ខេត្តតាកែវ ៖ នំក្រៀបជានំមួយប្រភេទមានភាពងាយស្រួលនិងមានការនិយមចូលចិត្តហូបពីប្រជាពលរដ្ឋខ្មែរ ដោយមានរសជាតិផ្អែមឈ្ងុយឆ្ងាញ់ ។ ប្រជាពលរដ្ឋមួយចំនួនបានចាប់យកមុខរបរធ្វើនំក្រៀបដើម្បីចិញ្ចឹមជីវិត ។បុរសឈ្មោះយន់ រស់នៅភូមិគោកកញ្ចាប ឃុំពោធិ៍រំចាក ស្រុកព្រៃកប្បាស ខេត្តតាកែវរៀបរាប់ឱ្យដឹងថា គាត់និងប្រពន្ធចាប់អាជីពជាអ្នកធ្វើនំក្រៀបបន្តពីឪពុកម្ដាយអស់រយៈពេលជាង១០ឆ្នាំមកហើយ។ របរធ្វើនំក្រៀបនេះ ចាប់កំណើតអស់រយៈពេលជាយូរឆ្នាំកន្លងទៅហើយជាមួយក្រុមគ្រួសាររបស់គាត់ ព្រោះជីដូនជីតារបស់គាត់ក៏ជាអ្នកដែលប្រកបមុខរបរចិញ្ចឹមជីវិតដោយសារតែលក់នំក្រៀបនេះដែរ ។
លោកយន់បញ្ជាក់ថា នំក្រៀបនេះធ្វើឡើងពីអង្ករដំណើបដែលគាត់ធ្វើម្ដងចំនួនប្រាំគីឡូក្រាម ហើយទទួលបាននំចំនួនពី១០០ទៅ២៥០នំ ទៅតាមទំហំរបស់នំធំ ឬតូច ។ការចាប់ផ្ដើមដំបូងគឺយកអង្ករទៅត្រាំជាមួយទឹកធម្មតា រួចដាក់ចំហុយរហូតដល់ឆ្អិន ទើបយកទៅបុកលាយជាមួយស្ករត្នោត១,៥គីឡូក្រាមសម្រាប់អង្ករ៥គីឡូក្រាម ។ បន្ទាប់ពីបុកម៉ដ្ឋហើយយកទៅផលិតឱ្យចេញជានំតែម្ដង។ ការផលិតគឺយកម្សៅនំដែលបុករួចទៅសង្កត់ឱ្យក្លាយជានំដោយនំនីមួយៗដែលមិនទាន់ឆ្អិន គឺមានទំហំ២សង់ទីម៉ែត្រការេ។ ក្នុងពេលសង្កត់គឺគេត្រូវយកខ្លាញ់ជាមួយនឹងពងទា ឬពងមាន់ យកតែចំណែកក្រហមដែលស្ងោរឆ្អិន លាបដៃ នឹងដងត្រល់សម្រិតនំនោះកុំឱ្យជាប់ស្អិតទៅដោយម្សៅនំ ។ នៅពេលដែលម្សៅនំនោះរឹតរួចរាល់ហើយ ត្រូវយកទៅហាលថ្ងៃប្រហែលជា១ម៉ោងទៅ២ម៉ោងទើបយកនំនោះទៅឆ្អើរជាមួយភ្លើងម្ដងទៀតទើបជាការស្រេច។
លោកភឿក គាត ជាអ្នកជិតខាងនិងជាអ្នកប្រកបមុខរបរធ្វើនំក្រៀបដែរឱ្យដឹងថា នំដែលគាត់ធ្វើហើយតែងតែលក់ទៅតាមបណ្តាភូមិនានាស្ថិតនៅជិតខាង ជាពិសេសនោះគឺលក់នៅតាមពិធីបុណ្យទានផ្សេងៗ ព្រោះមានអ្នកនិយមចូលចិត្តហូបនំក្រៀបនេះណាស់ ។ប្រភពដដែលបញ្ជាក់ថា ក្នុងអង្ករចំនួន៥គីឡូក្រាមគាត់ទទួលប្រាក់ចំណេញពី១៥.០០០ទៅ២០.០០០រៀល ។ ដោយសារមុខរបរនេះធ្វើឱ្យជីវភាពក្រុមគ្រួសាររបស់គាត់បានរីកចម្រើនមួយកម្រិត ៕
ចែករំលែកព័តមាននេះ