ខេត្តបន្ទាយមានជ័យ ៖ ក្មេងប្រុសស្រី៣នាក់បានលង់ទឹកប្រឡាយស្លាប់ ក្រោយពេលបាត់ខ្លួនរយៈពេលជាងកន្លះម៉ោង កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥កន្លងទៅ នៅក្នុងទឹកប្រឡាយភូមិអន្លង់ថ្ងាន់ ឃុំបត់ត្រង់ ស្រុកមង្គលបុរី ។
លោក សៃ ឡៅ មេឃុំបត់ត្រង់ បានឲ្យដឹងថា ក្មេងប្រុសស្រីទាំង៣នាក់ដែលលង់ទឹកស្លាប់នេះ មាន ៖
១-ឈ្មោះ ឆាយ សុជាតា ភេទស្រី អាយុ៥ឆ្នាំ ។
២-ឈ្មោះ រ៉េន សុផា ភេទប្រុស អាយុ៣ឆ្នាំ
រស់នៅភូមិអន្លង់ថ្ងាន់ ឃុំបត់ត្រង់ ។
៣-ឈ្មោះ នឿម ឋានៈវ៉ាត់ ភេទប្រុស អាយុ២ឆ្នាំ រស់នៅភូមិបត់ត្រង់ ឃុំបត់ត្រង់ ។
លោកមេឃុំ បន្តថា ក្នុងចំណោមក្មេងទាំង៣នាក់ដែលលង់ទឹកប្រឡាយស្លាប់នេះ មាន២នាក់រស់នៅជាមួយជីដូន ព្រោះឪពុកម្តាយទៅធ្វើការនៅប្រទេសថៃ និងម្នាក់ទៀតនៅជាមួយឪពុកម្តាយ ។ ពួកគេទាំង៣នាក់នៅលេងជាមួយគ្នា ស្រាប់តែបាត់ក៏តាមរកតែមិនឃើញទើបមានការឆោឡោឡើង ហើយអ្នកជិតខាងជួយរកក្នុងស្រះក្បែរផ្ទះមិនឃើញទៀត ក៏ទៅរាវរកនៅក្នុងប្រឡាយដែលចម្ងាយពីផ្ទះជាង៥០ម៉ែត្រ ទើបប្រទះឃើញ និងស្រង់ឡើងគោក តែពួកគេទាំង៣នាក់បានស្លាប់ទៅហើយ ។
ក្រោយពេលរកសាកសពក្មេងប្រុសស្រីទាំង៣នាក់ឃើញហើយ សមត្ថកិច្ចបានធ្វើកោសល្យវិច័យ និងបង្ហាញថាពួកគេពិតជាស្លាប់ដោយលង់ទឹកមែន មិនមានអ្វីផ្សេងពីនេះឡើយ ។ នៅពេលពិនិត្យរួចហើយ ក៏បានប្រគល់សពឲ្យក្រុមគ្រួសារដើម្បីរៀបចំធ្វើបុណ្យទៅតាមប្រពៃណី នៅភូមិអន្លង់ថ្ងាន់ចំនួន២នាក់ និងនៅភូមិបត់ត្រង់ម្នាក់ ៕





ចែករំលែកព័តមាននេះ