ក្រុមហ៊ុនណេសត្លេ ប្រកាសយុទ្ធនាការរថយន្តចល័ត (NESCAFÉ CARAVAN) ដើម្បីអបអរឆ្នាំថ្មី ២០២៦ និងចែករំលែកកាហ្វេនៅក្នុងសហគមន៍
- ភ្នំពេញ
រាជធានីភ្នំពេញ, ថ្ងៃទី ៣ ខែមករា ឆ្នាំ ២០២៦ ៖ ណេសត្លេ (NESTLÉ) ជាក្រុមហ៊ុនអាហារ…
រាជធានីភ្នំពេញ, ថ្ងៃទី ៣ ខែមករា ឆ្នាំ ២០២៦ ៖ ណេសត្លេ (NESTLÉ) ជាក្រុមហ៊ុនអាហារ…
រាជធានីភ្នំពេញ, ថ្ងៃទី ៣ ខែមករា ឆ្នាំ ២០២៦ ៖ ណេសត្លេ (NESTLÉ) ជាក្រុមហ៊ុនអាហារ និង ភេសជ្ជៈ ឈានមុខគេលើពិភពលោក ដែលមានទីស្នាក់ការកណ្តាលនៅប្រទេសស្វីស បានប្រកាសដោយមោទនភាព អំពីការបើកដំណើរការយុទ្ធនាការ NESCAFÉ CARAVAN នៅក្នុងប្រទេសកម្ពុជា ដើម្បីអបអរសាទរឆ្នាំថ្មី ឆ្នាំ ២០២៦ ។ យុទ្ធនាការផ្សព្វផ្សាយដ៏ធំមួយនេះនឹងធ្វើដំណើរឆ្លងកាត់ទូទាំង ២៥ ខេត្តក្រុង ក្នុងប្រទេសកម្ពុជា ដោយនាំមកជាមួយណេសកាហ្វេ (NESCAFÉ) ដែលជាម៉ាកកាហ្វេដ៏ល្បីល្បាញ និងមានរសជាតិឈ្ងុយឆ្ងាញ់ជូនទៅកាន់ប្រជាជនកម្ពុជា ដើម្បីសាកល្បងរសជាតិដោយផ្ទាល់ ។ យុទ្ធនាការនេះផងដែរ ជាគោលដៅដ៏មុតមាំរបស់ក្រុមហ៊ុនណេសត្លេ (NESTLÉ) ដែលនឹងធ្វើឡើងមួយឆ្នាំពេញ ហើយក្នុងនោះ ណេសកាហ្វេ (NESCAFÉ) នឹងផ្តល់ជូននូវកាហ្វេសរុបចំនួនមួយលានកែវ ទៅកាន់អ្នកគាំទ្រ និងអ្នកចូលចិត្តទទួលទានកាហ្វេទូទាំងប្រទេស ដើម្បីបានភ្លក្សរសជាតិដ៏ឈ្ងុយឆ្ងាញ់នេះ ។

គុណភាពលំដាប់ពិភពលោក ជាមួយកេរ្តិ៍ឈ្មោះដែលទទួលបានទំនុកចិត្តខ្ពស់ ៖ ក្នុងនាមជាម៉ាកកាហ្វេលំដាប់លេខមួយរបស់ពិភពលោក និងជាម៉ាកកាហ្វេដែលប្រជាជនកម្ពុជាពេញនិយម ណេសកាហ្វេ មានបទពិសោធន៍ជាង ៨០ឆ្នាំក្នុងការផលិតកាហ្វេដែលមានគុណភាពខ្ពស់ និងរសជាតិឈ្ងុយឆ្ងាញ់ សម្រាប់អតិថិជនគ្រប់រូប ។ មិនត្រឹមតែប៉ុណ្ណោះរៀងរាល់វិនាទី យ៉ាងហោចណាស់ ណេសកាហ្វេ ចំនួន ៥៥០០កែវ ត្រូវបានទទួលទានដោយការពេញចិត្តពីសំណាក់ប្រជាជនទូទាំងសកលលោក ដែលនេះជាភ័ស្តុតាងបង្ហាញពីទំនុកចិត្តជាសកល និងការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ ណេសកាហ្វេ(NESCAFÉ) ទៅលើគុណភាព និងកេរ្តិ៍ឈ្មោះរបស់ខ្លួន ។

លោក Stephen Knight នាយកគ្រប់គ្រងក្រុមហ៊ុន Nestlé Co., Ltd.ប្រចាំប្រទេស កម្ពុជា មានប្រសាសន៍ថា ៖ «ណេសកាហ្វេ (NESCAFÉ) គឺជាម៉ាកកាហ្វេលំដាប់ពិភពលោកមកពីប្រទេសស្វីស ដែលទទួលបានទំនុកចិត្ត និងការពេញនិយមពីសំណាក់អតិថិជនដល់ទៅ ១៨០ ប្រទេសទូទាំងសកលលោក» ។ លោកក៏បានបន្តទៀតថា «រយៈពេលជាងពីរទសវត្សរ៍មកហើយ ដែលណេសកាហ្វេ(NESCAFÉ) បានបម្រើអតិថិជននៅកម្ពុជា និងផ្តល់ភាពរីករាយដល់អ្នកទទួលទានកាហ្វេទាំងអស់ ជាមួយនឹងម៉ាកកាហ្វេដែលមានរសជាតិឆ្ងាញ់ ផលិតផលដែលមានភាពច្នៃប្រឌិត និងបទពិសោធន៏ជាក់ស្តែងពីការទទួលទានកាហ្វេ ។ រាល់កែវកាហ្វេនីមួយៗ បានផ្តល់នូវរសជាតិ និងគុណភាពស្តង់ដាពិភពលោកពីណេសកាហ្វេ (NESCAFÉ) ដើម្បីធានាថា អតិថិជនរបស់យើងនៅក្នុងប្រទេសកម្ពុជា នឹងទទួលបាននូវរសជាតិកាហ្វេដែលល្អឥតខ្ចោះ ដូចគ្នាទៅនឹងអ្នកដែលកំពុងទទួលទាន ណេសកាហ្វេ (NESCAFÉ) នៅជុំវិញពិភពលោកផងដែរ» ។

ណេសកាហ្វេ (NESCAFÉ)មានកេរ្តិ៍ឈ្មោះល្អ និងទទួលបានទំនុកចិត្តខ្ពស់ពីអតិថិជនជាច្រើនទសវត្សរ៍មកហើយ ដោយសារចង្វាក់ផលិតកម្មដែលមានគុណភាពខ្ពស់ និងដូចៗគ្នាគ្រប់ប្រទេសទូទាំងពិភពលោក ។ ហេតុនេះហើយ ដែលធ្វើអោយណេសកាហ្វេ (NESCAFÉ) នៅតែជាម៉ាកកាហ្វេដែលឈានមុខគេលើទីផ្សារសកល និងនៅតែជាម៉ាកតំណាងអោយភាពជឿជាក់ដល់អតិថិជន ។

យុទ្ធនាការរថយន្តចល័តរបស់ណេសកាហ្វេ (NESCAFÉ CARAVAN) នេះមិនមែនគ្រាន់តែជាការអបអរសាទរប៉ុណ្ណោះទេ ប៉ុន្តែជាការអញ្ជើញប្រជាជនកម្ពុជាគ្រប់រូបក្នុងការចាប់ផ្តើមឆ្នាំថ្មីជាមួយម៉ាកកាហ្វេឈានមុខគេ លំដាប់ពិភពលោក ។ រថយន្តចល័តរបស់យើងនឹងធ្វើដំណើរទៅកាន់ ទីតាំងដែលមានចរាចរណ៍មនុស្សច្រើន រួមមានផ្សារធំៗ ផ្សារសហគមន៍ត្រីបន្លែ និងតំបន់ពាណិជ្ជកម្មសំខាន់ៗជាច្រើនក្នុងប្រទេសកម្ពុជា ។ ឡាន និងតុកតុកដែលបានរចនាជាមួយម៉ាក ណេសកាហ្វេ (NESCAFÉ) និងជាតំណាងរបស់យុទ្ធនាការនេះ នឹងផ្តល់ជូនកាហ្វេរសជាតិឆ្ងាញ់ដល់អតិថិជន ក៏ដូចជាអាជីវករក្នុងផ្សារ ដើម្បីបង្កើតបទពិសោធន៍ដ៏រីករាយរួមគ្នា និងអនុស្សាវរីយ៍ល្អៗនៅក្នុងសហគមន៍ ។ នៅតាមទីតាំងមួយចំនួន ក៏នឹងមានការចូលរួមពីសំណាក់តារាដែលមានឥទ្ធិពលលើបណ្ដាញសង្គមអនឡាញដូចជា លោក សុធារិទ្ធ និង កញ្ញា វ៉ាន់លិញ ដើម្បីបង្កើនភាពរីករាយ និងភ្ជាប់ទំនាក់ទំនងកាន់តែជិតស្និតជាមួយយុវវ័យនៅទីនោះផងដែរ ។
អតិថិជនទាំងអស់ត្រូវបានលើកទឹកចិត្តក្នុងការចូលរួមយុទ្ធនាការ NESCAFÉ CARAVAN នេះនៅតាមផ្សារនានា ដើម្បីទទួលបាននូវបទពិសោធន៍រសជាតិកាហ្វេដ៏ឈ្ងុយឆ្ងាញ់ និងមានគុណភាពខ្ពស់លំដាប់ពិភពលោកនេះមុនគេ ។

អំពីក្រុមហ៊ុន ណេសត្លេ (NESTLÉ) ក្នុងប្រទេសកម្ពុជា
ណេសត្លេ (NESTLÉ) ជាក្រុមហ៊ុនអាហារ និងភេសជ្ជៈធំជាងគេបំផុតនៅលើពិភពលោក ដែលមានវត្តមាននៅក្នុងប្រទេស ចំនួន ១៨៥ និងមានបុគ្គលិកចំនួន ២៧៧,០០០ នាក់ ដែលរួមគ្នាខិតខំប្រឹងប្រែង ក្នុងការលើកកម្ពស់គុណភាពជីវិតសម្រាប់អ្នកប្រើប្រាស់ទាំងអស់ ។ ជាមួយនឹងផលិតផលច្រើនជាង ២០០០មុខ ក្នុងនោះក៏រួមបញ្ចូល ផលិតផលម៉ាកល្បីៗលំដាប់ ពិភពលោកដូចជា NESCAFÉ, NESPRESSO និង MAGGI ក្រុមហ៊ុន ណេសត្លេ (NESTLÉ) មានការប្តេជ្ញាចិត្តយ៉ាងមុតមាំ គោរពតាមយុទ្ធសាស្ត្រ របស់ខ្លួនគឺ “ល្អសម្រាប់អ្នក ល្អសម្រាប់ភពផែនដី” ។ ក្រុមហ៊ុនដែលកំពុងប្រតិបត្តិការក្នុងប្រទេសកម្ពុជា ជាក្រុមហ៊ុនដែលគ្រប់គ្រងដោយផ្ទាល់ ពីក្រុមហ៊ុនណេសត្លេ (NESTLÉ) ក.អ របស់ប្រទេសស្វីស ដើម្បីផ្តល់ជូនប្រជាជនកម្ពុជានូវផលិតផលណេសកាហ្វេ (NESCAFÉ) ជាច្រើនប្រភេទដូចជា៖ BLEND & BREW, RED CUP, AMERICANO, GOLD និង ភេសជ្ជៈកាហ្វេលាយស្រាប់ជាច្រើនប្រភេទ ៕ អត្ថបទសហការ
សម្រាប់ព័ត៌មានបន្ថែម៖
បណ្តាញសង្គម Facebook ៖ NESCAFÉ Cambodia


ចែករំលែកព័តមាននេះ