រាជធានីភ្នំពេញ ៖ សម្តេចបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ថា ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ គឺជាកាលានុវត្តភាពថ្មីដ៏សំខាន់មួយ ដើម្បីបង្ហាញពីផលប៉ះពាល់ លើការឆ្លើយតបនឹងមេរោគអេដស៍ ។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងលើបណ្តាញសង្គម នៅថ្ងៃទី១ ធ្នូ ឆ្នាំ២០២៥ បានចាត់ទុកការប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ គឺជាកាលានុវត្តភាពថ្មីដ៏សំខាន់មួយ ដើម្បីបង្ហាញពីផលប៉ះពាល់លើការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ ជាមួយការប្រឈមថ្មីនានា រួមទាំងការកាត់បន្ថយថវិកាពីអ្នកផ្តល់ជំនួយអន្តរជាតិក៏ដូចជា ដើម្បីបង្ហាញពីចីរភាព និងភាពធន់របស់ប្រទេស និងសហគមន៍ដែលក្រោកឈរយ៉ាងរឹងមាំ ក្នុងការការពារសមិទ្ធផលសម្រេចបាន ព្រមទាំងជំរុញការឆ្លើយតបនឹងមេរោគអេដស៍ឈានឆ្ពោះទៅសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព នៅឆ្នាំ២០៣០ ។

ទន្ទឹមនេះ សម្ដេចធិបតី បានគូសបញ្ជាក់ថា ប្រធានបទឆ្នាំនេះ«យកឈ្នះការរំខានបរិវត្តកម្មឆ្លើយតបនឹងជំងឺអេដស៍» ដែលមានន័យសំខាន់ក្នុងការជំរុញឱ្យសង្គមខិតខំប្រឹងប្រែង បន្តការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ឱ្យកាន់តែមានប្រសិទ្ធភាព និងមានភាពរឹងមាំជាងមុន ។
ការរំខានដូចជា ការរើសអើង ការមាក់ងាយចំពោះអ្នកផ្ទុកមេរោគអេដស៍ ប្រជាជនគន្លឹះ កង្វះការយល់ដឹង ត្រឹមត្រូវពីប្រជាពលរដ្ឋ កង្វះធនធាន ឬកង្វះការយកចិត្តទុកដាក់របស់អ្នកពាក់ព័ន្ធដែលតម្រូវឱ្យយើងទាំងអស់ ពង្រឹងកិច្ចសហការគ្រប់តួអង្គ ដើម្បីគាស់រំលើងឧបសគ្គទាំងនោះ ហើយជំរុញឱ្យមានបរិវត្តកម្ម ឬការផ្លាស់ប្តូរដ៏វិជ្ជមានមួយក្នុងការដឹកនាំ គ្រប់គ្រង និងបង្ការជំងឺអេដស៍ ។
ការយកឈ្នះការរំខាន គឺជាគន្លងដ៏សំខាន់ក្នុងការអភិវឌ្ឍវិធានការ ឆ្លើយតបនឹងមេរោគអេដស៍និងជំងឺអេដស៍ ប្រកបដោយប្រសិទ្ធភាពនិងសក្តិសិទ្ធិភាព សមស្របតាមការប្រែប្រួល របស់សង្គម សេដ្ឋកិច្ច និងបច្ចេកវិទ្យា៕
ចែករំលែកព័តមាននេះ