រាជធានីភ្នំពេញ ៖ របបសង្គមរាស្ត្រនិយមរបស់ ព្រះបរមរតនកោដ្ឋ ព្រះករុណាព្រះបាទ សម្តេចព្រះនរោត្តម សីហនុ ត្រូវធ្វើរដ្ឋប្រហារថ្ងៃទី ១៨ ខែមីនា ឆ្នាំ ១៩៧០ បង្កឡើងដោយលោកសេនាប្រមុខ លន់ នល់ និងបក្ខពួក ។ ចំណែកលោក ប៉ុល ពត គឺជាមេដឹកនាំម្នាក់ក្នុងចំណោមក្រុមអ្នកតស៊ូទាំងឡាយ ក្នុងរង្វង់កងកម្លាំងខ្មែរក្រហមដែលធ្វើសង្គ្រាមប្រឆាំងជាមួយនឹងលោក លន់ នល់ ដែលបង្កើតរបបសាធារណរដ្ឋខ្មែរ ។ ថ្ងៃទី ១៧ ខែមេសា ឆ្នាំ ១៩៧៥ របបសាធារណរដ្ឋខ្មែររបស់លោក លន់ នល់ ត្រូវបានផ្តួលរំលំ ហើយ ប៉ុល ពត ពេលនោះបានក្លាយជាអគ្គលេខាបក្សដឹកនាំប្រទេស ដែលឋានៈស្មើនឹងនាយករដ្ឋមន្ត្រីក្នុងជំនាន់នោះ ។

ក្នុងរបបកម្ពុជាប្រជាធិបតេយ្យដឹកនាំដោយ ប៉ុល ពត រយៈពេល ៣ ឆ្នាំ ៨ ខែ ២០ ថ្ងៃ ដែលធ្វើឱ្យមានមនុស្សស្លាប់ជិត ៣ លាននាក់ ។ របបដ៏ឃោរឃៅខ្មៅងងឹត ទមិឡឥតសាសនាមួយនេះ ត្រូវបានកងកម្លាំងរបស់រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលពេលនេះជា “រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា” ដោយសហការជាមួយកងកម្លាំងស្ម័គ្រចិត្តវៀតណាម បានចូលមកជួយរំដោះប្រទេស និងប្រជាជនកម្ពុជាបានទាន់ពេលវេលា ជួយសង្គ្រោះប្រជាជនស្លូតត្រង់រាប់លាននាក់ពីការសម្លាប់ ដោយទទួលបានជ័យជំនះនៅថ្ងៃទី ៧ ខែមករា ឆ្នាំ ១៩៧៩ ។
នេះក៏ដោយសារកងទ័ពស្ម័ត្រចិត្តរបស់ប្រជាជនវៀតណាម បានឆ្លើយតមទាប់ពេលវេលាតាមការស្នើសុំរបស់កងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ទើបអាចជួយសង្គោះប្រជាជនកម្ពុជាឱ្យរួចផុតពីការសម្លាប់ ។ បន្ទាប់ពីទទួលបានជ័យជម្នះ កងទ័ពស្ម័គ្រចិត្តវៀតណាម បានបន្តជួយបណ្តុះបណ្តាលរហូតដល់កងទ័ពកម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ក្នុងការទប់ស្កាត់ការវិលត្រឡប់មកវិញនៃរបបប្រល័យពូជសាសន៍ ដែលបានរត់ទៅបន្តលាក់ខ្លួនតាមព្រំដែនកម្ពុជា-ថៃ និងបន្តធ្វើសង្គ្រាមនៅតាមព្រំដែនកម្ពុជា-ថៃ ប្រឆាំងនឹងកងកម្លាំងរដ្ឋាភិបាល ទើបកងទ័ពស្ម័គ្រចិត្តវៀតណាម សម្រេចចិត្តដកទ័ពចេញពីប្រទេសកម្ពុជាទាំងស្រុងនៅឆ្នាំ ១៩៨៩ ។

ដើម្បីស្វែងរកសន្តិភាពឱ្យទាំងស្រុងនៅកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ប្រធានគណបក្សប្រជាជនកម្ពុជា បានដាក់ចេញ និងអនុវត្តន៍នយោបាយឈ្នះ-ឈ្នះ ចាប់ផ្តើមពីថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ១៩៩៦ ដល់ថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ១៩៩៨ ដើម្បីកម្ចាត់អង្គការចាត់តាំងនយោបាយ និងកម្លាំងយោធាខ្មែរក្រហមទាំងស្រុងកុំឱ្យវិលត្រឡប់មកវិញ ។ នយោបាយឈ្នះ-ឈ្នះ នេះមានចំណុចសំខាន់ៗ ចំនួន ៣ គឺទី ១ ការធានាដល់អាយុជីវិត និងសុវត្ថិភាពរបស់អតីតគូបដិបក្ស ទី ២ ការផ្តល់ការងារ និងអាជីពដល់អ្នកដែលបានដាក់អាវុធ និងទី ៣ ការទទួលស្គាល់កម្មសិទ្ធិលើទ្រព្យ ជាពិសេសដី និងអគារដែលពួកគេកាន់កាប់ ។
សូមរំលឹកផងដែរថា ប្រទេសកម្ពុជាដែលពីមុនជាប្រទេសមួយត្រូវទទួលរងការហ៊ុមព័ទ្ធ និងដាក់ឱ្យនៅឯកោទាំងខាងនយោបាយ និងសេដ្ឋកិច្ចនាសម័យសង្គ្រាមត្រជាក់ ប៉ុន្តែពេលនេះបានក្លាយជាប្រទេសមួយដែលកំពុងធ្វើសមាហរណខ្លួនយ៉ាងសកម្មទៅក្នុងរចនាសម្ព័ន្ធ និងនិម្មាបនកម្មតំបន់ និងពិភពលោក និងជាប្រទេសដែលកំពុងតែដើរតួនាទីយ៉ាងសកម្មដោយឈរស្មើសិទ្ធិ និងស្មើភាព ក្នុងគ្រប់កិច្ចការតំបន់ និងនៅលើឆាកអន្តរជាតិ ។ ទាំងអស់នេះសរបញ្ជាក់ឱ្យឃើញថា ក្រោយថ្ងៃជ័យជម្នះនាថ្ងៃទី ៧ ខែមករា ឆ្នាំ ១៩៧៩ និងការអនុវត្តនយោបាយឈ្នះ-ឈ្នះ បាននាំប្រទេសកម្ពុជាឱ្យសម្រេចបាននូវការបញ្ចប់សង្គ្រាមទាំងស្រុង និងការកសាងបាននូវសន្តិភាព និងឯកភាពជាតិពេញលេញ ឈានទៅរកការរីកចម្រើន និងការអភិវឌ្ឍជាបន្តបន្ទាប់ ។ រាជរដ្ឋាភិបាលបានកំណត់យកថ្ងៃទី ២៩ ខែធ្នូ ជារៀងរាល់ឆ្នាំជា «ទិវាសន្តិភាពនៅកម្ពុជា» ដែលជាថ្ងៃបុណ្យជាតិផ្លូវការរបស់ជាតិ ។

ថ្លែងក្នុងពិធីជប់លៀងអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៨០ ទិវាបុណ្យឯករាជ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម (ថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ១៩៤៥ – ថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ២០២៥) នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០២៥ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាបានគូសបញ្ជាក់ថា ៖ កម្ពុជាផ្តល់សារៈសំខាន់ចំពោះទំនាក់ទំនងដ៏ជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរបស់ប្រទេសទាំងពីរ ដែលបាននិងកំពុងរីកចម្រើនលើគ្រប់វិស័យនិងគ្រប់កម្រិត ដោយឈរលើស្មារតី «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង» ។ ការទទួលបានឯករាជ្យគឺជាថ្ងៃចាប់ផ្តើមនៃយុគសម័យថ្មីដែលកំណត់ដោយភាពធន់ ការរួបរួមនិងក្តីសង្ឃឹម ។ ថ្ងៃឯករាជ្យជាតិរបស់វៀតណាមកាលពី ៨០ ឆ្នាំមុន មិនគ្រាន់តែសម្រាប់ប្រជាជនវៀតណាមប៉ុណ្ណោះទេ ប៉ុន្តែគឺជាកម្លាំងជំរុញសម្រាប់បណ្តាប្រជាជាតិក្នុងតំបន់អាស៊ីអគ្នេយ៍រួមទាំងកម្ពុជាផងដែរ ឱ្យងើបឈរឡើងតស៊ូ ដើម្បីឯករាជ្យពីអាណានិគមនិយម ។

សម្តេច ក៏បានគូសរំលេចបន្ថែមទៀតថា ចាប់តាំងពីការភ្ជាប់ទំនាក់ទំនងការទូតរបស់ប្រទេសទាំងពីរជាផ្លូវការនៅឆ្នាំ ១៩៦៧ មក ប្រជាជនកម្ពុជា និងវៀតណាម រក្សាបានទំនាក់ទំនងមិត្តភាពកក់ក្តៅ និងភាពជាដៃគូដ៏ល្អប្រសើរ ។ ចំណងមិត្តភាពជាប្រពៃណីនេះត្រូវបានបន្តពូនជ្រុំដោយថ្នាក់ដឹកនាំគ្រប់ជំនាន់នៃប្រទេសទាំងពីរ ចាប់តាំងពីសម័យព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ជាមួយអតីតថ្នាក់ដឹកនាំបក្ស និងរដ្ឋាភិបាលវៀតណាម រហូតមកដល់ថ្នាក់ដឹកនាំបច្ចុប្បន្ន ។ ស្របពេលដែលទំនាក់ទំនងដ៏ជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងវៀតណាម មានការរីកចម្រើនជាលំដាប់ ប្រទេសទាំងពីរនៅតែចងចាំជានិច្ចនូវការជួយគាំទ្រគ្នាទៅវិញទៅមកក្នុងអតីតកាល ។ លោកបញ្ជាក់ថា នោះគឺក្នុងគ្រាដែលប្រជាជនកម្ពុជាបានលះបង់ និងគាំទ្រប្រទេសវៀតណាមក្នុងការតស៊ូដើម្បីបុព្វហេតុនៃការបង្រួបបង្រួមទឹកដី និងឯករាជ្យរបស់វៀតណាម និងការលះបង់របស់កងទ័ពស្ម័គ្រចិត្ត និងប្រជាជនវៀតណាម ក្នុងការផ្តួលរំលំ និងជួយរំដោះប្រជាជនកម្ពុជា ចេញពីរបបប្រល័យពូជសាសន៍ ជួយទប់ស្កាត់ការវិលត្រឡប់នៃរបបប្រល័យពូជសាសន៍ និងជួយកម្ពុជាកសាងប្រទេសឡើងវិញ ។ នេះ គឺជាសច្ចភាពប្រវត្តិសាស្ត្រដែលគ្មានកម្លាំងប្រតិកិរិយាណាមួយអាចប្រែក្រឡាស់បានឡើយ ។

ទំនាក់ទំនងកម្ពុជា-វៀតណាម ដែលបានកសាងឡើង ឈរលើមូលដ្ឋាននៃការគោរពគ្នាទៅវិញទៅមក ជួយគ្នាទៅវិញទៅមក បានផ្តល់ផលប្រយោជន៍សម្រាប់ប្រទេសនិងប្រជាជនទាំងពីរ ក៏ដូចជាបានចូលរួមចំណែកយ៉ាងសំខាន់ដល់ការថែរក្សាសន្តិភាព ស្ថិរភាព ការអភិវឌ្ឍប្រកបដោយចីរភាព និងវិបុលភាពនៅក្នុងតំបន់ ។ ប្រទេសទាំងពីរបាននិងកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នា និងគាំទ្រគ្នាទៅវិញទៅមកក្នុងក្របខ័ណ្ឌតំបន់ និងអន្តរជាតិ រួមទាំងអង្គការសហប្រជាជាតិ អាស៊ាន និងក្របខ័ណ្ឌអនុតំបន់ផ្សេងទៀត ដែលមិនត្រឹមតែបម្រើផលប្រយោជន៍រួមរបស់ប្រទេសយើងទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់សន្តិភាព សន្តិសុខ ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនៅទូទាំងពិភពលោក ។ នេះគឺជាសច្ចភាពប្រវត្តិសាស្ត្រដែលគ្មានកម្លាំងប្រតិកិរិយាណាមួយអាចប្រែក្រឡាស់បានឡើយ ៕ អត្ថបទសហការ
ដោយ ៖ អ៊ុច លាង អ្នកសិក្សាស្រាវជ្រាវនៃនាយកដ្ឋានសិក្សាអាស៊ី អាហ្វ្រិក និងមជ្ឈិមបូព៌ា នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា និងជាប្រធានសមាគមអតីតនិស្សិតកម្ពុជាមកពីប្រទេសវៀតណាម



ចែករំលែកព័តមាននេះ