ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកវិភាគ សហជីព និង​នាយក​សាលា​បច្ចេកទេស ​ថា ការ​វិល​ត្រឡប់​របស់​វីរ​កងទ័ព​ទាំង ១៨​រូប គឺជា​ជោគជ័យ ​នៃ​នយោបាយ​ការទូត​របស់​រាជរដ្ឋាភិបាល​កម្ពុជា ​ជាមួយ​ប្រទេស​ថៃ

4 ម៉ោង មុន

រាជធានី​ភ្នំពេញ​ ៖ អ្នកវិភាគ សហជីព និង​នាយក​សាលា​បណ្តុះបណ្តាល​បច្ចេកទេស បាន​លើក​ឡើង​ដូច​ៗ​គ្នា​ថា ការ​ដែល​យោធា​ថៃ​ដោះ​លែង​វីរ​កងទ័ព​កម្ពុជា​ទាំង ១៨​រូប គឺជា​ការ​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​តែងតែ​គិតគូរ…

រាជធានី​ភ្នំពេញ​ ៖ អ្នកវិភាគ សហជីព និង​នាយក​សាលា​បណ្តុះបណ្តាល​បច្ចេកទេស បាន​លើក​ឡើង​ដូច​ៗ​គ្នា​ថា ការ​ដែល​យោធា​ថៃ​ដោះ​លែង​វីរ​កងទ័ព​កម្ពុជា​ទាំង ១៨​រូប គឺជា​ការ​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​តែងតែ​គិតគូរ និង​យកចិត្តទុកដាក់​អំពី​សុខទុក្ខ​របស់​ពួក​គាត់ ហើយ​ក៏​ជា​ជោគជ័យ​នៃ​នយោបាយ ​ការទូត​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ជាមួយ​ប្រទេស​ថៃ ផង​ដែរ​ ។

ការ​លើក​ឡើង​នេះ ស្រប​ដែល​វីរ​កងទ័ព​កម្ពុជា​ទាំង ១៨​រូប ត្រូវ​បាន​យោធា​ថៃ​ដោះ​លែង​មក​ដល់​ប្រទេស​កម្ពុជា​វិញ​ហើយ នៅ​ព្រឹក​ថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ​២០២៥​នេះ បន្ទាប់​ពី​ត្រូវ​បាន​ចាប់ខ្លួន និង​ដាក់​ឱ្យ​ស្ថិត​ក្រោម​ការ​ឃុំគ្រង​របស់​យោធា​ថៃ ​ចំនួន ១៥៥​ មក​ហើយ​ ។

លោក ថុ​ង ម៉េ​ង​ដា​វិត អ្នកវិភាគ​ភូមិសាស្ត្រ​នយោបាយ និង​សន្តិសុខ​អន្តរជាតិ មាន​ប្រសាសន៍​ថា ការ​យល់ព្រម​ដោះ​លែង​ទាហាន​ខ្មែរ​ទាំង ១៨​រូប មក​កម្ពុជា​វិញ គឺជា​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​យកចិត្តទុកដាក់​ជា​ខ្លាំង​ទៅ​លើ​សុវត្ថិភាព និង​ភាព​ស្របច្បាប់​ក្នុង​ការ​ជំរុញ​ថៃ​ឱ្យ​ដោះ​លែង​ទាហាន​ខ្មែរ​មក​វិញ ​។

លោក បាន​បន្ត​ថា ការ​ដោះ​លែង​នេះ​ផង​ដែរ ក៏​ជា​សញ្ញា​មួយ​នៃ​ការ​ប្តេជ្ញា​ចិត្ត​របស់​រដ្ឋាភិបាល​ថៃ ក្នុង​ការ​បន្ធូរបន្ថយ​ភាព​តានតឹង​តាម​បណ្តោយ​ព្រំដែន កាត់​បន្ថយ​ការ​ចំណាយ​ថវិកា​យោធា ​ដែល​ធ្វើសង្គ្រាម​ជាមួយ​កម្ពុជា មិន​ទទួល​បាន​ផល​ចំណេញ​អ្វី​ដល់​ប្រជាជន​ថៃ ក៏​ដូច​ជា​អាច​អនុញ្ញាត​ឱ្យ​រដ្ឋាភិបាល​ថៃ​រៀបចំ​ខ្លួន​សម្រាប់​ការ​បោះ​ឆ្នោត​នៅ​ខែកុម្ភៈ ឆ្នាំ​២០២៦ ខាង​មុខ​នេះ​ ។

រីឯ​លោក សំ សឿ​ន ប្រធាន​សហភាព​ពលកម្ម​ជាតិ​កម្ពុជា មាន​ប្រសាសន៍​ថា ការ​ដោះ​លែង​វីរ​កងទ័ព​ទាំង ១៨​រូប នៅ​ថ្ងៃនេះ គឺជា​ដំណឹង​ដ៏​ល្អ​មួយ​សម្រាប់​ប្រជាជាតិ​ខ្មែរ​ទាំងមូល ជា​ពិសេស​ក្រុម​គ្រួសា​របស់​ពួក​គាត់​តែ​ម្ដង ហើយ​នេះ​ស្ដែង​ឱ្យ​ឃើញ​ពី​ការ​ខិតខំ​ប្រឹងប្រែង និង​ការ​យកចិត្តទុកដាក់​ទាំង​យប់​ទាំង​ថ្ងៃ​របស់​រាជរដ្ឋាភិបាល ​។

មេ​សហជីព​រូប​នេះ បាន​បន្ថែម​ថា «​នេះ​ជា​ការ​ខិតខំ​ប្រឹងប្រែង និង​ការ​ទទួល​បា​នូវ​លទ្ធផល​យ៉ាង​ល្អ​ប្រសើរ​របស់​រាជរដ្ឋាភិបាល ក្នុង​ការ​ជួយ​ទៅ​ដល់​កងទ័ព​យើង ដែល​ត្រូវ​បាន​យោធា​ថៃ​ចាប់ខ្លួន​នា​ពេល​កន្លង​មកនេះ ហើយ​រាជរដ្ឋាភិបាល​តែងតែ​យកចិត្តទុកដាក់​ដល់​វីរ​កងទ័ព​ជួរ​មុខការ​ពារ​ព្រំដែន ក៏​ដូច​ជា​កងកម្លាំង​នគរបាល​ការពារ​ព្រំដែន ហើយ​ប្រជាពលរដ្ឋ​នៅ​តាម​បន្ទាត់​ព្រំដែន ក៏​ត្រូវ​បាន​រាជរដ្ឋាភិបាល​យកចិត្តទុកដាក់ ផង​ដែរ​»​ ។

ចំណែកឯ​លោក យ៉ោ​ក សុ​ទ្ធី នាយក​វិទ្យាស្ថាន​វិទ្យាស្ថាន​ជាតិ​បណ្តុះបណ្តាល​បច្ចេកទេស បាន​លើក​ឡើង​ដែរ​ថា ការ​ដែល​វីរ​កងទ័ព​កម្ពុជា​ទាំង ១៨​រូប ត្រូវ​បាន​យោធា​ថៃ​ដោះ​លែង​មក​វិញ​នេះ មិនមែន​ជា​រឿង​ចៃដន្យ​នោះ​ទេ តែ​ជា​ការ​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល និង​ការ​គិតគូរ​ពី​គ្រប់​មធ្យោបាយ​ទាំងអស់ ដើម្បី​ឱ្យ​ថៃ​ដោះ​លែង​ពួក​គាត់​ត្រឡប់​មក​វិញ ​។

លោក មាន​ប្រសាសន៍​ថា «​ការ​ត្រឡប់​មក​វិញ​នេះ មិនមែន​ជា​រឿង​ដោយ​ចៃដន្យ​ទេ គឺជា​រឿង​ដែល​យើង​ជឿជាក់​ទៅ​លើ​រាជរដ្ឋាភិបាល ដែល​មាន​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី ដែល​លោក​ទាំង​ពីរ​តែងតែ​គិតគូរ​ពិចារណា រក​វិធីសាស្ដ្រ រក​ដំណោះស្រាយ​ដើម្បី​ឱ្យ​បងប្អូន​វីរ​កងទ័ព​ទាំង ១៨​រូប បាន​ត្រឡប់​មក​វិញ​»​​។

លោក យ៉ោ​ក សុ​ទ្ធី បាន​បន្ថែម​ថា ការ​ខិតខំ​ប្រឹងប្រែង និង​ការ​គិតគូរ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន និង​សម្ដេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ក៏​ដូច​ជា​ថ្នាក់ដឹកនាំ​ដទៃ​ទៀត បាន​ធ្វើ​ឱ្យ​ប្រជាជន​ទាំងអស់​គ្នា​មាន​ភាព​ជឿជាក់​ទៅ​លើ​រាជរដ្ឋាភិបាល​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី ពីព្រោះ​ប្រទេស​កម្ពុជា​ចង់បាន​សន្តិភាព ដោយ​មិន​ត្រូវការ​សង្គ្រាម​នោះ​ទេ ​៕ អត្ថបទសហការ