី​លក្ខណៈ​ពិសេស និង​គុណ​តម្លៃ​របស់​វា​តែ​ប៉ុណ្ណោះ​។

ជាមួយ​គ្នា​ដែរ លោក សូរ ប្លា​តុង អភិបាលក្រុង​សៀមរាប ដែល​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូល​រួម​បើក​ផ្ទាំងសំពត់ស ចេញពី​រថយន្ត​ដ៏​ថ្មីស្រឡាង​នោះ​ស៊េរី​ឆ្នាំ ២០១៨ ខាងលើ បាន​មាន​ប្រសាសន៍​ថា ការ​តាំង​បង្ហាញ​ផលិតផល​ថ្មី​នានា ជា​ពិសេស​ការ​តាំង​បង្ហាញ​រថយន្ត​របស់​​ក្រុមហ៊ុន​នី​សាន់​នា​ពេល​នេះ គឺ​បាន​បង្ហាញ​ពី​នយោបាយ​សន្តិភាព និង​ការ​អភិវឌ្ឍ​របស់​កម្ពុជា ដែល​ធ្វើ​ឲ្យ​ដៃគូ​អភិវឌ្ឍន៍ ឬ​អ្នក​វិនិយោគ​នានា​មានការ​ទុកចិត្ត​នៅ​ក្នុង​មុខ​របរ​រកស៊ី​របស់​គាត់​។

លោក​បន្ថែម​ថា លោក សូរ ប្លា​តុង បញ្ជាក់​ថា ក្នុង​នាម​អាជ្ញាធរ លោក​សូម​គាំទ្រ និង​ជម្រុញ​ឲ្យ​មានការ​ចូល​មក​វិនិយោគ​ថ្មី​ៗ​បន្ថែម​ទៀត ។

គួរ​បញ្ជា​ក់ថា រថយន្ត​ម៉ាក នី​សាន់ អិ​ច ត្រេ​ល ( Nissan X-Trail ) បាន​ដំណើរការ​លក់​កាលពី​ឆ្នាំ​២០០០ ដោយ​គិត​មក​ដល់​ឆ្នាំ​២០១៧​នេះ មាន​រយៈពេល​១៧​ឆ្នាំ និង​បាន​ដំណើរការ​លក់​បាន​ចំនួន​៣​លាន​៧​សែន​គ្រឿង​នៅ​ទូ​ទាំង​ពិភពលោក ដោយ​ទើបតែ​បាន​ផលិត​ចេញ​ចំនួន ៣ ជំនាន់​តែ​ប៉​ណ្ណោះ ។ នេះ​បើ​ផ្អែក​តាម​ការ​បញ្ជាក់​របស់​លោក ហួត គឹ​ម​ម៉េ​ង ប្រធាន​ជាន់ខ្ពស់​នៃ​ក្រុមហ៊ុន Tan Chong Motor cambodia ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ